បទយកការណ៍ / បទសម្ភាសន៍
យុវជនដែលស្រឡាញ់បរិស្ថាន នាំគ្នាទៅរើសសំរាមដែលអ្នកកោះកុងបោះចោល
×
កោះកុង៖ ការបោះចោលសំរាមចូលក្នុងទឹកសមុទ្រ បានក្លាយជាក្តីព្រួយបារម្ភរបស់ពលរដ្ឋ និងយុវជនដែលស្រឡាញ់បរិស្ថាន។ ច្រាំងសមុទ្រក្នុងខេត្តកោះកុង មានសំរាមយ៉ាងច្រើនអណ្តែតនៅក្រោយភោជនីយដ្ឋាននានា បានធ្វើឲ្យខ្សល់បរិសុទ្ធ ក្លាយជាខ្សល់ស្អុយទៅវិញ។ យុវជនជាច្រើន បានដើររើសសំរាមតាមមាត់សមុទ្របណ្តើរ និងរអ៊ូបណ្តើរ ចំពោះទម្លាប់អាក្រក់របស់ពលរដ្ឋ ដែលមិនចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
សំរាមយ៉ាងច្រើន បានអណ្តែតសំពោងលើផ្ទៃទឹក ខាងក្រោយផ្ទះ ភោជនីយដ្ឋាន និងសណ្ឋាគារជាប់ច្រាំងសមុទ្រនៅក្រុងខេរភូមិន្ទខេត្តកោះកុង។ បញ្ហានេះ បានជំរុញឲ្យយុវជនមានការព្រួយបារម្ភ ហើយពួកគេកំពុងដើររើសសំរាមទាំងនោះនៅលើសួនច្បារ និងច្រាំងសមុទ្រផងដែរ។ យុវជនទាំងជាង២០០នាក់ គឺសុទ្ធសឹងជាសិស្ស-និស្សិត មកពីស្ទើរគ្រប់២៥ខេត្តរាជធានី ដែលពួកគេបានមកដល់ខេត្តកោះកុង តាមរយៈកម្មវិធី«បោះជំរំយុវជនអង្គរលើកទី៨ ២០១៦» ដែលរៀបចំដោយសមាគមយុវជនខ្មែរ(KYA)។
កញ្ញា ខ្លូត តារា យុវជនម្នាក់ក្នុងចំណោមយុវជនជាង ២០០ នាក់ បានប្រាប់សារព័ត៌មានថ្មីៗ ខណៈនាងកំពុងដើររើសសំរាមនៅតាមមាត់សមុទ្រ ថា ក្រុងខេមរភូមិន្ទនេះ មិនសូវមានសំរាមនៅតាមសួនច្បារនោះទេ ប៉ុន្តែពលរដ្ឋដែលមានលំនៅដ្ឋានតាមមាត់សមុទ្រ បានបោះចោលសំរាមចូលក្នុងទឹកសមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រកខ្វក់ និងមានក្លិនស្អុយ។ កំពុងកាន់ថង់ខ្មៅ និងពាក់ស្រោមដៃដើម្បីរើសសំរាមផងនោះ យុវតីវ័យ២៥រូបនេះ បានរៀបរាប់ថា សំរាមដែលរូបគេ ប្រមូលដាក់ក្នុងថង់ គឺភាគច្រើនជាប្លាស្ទិក និងកំប៉ុងនានា ដែលពលរដ្ឋតែងបោះចោលដោយដុំៗ។ «ពលរដ្ឋនៅទីនេះ ដូចអត់ខ្វល់ កន្លែងណាដែលពួកគេអាចចោលសំរាមបាន ពួកគេនឹងចោលភ្លាម»។ នេះជាការលើកឡើងរបស់ កញ្ញា ខ្លូត តារា។
លោក លួន ហល់ និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) ដែលកំពុងដើររើសសំរាមដែរនោះ បានឲ្យដឹងថា មូលហេតុដែលលោកដើររើសសំរាមនៅទីនេះ គឺដើម្បីធ្វើជាគំរូសម្រាប់ពលរដ្ឋនៅខេត្តកោះកុង និងជំរុញឲ្យពួកគេមានភាពអៀនខ្មាសចំពោះទង្វើខ្លួន ដែលតែងតែចោលសំរាមពាសវាលពាសកាល។ វ័យ២៥ឆ្នាំ យុវជនមកពីខេត្តបន្ទាយមានជ័យរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «ភ្ញៀវទេសចរ គេមិនចង់មើលសំរាមទេ។ ខ្ញុំមិនស្អប់សំរាមទេ តែខ្ញុំស្អប់អ្នកបោះចោលសំរាម។ ខ្ញុំចង់ឲ្យប្រទេសយើងគ្មានសំរាម ដើម្បីឲ្យអ្នកទេសចរមកកម្សាន្តច្រើន»។
ដូចគ្នាដែរ កញ្ញា អួង សុគន្ធ អះអាងថា បញ្ហានេះ គឺមានការផ្សព្វផ្សាយយ៉ាងច្រើន ប៉ុន្តែ ពលរដ្ឋមួយចំនួន នៅតែមិនចោលទម្លាប់មិនល្អនេះចោល។ យុវជនវ័យ២០រូបនេះ ក៏បានស្តីបន្ទោសអ្នកគ្រប់គ្រងតំបន់ឆ្នេរផងដែរ ដែលមិនមានវិធានការប្រមូលសំរាមនៅក្នុងសមុទ្រ ដើម្បីស្តារស្ថានភាពសោភ័ណភាពទឹកសមុទ្រឲ្យល្អជាងនេះទៀតផង។
