ប្រជាជនកូរ៉េខាងត្បូងបន្តបាតុកម្មរយៈពេល ៦សប្តាហ៍ជាប់គ្នាដើម្បីដាក់សម្ពាធឲ្យប្រធានាធិបតីដែលរួបរឹតដោយរឿងអាស្រូវ ប៉ាក ហ្គឺនហេ ចុះចេញពីតំណែងផង។ ការបន្តបាតុកម្មនេះស្របពេលដែល សមាជិកសភាបក្សប្រឆាំងកំពុងស្វះស្វែងរករកវិធីដកហូតតំណែងលោកស្រី តាមផ្លូវច្បាប់ផងដែរ។
ប្រជាជនកូរ៉េខាងត្បូងនៅតែបន្តបាតុកម្មជាច្រើនសប្តាហ៍បន្តគ្នានៅក្រុងស៊េអូល និង នៅក្បែរវិមានប្រធានាធិបតីផងដើម្បីទាមទារឲ្យប្រធានាធិបតី ប៉ាក ហ្គឺនហេ ចុះចេញពីតំណែង។ពួកគេអះអាងថា លោកស្រី ប៉ាក គួរតែចុះចេញពីតំណែយូរណាស់មកហើយដើម្បីកុំឲ្យគេបណ្តេញចេញពីតំណែងទាន់នោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វាជាលើកដំបូងដែលបាតុករអាចចូលទៅកៀកវិមានប្រធានាធិបតីដើម្បីបាតុកម្ម គិតមកដល់ត្រឹមថ្ងៃសោរ៍ទី ៣ធ្នូ នេះ។ ហើយបាតុករស្រីប្រុង ចាស់ក្មេង ដែលចូលរួមភាគច្រើនកាន់បដាដែលមានសរសេរថា «ចុះចេញទៅ ប៉ាកហ្គឺនហេ!!» និង «ចាប់ខ្លួនប៉ាក ហ្គឺនហេ»ថែមទៀតផង។
បាតុកម្មនេះត្រូវបានគេរៀបចំឡើងប្រហែល ១០០ម៉ែត្រប៉ុណ្ណោះពីវិមានប្រធានាធិបតី ហើយពួកគេបន្តទាមទារឲ្យលោកស្រី ប៉ាក ចុះចេញពីតំណែង ដោយមិនស្តាប់ការសុំអភ័យទោសជាលើកទីបីរបស់លោកស្រីឡើយ។
លោកស្រី Kim Jae-hwa ជាបាតុករម្នាក់វ័យ ៤៣ ឆ្នាំ បានអះអាងថា លោកស្រីមិនចង់ឃើញប្រធានាធិបតីបច្ចុប្បន្នបន្តកាន់អំណាចនោះឡើយ។ វារឹតែធ្វើឲ្យសង្គមជាតិប្រឈមបញ្ហាច្រើននៅពេលលោកស្រី ប៉ាក ហ្គឺនហេ បន្តធ្វើបែបនេះ។
លោកស្រីបញ្ជាក់ថា៖ «វាជាការអាប់អោនកិត្តិយសជាតិដែលលោកស្រី ប៉ាក នៅកាន់កាប់តំណែងប្រធានាធិបតី។ លោកស្រីគួរតែចុះចេញតាំងពីយូរម្ល៉េះ»។
បាតុកម្មនេះកើតឡើងស្របពេលដែលគណបក្សប្រឆាំងចំនួនបីដែលមានអាសនៈក្នុងសភាបានដាក់សេចក្តីស្នើច្បាប់មួយទៅសភា ដើម្បីដកហូតតំណែងប្រធានាធិបតី។ សេចក្តីស្នើច្បាប់នោះត្រូវបានចុះហត្ថលេខាដោយសមាជិកសភា ១៧១ លើ ៣០០ នាក់ ហើយគេក៏ចោទប្រកាន់ថាលោកស្រី ប៉ាក បានរំលោភអំណាច រំលោភរដ្ឋធម្មនុញ្ញនិងច្បាប់ព្រហ្មទណ្ឌដោយសារតែគាត់ពាក់ព័ន្ធរឿងអាស្រូវប្រើប្រាស់ឥទ្ធិពលនយោបាយរបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ ហើយគេរំពឹងថាលោកស្រីនឹងក្លាយប្រធានាធិបតីដែលឡើងកាន់តំណែងតាមការបោះឆ្នោតដំបូងបំផុតដែលត្រូវគេដកហូតតំណែង។
យ៉ាងណាមិញ កាលពីថ្មីៗនេះលោកស្រី ប៉ាក ហ្គឹនហេ បានបញ្ជាក់ថា លោកស្រីព្រមចុះចេញពីតំណែងបើសិនជាសភាអាចធានា ពីការផ្ទេរអំណាចសន្តិវិធី ហើយលោកស្រីក៏មិនចង់ប្រឈមមុខនឹងការបោះឆ្នោតទម្លាក់ដែរ។ គេដឹងច្បាស់ថា គណបក្សលោកស្រីផ្ទាល់ក៏បានដាក់ឱសានវាទឲ្យលោកស្រី ដើម្បីចុះចេញតំណែងដែរ ដើម្បីធ្វើយ៉ាងណារក្សាមុខមាត់គណបក្ស។
សូមបញ្ជាក់ថា ប្រធានាធិបតី ប៉ាក ហ្គឺនហេ រងសម្ពាធកាន់តែខ្លាំងពីប្រជាពលរដ្ឋកូរ៉េ ក្រោយរដ្ឋអាជ្ញារកឃើញថា លោកស្រីមានឈ្មោះក្នុងរឿងអាស្រូវពុករលួយ ដែលជាប់ពាក់ព័ន្ធនឹងមនុស្សជំនិតលោកស្រីជាច្រើនរូបដូចជា លោកស្រី Choi Soon-sil និងអតីតទីប្រឹក្សាជាច្រើនរូបទៀត។ លទ្ធផលស៊ើបអង្កេតកន្លងមកបានបង្ហាញថា លោកស្រី Choi និងអតីតទីប្រឹក្សាពីរនាក់ទៀត ត្រូវជាប់ចោទពីបទរំលោភអំណាច បង្ខិតបង្ខំ និងធ្វើឲ្យលេចធ្លាយឯកសារសម្ងាត់ជាដើម៕