ភ្នំពេញ៖ នៅក្នុងជំពូកមួយនៃសៀវភៅ«ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា», អ្នកនិពន្ធលោក រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន បានរំលេចគំនិតនយោបាយការទូតរបស់សម្តេច ហ៊ុន សែន ដែលប៉ងចង់«កសាងកម្ពុជាឲ្យក្លាយទៅជាប្រទេស«ស្វីស»ក្នុងអាស៊ី។ តើអ្វីទៅជាយុទ្ធសាស្ត្រដើម្បីកសាងកម្ពុជាឲ្យក្លាយទៅជាប្រទេស«ស្វីស»ក្នុងអាស៊ីនោះ? អត្ថបទខាងក្រោមនេះ គឺជាអត្ថបទដកស្រុងទាំងស្រុងចេញពីសៀវភៅ«ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា»។
នយោបាយការបរទេសខ្មែរ នឹងនាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព និងការអភិវឌ្ឍរីកចម្រើន ដែលជាមូលដ្ឋានសម្រាប់កសាងប្រទេសកម្ពុជាឲ្យក្លាយជា«ប្រទេសស្វីស»មួយនៅក្នុងតំបន់អាស៊ី។
ប្រទេសស្វីសនៅអឺរ៉ុប ជាប្រទេសមួយស្ថិតនៅកណ្តាលប្រទេសមហាអំណាចជាច្រើន ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ដូចជា បារាំង អាល្លឺម៉ង់ និងអ៊ីតាលីជាដើម។ ចំណែកធនធាន ឬសក្តានុពលធំរបស់ប្រទេសនេះ ស្ថិតនៅលើធនាគារ ឬទៅលើ«លុយ» ដែលមានបច្ចេកវិទ្យាខ្ពស់ ដែលធ្វើឲ្យប្រទេសតូចធំ អ្នកនយោបាយ និងអ្នកជំនួញជិតឆ្ងាយសឹងតែគ្រប់ប្រទេសក្នុងពិភពលោក មានទំនុកចិត្តយកប្រាក់មកផ្ញើជាហូរហែ។ ប្រទេសស្វីស បានក្លាយជាមូលដ្ឋានធំក្នុងពិភពលោកក្នុងផ្នែកហិរញ្ញវត្ថុ។
កត្តាចម្បងទាំងនេះ ធ្វើឲ្យប្រទេសស្វីសគេចជៀសផុតពី សង្គ្រាមលោកលើកទី១ និងលើកទី២ ពីព្រោះ មហាអំណាចទាំងឡាយយល់ឃើញថា ប្រទេសស្វីសមានសារៈសំខាន់ មានអត្ថប្រយោជន៍សម្រាប់គេ គឺជាប្រទេសរក្សាទុកលុយឲ្យគេ។
ក្នុងន័យនេះ នយោបាយបច្ចុប្បន្នរបស់សម្តេច ហ៊ុន សែន ក៏បោះជំហានដើរតម្រង់ទៅរកទិសនេះដែរ ដោយឈរលើមូលដ្ឋានសុខសន្តិភាព ស្ថិរភាពនយោបាយ ដោយចាប់យកគ្រប់ប្រទេសជាដៃគូជាមិត្ត ធ្វើសហប្រតិបត្តិការរួមគ្នាសម្រាប់កសាងសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់។
ខុសពីនយោបាយក្នុងអតីតកាល ដែលរត់រកបរទេស ផ្តេកផ្តួលទៅលើមហាអំណាច, នយោបាយ សម្តេច ហ៊ុន សែន បានបង្ហាញទាក់ទងឲ្យប្រទេសមហាអំណាចជិតឆ្ងាយ យល់ដឹង និងចាត់ទុកប្រទេសកម្ពុជា ជាទឹកដីទីតាំងសំខាន់ ដែលមិនអាចមិនយកមកពិចារណាដាក់ក្នុងនយោបាយសេដ្ឋកិច្ចកិច្ច និងយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ ឥឡូវនេះ មហាអំណាច និងប្រទេសមួយចំនួនយល់ឃើញថា ខ្លួនអាចមកវិនិយោគដាក់ទុនមានផលចំណេញ និងមានផលប្រយោជន៍នៅកម្ពុជា។
ផលប្រយោជន៍នៅកម្ពុជា ដែលប្រទេសទាំងនោះ អាចរកចំណេញបានមាន ដូចជា ទេសចរណ៍ (កម្ពុជាជាមជ្ឈមណ្ឌលវប្បធម៌ធំជាងគេនៅអាស៊ី) ប្រេងកាត រ៉ែ និងកសិកម្មជាដើម។ ផលប្រយោជន៍ទាំងនេះហើយ ដែលអាចជំរុញឲ្យមហាអំណាច និងប្រទេសតូចធំទាំងនោះត្រូវតែរក្សាទឹកដីកម្ពុជាឲ្យមានសន្តិភាព និងការរីកចម្រើន។ នេះជានយោបាយការបរទេសរបស់សម្តេច ហ៊ុន សែន ដែលធ្វើឲ្យបរទេសត្រូវការកម្ពុជាជាដៃគូចាំបាច់។
