បទវិភាគ
និយាយ​រឿង​នយោបាយ នាំ​ខ្មាស​គេ បើ​សូម្បីតែ​ការចុះឈ្មោះ​បោះឆ្នោត មិន​ព្រមទៅ​! ​
15, Nov 2016 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពលរដ្ឋ​មួយចំនួនធំ បានត្រឹមតែ​បញ្ចេញ​ទ្រឹស្តី​នយោបាយ ក្នុងការ​ទិតៀន​គ្នា​ទៅវិញទៅមក​។ អ្នកខ្លះ រិះគន់​បក្ស​កាន់អំណាច ហើយ​បង្ហាញ​ជំហរ​គាំទ្រ​បក្សប្រឆាំង​។ រីឯ​អ្នក​ខ្លះទៀត លើកតម្កើង​គុណសម្បត្តិ​របស់​បក្ស​កាន់អំណាច​ក្នុងការ​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ ហើយ​សើចចំអក​ឲ្យ​បក្សប្រឆាំង​ថា បានតែ​រិះគន់ ដោយ​មិន​ព្រមធ្វើ​អ្វី​ដើម្បី​ប្រយោជន៍​ជាតិ​។ មើលទៅ​! ម្នាក់ៗ ដូចជា​ស្រឡាញ់​ជាតិ​ខ្លាំងណាស់​។ ប៉ុន្តែ ក្នុងចំណោម​ពលរដ្ឋ​ទាំងនោះ អ្នកខ្លះ ប្រហែលជា​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ផង ក៏​មិនដឹង​។


ការបោះឆ្នោត គឺជា​ធាតុ​ដ៏​សំខាន់​មួយ ក្នុងសង្គម​ប្រជាធិបតេយ្យ​។ ប្រជាពលរដ្ឋ មានឱកាស​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស តាមរយៈ​សន្លឹកឆ្នោតរ​បស់​ពួកគេ​។

នៅ​ប្រទេស​កម្ពុជា ការបោះឆ្នោត​ជា​សាកល ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់​៥​ឆ្នាំ​ម្តង​។ ការបោះឆ្នោត​ជា​សាកល គឺ​សំដៅលើ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។

ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ត្រូវតែទៅ​ចុះឈ្មោះ​បោះឆ្នោត​ជាមុនសិន​។ និយាយ​ត្រឡប់មកវិញ បើ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទេ ប្រជាពលរដ្ឋ មិនអាច​ត្រូវបាន​អនុញ្ញាត ឲ្យ​បោះឆ្នោត​ជាដាច់ខាត​។ 

បើ​គិត​ទៅ រយៈពេល​៥​ឆ្នាំ ទើប​ប្រជាពលរដ្ឋ​កម្ពុជា មានឱកាស​ម្តង ក្នុងការ​បោះឆ្នោត​ជ្រើសរើស​គណបក្សនយោបាយ ដែល​ខ្លួន​ពេញចិត្ត​។ ថ្ងៃ​បោះឆ្នោត គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ ត្រូវ​ប្រើប្រាស់​សិទ្ធិ​និង​អំណាច ក្នុងការ​គាំទ្រ​ឬ​មិន​គាំទ្រ​ចំពោះ​អ្នកនយោបាយ តាមរយៈ​សន្លឹកឆ្នោត​។ ប្រជាពលរដ្ឋ អាច​បោះឆ្នោត ឲ្យ​អ្នកនយោបាយ​ណា ដែល​ជួយ​ជាតិ​និង​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​។ រីឯ​អ្នកនយោបាយ ដែល​បំផ្លាញ​ជាតិ ហើយ​គិតតែ​ប្រយោជន៍​បក្សពួក នឹងមិន​ត្រូវបាន​ប្រជាពលរដ្ឋ បោះឆ្នោត​គាំទ្រ​នោះទេ​។​

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​មួយចំនួនធំ បានត្រឹមតែ​ពោល​ពាក្យ​ថា «​ស្រឡាញ់​ជាតិ​»  នៅ​នឹង​មាត់​ប៉ុណ្ណោះ​។ ប៉ុន្តែ ពួកគេ មិន​ព្រម​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​ឡើយ ហើយ​នៅតែ​ព្រងើយកន្តើយ​នឹង​ការចុះឈ្មោះ​បោះឆ្នោត​ដដែល​។  

រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​មិនតិច​ទេ ដែល​មិនទាន់បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ យោងតាម​ទិន្នន័យ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មាន​ចំនួន​៩​លាន ៦​សែន​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​។ ក្នុងចំណោម ប្រជាពលរដ្ឋ​ទាំង​៩​លាន និង​៦​សែន ប្រជាពលរដ្ឋ ជាង​៧​លាន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដោយ​គិតពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​១៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​។​

ដោយឡែក ប្រជាពលរដ្ឋ​ជាង​២​លាន​កន្លះ​ទៀត មិនទាន់បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​ទេ  ខណៈ​កាលបរិច្ឆេទ​នៃ​ការបិទបញ្ជី​ចុះឈ្មោះ​បោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។ ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខ​នេះឯង​។

ថ្វីដ្បិតតែ ប្រជាពលរដ្ឋ ដែល​បោះបង់​ការចុះឈ្មោះ​បោះឆ្នោត មិនត្រូវ​បានដាក់​ទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់​ក៏ពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋ គប្បី​មាន​សេចក្តី​អៀនខ្មាស​ចំពោះ​ខ្លួនឯង និង​ចំពោះ​អ្នកដទៃ​។ បើ​សូម្បីតែ​ការចុះឈ្មោះ​ឆ្នោត ដែលជា​កាតព្វកិច្ច ក្នុងនាម​ជា​ពលរដ្ឋ  អ្នក​មិនអាច​បំពេញបាន​ផង តើ​អ្នកមាន​មុខមាត់​អ្វី​ទៅ​រិះគន់​អ្នកនយោបាយ ឬក៏​ទៅ​បញ្ចេញ​វោហារសាស្ត្រ​ខាង​នយោបាយ​បែបនេះ​ឬ​បែប​នោះ នៅ​ចំពោះមុខ​អ្នកដទៃ​?​។ 

៥​ឆ្នាំ មានតែ​ម្តង​ទេ​! តោះ ប្រញាប់​នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត កុំ​ឲ្យ​គេ​ដាស់តឿន​ច្រើនពេក​!


Tag:
 ទស្សនៈ​
 ​ បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com