កីឡាជាតិ
លោកតា​អាយុ​៨៥​ឆ្នាំ​បាន​ដល់​គោលដៅ​លើ​ការ​ជិះ​កង់​១១៧​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​
04, Dec 2016 , 8:59 pm        
រូបភាព
ដោយ:
 
​លោកតា​វ័យ​៨៥​ឆ្នាំ​មកពី​រាជា​ធានី​ភ្នំពេញ​បានមក​ដល់​គោលដៅ​យ៉ាង​ជោគជ័យ​លើ​ការ​ជិះ​កង់​ចម្ងាយ​១១៧​គីឡូម៉ែត្រ​នា​ព្រឹត្តិការណ៍​ការប្រកួតប្រណាំង​កង់​ដើម្បី​កុមារ​អង្គរ​ប្រចាំឆ្នាំ​២០១៦ ដែល​ធ្វើឡើង​ក្នុង​ទឹកដី​អង្គរ ខេត្តសៀមរាប ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី​៣ ខែធ្នូ​។ ការប្រកួត​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​១៦ មាន​អត្ត​ព​លិ​កស​រុម​ទាំងអស់​ប្រមាណ​ជា​៦០០​នាក់​។

 
​លោក លុយ សុខុម អតីត​កីឡាករ​ជើងចាស់​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ ទោះបី​មិន​ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួតប្រណាំង​កង់​ដើម្បី​កុមារ​អង្គរ​លើក​ទី​១១ ប៉ុន្តែ​កីឡាករ​វ័យ​៨៥​ឆ្នាំ​រូបនេះ​មិនបាន​បោះបង់​ការប្រកួត​ពាក់កណ្តាល​ទី​លើ​ការ​ជិះ​កង់​ចម្ងាយ​១១៧​គីឡូម៉ែត្រ​របស់ខ្លួន​នោះឡើយ​។ អ្វី​កាន់តែ​អស្ចារ្យ​ជាង​នេះ គាត់​ថែមទាំង​បាន​ជិះ​មកដល់​គោល​យ៉ាង​ជោគជ័យ​ថែម​ទៀតផង ខណៈ​មាន​កីឡាករ​មួយចំនួន​បាន​បោះ​ពាក់កណ្តាល​ទី​។ 
 
​ទោះបី​មិន​ទទួលបាន​ជ័យលាភី ឬ​រង្វាន់​លើកទឹកចិត្ត​ពី​ការប្រកួត​ក៏ដោយ ប៉ុន្តែ​លោក លុយ សុខុម ហាក់ដូចជា​សម្តែង​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​ប្រកួត ដោយ​លោក​ជិះ​កង់​បណ្តើរ​ផ្លុំ​កញ្ចែ​ខ្មៅ​ដែល​ពាក់​ជាប់​នឹង ក បណ្តើរ​នៅពេល​ជិះ​ជិត​ដល់​មុខ​គណ​ក​ម្មាករ​រៀបការ​ប្រកួត​។ នេះ​មិនមែនជា​លើក​ទី​១​ឡើយ​សម្រាប់​កីឡាករ​វ័យ​៨៥​ឆ្នាំ​រូបនេះ ពោលគឺ​គាត់​តែងតែ​ចូលរួម​ព្រឹត្តិការណ៍​បែប​មនុស្សធម៌​នេះ​យ៉ាង​ហូរហែ​។ 
 
​លោកតា លុយ សុខុម មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ប៉ុន្តែ​បច្ចុប្បន្នកំពុង​រស់នៅក្នុង​រាជធានី​ភ្នំពេញ លោក​ជា​អតីត​ម្ចាស់​មេដាយមាស​កីឡា​ប្រណាំង​កង់​នា​ទស្សវត្សរ៍​ឆ្នាំ​១៩៦០​។ លោក​មិន​ត្រឹមតែ​ជា​កីឡាករ​ជិះ​កង់​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជា​កីឡាករ​រត់ប្រណាំង និង​ហែល​ទឹក​ដ៏​ល្បី​រូប​ផងដែរ ព្រោះ​លោក​បាន​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​កីឡា​តាំងពី​ឆ្នាំ​១៩៥៣​។ 
 
​លោក​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ក្នុង​ឆ្នាំ​១៩៥៩​។ នៅ​ឆ្នាំ​១៩៦០ លោក​បាន​ក្លាយជា​ម្ចាស់​មេដាយមាស​ការប្រណាំង​កង់​ថ្នាក់ជាតិ​ជា​លើកដំបូង​លើ​វិញ្ញាសា​ជិះ​ចម្ងាយ​១៧៥​គីឡូម៉ែត្រ​។ លុះដល់​ឆ្នាំ​១៩៦១ លោក​បាន​ចូលរួម​ប្រកួត​កម្រិត​អាស៊ី​នៅ​ប្រទេស​ជប៉ុន ដោយ​លោក​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​លើ​ចម្ងាយ​១៧៤​គីឡូម៉ែត្រ​ក្នុងចំណោម​កីឡាករ​ជាង​១០០​នាក់​។ 
 
​លើសពីនេះ​លោក​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា​នៅ​ឆ្នាំ​១៩៦២ លោក​បាន​ចូលរួម​ប្រកួតប្រណាំង​កង់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ជា​ក្រុម​លើ​វិញ្ញាសា​១៧០​គីឡូម៉ែត្រ​។ មិន​ត្រឹមតែ​ជា​កីឡាករ​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​គ្រូបង្វឹក​ជំនាញ​កីឡា​ជិះ​កង់​ម្នាក់​ផងដែរ​៕  





Tag:
 ប្រណាំង​កង់​ដើម្បី​អង្គរ​
  លុយ សុខុម
© រក្សាសិទ្ធិដោយ thmeythmey.com