ពេលនោះហើយ កម្ពុជានឹងក្លាយទៅជាប្រទេសស្វីសនៅអាស៊ី ប្រទេសនីមួយៗ ដែលបានផលប្រយោជន៍ពីប្រទេសកម្ពុជា និងការពារថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន។ ដូចនេះ ចលនាប្រទុះសារាយ និងសង្គ្រាមមិនអាចកើតមាននៅកម្ពុជាឡើយ។
នយោបាយក្រឡេកមើលទៅទិសខាងជើង (Look North Policy)
ក្នុងចក្ខុវិស័យនយោបាយ កសាងកម្ពុជាឲ្យទៅជាប្រទេសស្វីសនៅអាស៊ី សម្តេច ហ៊ុន សែន បានប្រមើលមើលឃើញរួចមកហើយនូវដៃគូរជាចាំបាច់សម្រាប់កម្ពុជា។ ដៃគូចាំបាច់ជាគោលទាំងនោះមានដូចជា៖ សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និងសហព័ន្ធរស្សី។ ទស្សនៈនេះ មានន័យថា មិនមែនកម្ពុជាមិនយកចិត្តទុកដាក់ជាមួយប្រទេសអាស៊ាន និងប្រទេសផ្សេងៗក្នុងតំបន់ និងក្នុងពិភពលោកដែរ។
នយោបាយកម្ពុជាត្រូវក្រឡេកមើលទៅទិសខាងជើង ដែលប្រទេសនោះសុទ្ធសឹងជាមហាអំណាចសេដ្ឋកិច្ច និងយោធាក្នុងតំបន់នៅជិតជាប់កម្ពុជា។ នយោបាយនេះយើងប្រសិទ្ធនាមថា look North Policy ឬការក្រឡេកមើលទៅទិសខាងជើង។
សហរដ្ឋអាមេរិក
ជាមហាអំណាចដែលមានលទ្ធភាពច្រើនក្នុងការជួយកម្ពុជា ជាពិសេសចំពោះមុខ គឺការបណ្តុះបណ្តាលធនធានមនុស្ស និងរក្សារស្ថិរភាពនយោបាយក្នុងតំបន់ បើទោះបីប្រទេសនេះ កំពុងតែប្រឈមជាមួយនឹងប្រទេសចិនក៏ដោយ។ ក្នុងន័យរបស់ខ្លួន អាមេរិកត្រូវតែជួយពង្រឹងស្ថិរភាពនយោបាយ សន្តិភាព និងអភិវឌ្ឍប្រទេសកម្ពុជា។
ចិន
ជាមហាអំណាចតែមួយគត់នៅពេលបច្ចុប្បន្ន ដែលជួយ និងវិនិយោគយ៉ាងច្រើននៅកម្ពុជា ពីព្រោះចិនយល់ឃើញថា ប្រទេសកម្ពុជាជាទឹកដីសំខាន់សម្រាប់ចិនក្នុងការឈរជើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ កម្ពុជាមានទ្រព្យសម្បត្តិធនធានយ៉ាងស្តុកស្តម្ភទាំងលើដី និងក្រោមដី ដែលមិនទាន់មានប្រទេសណាមួយមកវិនិយោគនៅឡើយ។ ផលប្រយោជន៍ចិននៅកម្ពុជាមានច្រើន ដូចនេះចិនត្រូវតែថែរក្សាការពារកម្ពុជាឲ្យមានស្ថិរភាពនយោបាយ មានសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ។ ខ្មែរនិងចិន តែងតែប្រកាសថា ប្រទេសទាំងពីរជាដៃគូនយោបាយ យុទ្ធសាស្ត្រសេដ្ឋកិច្ច និងអភិវឌ្ឍន៍។
ជប៉ុន
ជប៉ុនបានជួយកសាងប្រទេសកម្ពុជាជាង២ទសវត្សមកហើយ។ ប៉ុន្តែជប៉ុនមិនបានវិនិយោគអ្វីជាដុំធំឡើយ ព្រោះជប៉ុនបានវិនិយោគជាច្រើននៅតាមប្រទេសដែលមានប្រជាជនច្រើនក្នុងតំបន់ ដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ីជាដើម។ ទោះបីជាដូច្នេះក៏ដោយ ក៏ជប៉ុនយល់ថា កម្ពុជាជាប្រទេសសំខាន់ក្នុងផ្នែកមួយនេះនៃសេដ្ឋកិច្ចរបស់ខ្លូនដែរ ពីព្រោះ កម្ពុជាជាប្រទេសទ្រនាប់កណ្តាលក្នុងផ្លូវបង្ហូរទំនិញជប៉ុនក្នុងតំបន់។ ផ្លូវ ស្ពាន ជាជំនួយដែលផ្តល់ដល់កម្ពុជា គឺជាសរសៃឈាមសេដ្ឋកិច្ចជប៉ុនមួយផ្នែកក្នុងតំបន់។
កូរ៉េខាត្បូង