ចំណែក កញ្ញា ស៊ុន រដ្ឋា បានបញ្ជាក់ថា ការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នេះ គឺ បណ្តាល មកពីពលរដ្ឋមិនបានយល់ដឹងពីអនាម័យ និងផលប៉ះពាល់នៃការសំរាម ដែលជំរុញឲ្យពលរដ្ឋមិនបានខ្វល់ខ្វាយពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ យុវតីវ័យ២០ឆ្នាំ និងមកពីខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖«សំរាមប៉ះពាល់ដល់សុខភាព បំពុលមច្ឆជាតិ ហើយបើមានសំរាមនៅនេះកាន់តែច្រើន នឹងគ្មានអ្នកទេសចរណាចង់មកលេងនោះទេ ដូច្នេះ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចនៅមូលដ្ឋានវិញ»។ កំពុងដើររើសសំរាម សុគន្ធ បានសំណូមឲ្យអាជ្ញាធរដាក់ពាក្យស្លាកនៅតាមសួនសាធារណៈឲ្យបានច្រើន ដើម្បីអប់រំពលរដ្ឋឲ្យភ្ញាក់រលឹក ព្រមទាំងមានវិធានការតឹងរឹង ដោយពិន័យដល់ពលរដ្ឋណា ដែលបោះចោលសំរាមក្រៅធុង ដូចប្រទេសជឿនលឿនមួយចំនួនដែលគេធ្វើកន្លងមក។
ខេត្តកោះកុង មិនមែនមានសំរាមតែនៅមាត់ច្រាំងសមុទ្រក្នុងទីរួមខេត្តនោះទេ ប៉ុន្តែនៅឆ្នេរបាក់ខ្លង ដែលមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ក៏មានសំរាមគួរឲ្យព្រួយបារម្ភដែរ។ អ្នកលក់ដូរនៅឆ្នេរនេះ បានប្រាប់សារព័ត៌មានថ្មីៗ ថា មានសំរាមជាច្រើន បានហូរតាមសមុទ្រ រសាត់អណ្តែតមកដល់ឆ្នេរសមុទ្រនេះ ដែលធ្វើឲ្យលោកសម្អាតស្ទើរគ្មានពេលសម្រាក។ លោកបន្ថែមថា អ្នកភូមិដែលសង់ផ្ទះលើទឹក បានបោះសំរាមនៅក្រោមផ្ទះ ហើយពុំមានវិធានការពីអាជ្ញាធរឡើយ។ «ខ្ញុំបានដឹកសំរាមពីឆ្នេរនេះ ទាំងរទេះៗ ដើម្បីយកទៅដុតចោលនៅតាមផ្លូវ ប៉ុន្តែមិនឈ្នះអ្នកបោះចោលនោះទេ។ ភ្ញៀវទេសចរ មិនសូវបោះចោលទេ តែសំរាមភាគច្រើនហូរតាមសមុទ្រ រសាត់មកដល់ឆ្នេរនេះ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកស្រី មិថុនា ភូថង អភិបាលរងខេត្តកោះកុង សន្យាថា សាលាខេត្តកោះកុង នឹងណែនាំអាជ្ញាធរក្រុង ដើម្បីដោះស្រាយបញ្ហាសំរាមនៅមាត់សមុទ្រនេះ។ រីឯបញ្ហាកង្វះធុងសំរាមនៅឆ្នេរបាក់ខ្លងវិញ អ្នកស្រី មិថុនា ភូថង បានពន្យល់ដល់អ្នកសារព័ត៌មានថ្មីៗ ថា សំរាមនៅឆ្នេរបាក់ខ្លង គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរស្រុកមណ្ឌលសីមា។
សូមអញ្ជើញស្តាប់ប្រសាសន៍អ្នកស្រី មិថុនា ភូថង ខាងក្រោមនេះ៖
ការថ្លែងរបស់អភិបាលរងខេត្តកោះកុងរូបនេះ គឺបន្ទាប់ពីអ្នកស្រីបិទកម្មវិធី«បោះជំរំយុវជនអង្គរលើកទី៨ ២០១៦» ដែលរៀបចំដោយសមាគមយុវជនខ្មែរ(KYA) នៅសាលមហោស្រពខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមក៕
Tag:
យុវជន
មិថុនា ភូថង
សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com