អន្តរជាតិ
ស្ត្រី​កាណាដា​អាយុ​៨០​ម្នាក់ ត្រូវ​ឆ្នោត​ប្រមាណ​៣៨​លាន​ដុល្លារ​អាមេរិក
04, Dec 2016 , 8:30 pm        
រូបភាព
ដោយ: ធីតា
 
​ស្ត្រី​ជនជាតិ​កាណាដា​ឈ្មោះ Lois Olsen បាន​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ដែលមាន​ចំនួន​៥០​លាន​ដុល្លារ​កាណាដា (​ប្រមាណ​៣៨​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែវិច្ឆិកា​កន្លងមក​។ ប៉ុន្តែ គាត់​ត្អូញត្អែរថា ខ្លួន​ដូចជា​ចាស់​ពេក​ហើយ​ក្នុងការ​សោយសុខ​លើ​មហា​សំណាង​នេះ​។​

 
«​ហេតុអ្វី​បានជា​វា​មិន​កើតឡើង​កាលពី​ជាង​២០ ទៅ​៣០​ឆ្នាំមុន ?»​។ លោកយាយ Lois Olsen និយាយ​ទាំង​ញញឹម ប៉ុន្តែ​ប​ង្ក្រ​ប់​នូវ​ការសោកស្តាយ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន បន្ទាប់ពី​គាត់​បាន​ត្រូវ​ឆ្នោត​រង្វាន់​ធំ ៥០​លាន​ដុល្លារ​កាណាដា ដែលមាន​ចំនួន​ប្រមាណ​៣៨​លាន​ដុល្លារ​អាមេរិក​។​
 
​កាលពី​ខែវិច្ឆិកា កន្លងមក លោកយាយ Olsen បាន​ទិញ​ឆ្នោត តាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅក្នុង​ហាង​ទំនិញ​នៅ​ក្រុង  Alberta ប្រទេស​កាណាដា​។ បន្ទាប់ពី​ទាញ​ក្រដាស​ចេញពី​ម៉ាស៊ីន គាត់​គិតថា​ឈ្នះ​១៥​ដុល្លារ​កាណាដា បន្ទាប់មក​គិតថា​ឈ្នះ​៥០០​ដុល្លារ​កាណាដា​។ ដោយមាន​ការភាន់ច្រលំ គាត់​បាន​ហៅ​នារី​ម្នាក់​ដែល​បម្រើការ​ក្នុង​ហាង​ឲ្យ​ជួយ​មើល​។​
 
«​ទេ​! លោកយាយ​បានឈ្នះ​រង្វាន់​៥០​លាន​ដុល្លារ​កាណាដា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នក​បម្រើការ​ក្នុង​ហាង​ទំនិញ ដែល​ដកស្រង់​ដោយ​កាសែត​កាណាដា CTV News​។​
 
​ក្នុង​វ័យ​៨០​ឆ្នាំ​ទៅហើយនោះ លោកយាយ Olsen ដែល​រស់នៅ​ភូមិ Irma ក្រុង Alberta បាន​បញ្ជាក់ថា គាត់​ចាស់​ពេក​ហើយ​ក្នុងការ​សោយសុខ​លើ​មហា​សំណាង​នេះ​។ គាត់​សម្រេច​យកលុយ​រង្វាន់​នេះ បែងចែក​ដល់​កូនចៅ​ទាំងអស់ ដោយ​គាត់​មានកូន​៣​នាក់ ចៅ​៩​នាក់ និង​ចៅទួត​៨​នាក់​។​
 
​ជាមួយគ្នានេះ​ផងដែរ លោកយាយ Olsen ចង់​ដូរ​រថយន្ត​ចាស់​ដែល​គាត់​ប្រើប្រាស់​១១​ឆ្នាំកន្លងមក​ផងដែរ​។ ទាក់ទង​នឹង​ការធ្វើដំណើរ​ទេសចរណ៍ លោកយាយ​មហា​សំណាង​ម្នាក់នេះ បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​ចង់ទៅ​អៀរ​ឡង់ ជាពិសេស​...៕

Tag:
 ឆ្នោត​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com