ចំពោះប្រទេសកូរ៉េខាងត្បូងវិញ ការវិនិយោគផ្សេងៗ នៅកម្ពុជាមានខ្នាតតូចជាងប្រទេសចិន។ ប៉ុន្តែកូរ៉េខាងត្បូងត្រូវការទឹកដីកម្ពុជាមកធ្វើជាមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួនដែរ ពីព្រោះកូរ៉េខាងត្បូងមានការពិបាកច្រើនក្នុងការវិនិយោគនៅវៀតណាម ឥណ្ឌូនេស៊ី និងថៃ ដែលមានលក្ខណៈចង្អៀត មានគូរប្រជែងច្រើន។ មានតែកម្ពុជាទេ ដែលពុំទាន់មានគូប្រជែងធំៗ។ ក្នុងបរិបទបែបនេះ កូរ៉េខាងត្បូង អាចជាដៃគូមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ធនធានមនុស្ស និងបច្ចេកវិទ្យា ឲ្យកម្ពុជារីកចម្រើនទាន់ប្រទេសកំពុងអភិវឌ្ឍន៍នានា។ កម្ពុជានឹងក្លាយជាមូលដ្ឋានសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការចែកចាយផលិតផលក្នុងតំបន់អាស៊ាន។
សហព័ន្ធរុស្សី
ក្នុងការពង្រឹងភាពជាដៃគូរបស់កម្ពុជា យើងមិនត្រូវបំភ្លេចសហព័ន្ធរុស្សីទេ។ រុស្សីជាមហាអំណាច មានសក្តានុពលមិនចាញ់សហរដ្ឋអាមេរិកទេ ទោះបីមិនមានជាមហាអំណាចសេដ្ឋកិច្ចដូចអាមេរិកក៏ដោយ។ រុស្សីជាមហាអំណាចយោធា។ បច្ចុប្បន្ន យើងកត់សម្គាល់ឃើញថា មហាអំណាចនេះ នៅទ្រឹងស្ងៀមមិនអើពើក្នុងការដណ្តើមលាតសន្ធឹងឥទ្ធិពលរបស់ខ្លួននៅអាស៊ីទេ។ តែឥរិយាបថនេះ មិនមែនមានន័យថា រុស្សីគ្មានមហិច្ឆតានៅក្នុងតំបន់នោះឡើយ។ តែនេះជាគោលនយោបាយរបស់រុស្សី ដែលទុកឲ្យអាមេរិក និងចិន ប្រឈមមុខដាក់គ្នា ហើយរុស្សីជា«អ្នកទី៣» ដែលចាំប្រមូលយកផលចំណេញជាក្រោយ។ រុស្សីមានចំណុចច្រើនណាស់ ដែលអាចវិនិយោគយកផលចំណេញបានពីកម្ពុជា។ ចំណែក កម្ពុជាវិញ អាចទទួលបានផលពីរុស្សីនូវការ
អភិវឌ្ឍគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងជាពិសេសរក្សាឲ្យមានតុល្យភាពនយោបាយ ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ រុស្សីជាដៃគូមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ដែលគេមិនត្រូវបំភ្លេច។
ជាទស្សនៈរួម ទំនាក់ទំនងអន្តរជាតិនៅក្នុងពិភពលោកបច្ចុប្បន្ន មិនមែនឈរលើមូលដ្ឋានមនោគមន៍វិជ្ជាទេ គឺស្ថិតនៅលើផលប្រយោជន៍នៃប្រទេសនីមួយៗ ដែលយើងអាចនិយាយបានថា នេះជាការវិលត្រឡប់មកវិញនូវទ្រឹស្តី«អ្នកជាតិនិយម»។
ដូច្នេះ ប្រទេសណាដែលចេះផ្តល់ផលប្រយោជន៍ឲ្យគេ ឬចេះដោះដូរផលប្រយោជន៍ទៅវិញទៅមក ប្រទេសនោះនឹងត្រូវគេឲ្យតម្លៃក្នុងទំនាក់ទំនង។ ទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន បានយកបញ្ហាសេដ្ឋកិច្ចជាមូលដ្ឋាន ក្នុងការគិតគូរពិចារណាដោះស្រាយ ចំណែកចំណុចមនោគមន៍វិជ្ជា និងនយោបាយជាចំណុចបន្ទាប់បន្សំ។
តម្រង់ទិសដៅ ដែលយើងបានអត្ថាធិប្បាយខាងលើ កម្ពុជាត្រូវតែបង្ហាញសក្តានុភាព និងទ្រព្យសម្បត្តិធនធានរបស់ខ្លួន ដើម្បីឲ្យមហាអំណាច និងប្រទេសតូចធំជិតឆ្ងាយ ផ្តល់នូវសារៈសំខាន់ដល់ខ្លួន ដែលតម្រូវឲ្យដៃគូអភិវឌ្ឍន៍ទាំងនោះ ឆ្លើយតបមកវិញនូវការរក្សាទទួលស្គាល់កម្ពុជាជា«ប្រទេសស្វីស»នៅអាស៊ី ដោយឈរលើ«នយោបាយក្រឡេកទៅទិសខាងជើង»៕