ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ លើកលែងទោស​ឯកឧត្តម​កឹម សុខា​
02, Dec 2016 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូនេះ បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ​



ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី២ ខែធ្នូ​នេះ បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្ទ​ន្ទា​ទោស​ដាក់ពន្ធនាគារ ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន។

ព្រះរាជទាន​ទោស​នេះ ធ្វើឡើង​តាម​សំណើ​របស់ សម្តេច ហ៊ុន សែន ដែល​បានស្នើ​ទៅ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី២ ខែធ្នូ​នេះ​ដដែល។ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​​ដូច្នេះថា៖« សូម​ទ្រង់​ព្រះមេត្តាប្រោស​ព្រះរាជទាន​នូវ​ព្រះរាជក្រឹត្យ លើកលែងទោស​ឲ្យ​ទណ្ឌិត កឹម សុខា ដែល​ត្រូវបាន​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦»។

សូមបញ្ជាក់ថា សំណើ​រប​ស់ស​ម្តេច ហ៊ុន សែននេះ ធ្វើឡើង​មួយថ្ងៃបន្ទាប់ពី ឯកឧត្តម កឹម សុខា បានស្នើ​សុំ ទៅកាន់សម្តេច នាយក​រដ្ឋមន្ត្រី ឲ្យ​ស្នើ​ទៅ​ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​ខ្លួន ដើម្បី​រួមគ្នាដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ដែល​នៅ​សេសសល់។ នៅក្នុង​លិខិត ចុះ​ថ្ងៃទី១ ខែធ្នូ ឯកឧត្តម កឹម សុខា បានសរសេរថា៖« យើងទាំងអស់គ្នា​ជា​ខ្មែរ សុទ្ធតែ​ទទួលរង​នូវ​ការឈឺចាប់ និង​បាត់បង់​នូវ​អ្វី​ជាទី​ស្រឡាញ់​របស់​យើង​ជាច្រើន​មកហើយ។ ដូច​សម្តេច ធ្លាប់បាន​លើកឡើង​ថាប​ញ្ហា​របស់​ប្រទេសជាតិ​យើង​នៅមាន​សេសសល់​ជាច្រើន​ហើយ ដែល​យើង​ជា​ខ្មែរ​ជំនាន់​ក្រោយ ត្រូវតែ​រួបរួមគ្នា​ដោះស្រាយ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ»។

ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​រង​បទ​ចោទ «បដិសេធ​ក្នុងការ​ចូលខ្លួន» ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៥ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន៨សែន​រៀល កាលពី​ខែកញ្ញា ឆ្នាំ២០១៦ ៕





 

Tag:
 ហ៊ុន សែន
 កឹម សុខា
 លើកលែងទោស
© រក្សាសិទ្ធិដោយ thmeythmey.com