ជាតិ
នយោបាយជាតិ
CNRP និង CPP ដាក់របៀបវារៈចរចាគ្នាចំនួន៤ តែគ្មានករណីដោះលែងមន្ត្រីអាដហុក និងគជប
× ភ្នំពេញ៖ ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើន និងប្រធានមតិភាគតិចក្នុងរដ្ឋសភា បានផ្ញើលិខិតឆ្លើយឆ្លងគ្នាដោយកំណត់របៀបវារៈចំនួន៤ ដើម្បីលើកយកមកពិភាក្សានៅពេលខាងមុខនេះ។ ប៉ុន្តែរបៀបវារៈទាំងនេះ មិនបាននិយាយពីការដោះលែងមន្ត្រីអាដហុក និងគជបឡើយ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់សារព័ត៌មានថ្មីៗថា របៀបវារៈចំនួន៤ ដែលគណបក្សទាំងពីរឆ្លើយឆ្លងតាមលិខិតនោះ គឺបានកំណត់របៀបវារៈនៃការចរចា និយាយពីតួនាទី ការងារ និងសិទ្ធិអំណាចរបស់ប្រធានក្រុមភាគតិច និងប្រធានក្រុមភាគច្រើននៅក្នុងសភា។ ចំណុចទាំងពីរនេះត្រូវបានលើកឡើងដោយសម្ដេច ស ខេង ។
ចំណែកលិខិតរបស់គណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយឯកឧត្តម កឹម សុខា គឺការស្នើចរចានិយាយបន្ថែមពីរចំណុចទៀត លើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្ត្រ និងការស្នើសុំជជែកទាក់ទងនឹងសភាពការណ៍មុនការបោះឆ្នោត។
តែយ៉ាងណាគណបក្សទាំងពីរមិនទាន់កំណត់ពេលវេលាច្បាស់លាស់ ក្នុងការជួបចរចាគ្នានៅឡើយទេ ខណៈដែលគណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការចរចាគ្នាក្នុងអំឡុងខែមករានេះ។ នេះបើតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
កាលពីដើមខែធ្នូ ឆ្នាំ២០១៦ សម្ដេច ស ខេង ធ្លាប់បានលើកឡើងថា ករណីដមន្ត្រីអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប នោះគឺនឹងត្រូវលើកយកមកពិភាក្សាគ្នា ដើម្បីដោះលែងពួកគេមុនដំណាច់ឆ្នាំ២០១៦ ។ប៉ុន្តែជំនួបនោះត្រូវខកខាន។ តែយ៉ាងណារបៀបវារៈក្នុងជំនួបនាពេលខាងមុខនេះ ក៏មិនបានលើកឡើងពីការដោះលែងមន្ត្រីអាដហុក និងមន្ត្រី គជប ដែរ។
ពាក់ព័ន្ធនឹងករណីមន្ត្រីអាដហុក និងគជបនេះ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យចូលស្រុកនោះ បានសរសេរលើហ្វេសប៊ុកខ្លួនកាលពីថ្ងៃទី១៤ មករា ដូច្នេះថា៖«អ្នកខ្លះបានលើកឡើងថា ការអត្ថាធិប្បាយរបស់ខ្ញុំខ្លះៗ ដែលប៉ះពាល់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យរាំងស្ទះដល់ការចរចា ដើម្បីដោះលែងមន្ត្រី ឬអតីតមន្ត្រី ៥ រូប មកពីអង្គការសិទ្ធិមនុស្ស អាដហុក (ADHOC)។ ការលើកឡើងបែបនេះ គឺជាការទទួលស្គាល់ថា អ្នកទាំង ៥ រូបនោះ គឺជាអ្នកទោសនយោបាយពិតប្រាកដ ដែលគ្រាន់តែជាចំណាប់ខ្មាំងរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលយកជនរងគ្រោះទាំងនោះ ទៅប្រើប្រាស់ជាថ្នូរ ដើម្បីគំរាមកំហែង គណបក្សសង្គ្រោះជាតិ ក្នុងការបម្រើផលប្រយោជន៍នយោបាយរបស់ពួកគេ»។
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ជុំវិញជំនួបរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរនេះនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com