អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ទទូច​ឲ្យ​អាមេរិក កុំ​ឲ្យ​អ្នកតំណាង​តៃវ៉ាន់​ចូលរួម​ពិធី​កាន់តំណែង​របស់លោក ដូ​ណា​ល់ ត្រាំ​
18, Jan 2017 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាពមិនច្បាស់លាស់ និង​ការ​មិនសូវ​ឲ្យ​តម្លៃ​«​គោលនយោបាយ​ចិន​តែមួយ​»​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បន្តធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​មិន​សុខ​ស្រួល​ឡើយ​។ ជាពិសេស​នោះ ក្រុង​ប៉េកាំង កាន់តែ​ព្រួយបារម្ភ​ពីមុខ​មាត់​ការទូត​របស់ខ្លួន​ស្រប​ពេលដែល​ថ្ងៃ​ប្រកាស​កាន់តំណែង​ផ្លូវការ​របស់លោក ដូ​ណា​ល់ កាន់តែ​ជិត​មកដល់​នោះ​។



​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៨ មករា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនត្រូវ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​របស់​កោះ​តៃវ៉ាន់​ចូលរួម​ពិធី​កាន់តំណែង​ផ្លូវការ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ខាងមុខ​ដ៏​ខ្លី​នោះទេ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៨ មករា ដែល​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​សូម​ជម្រាប​ផងដែរ​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​កាន់តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥ នៅ​ថ្ងៃទី ២០ មករា​នេះហើយ​។ តែ​អ្វី​គួរកត់សម្គាល់​នោះ គិត​ចាប់ពី​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មក លោក ដូ​ណា​ល់ ត្រាំ តែងតែ​ចេញ​ថ្លែងការណ៍​ម្តង​ហើយ​ម្តងទៀត​ដោយ​មិនសូវ​ឲ្យ​តម្លៃ​គោលនយោបាយ​ចិន​តែមួយ​នោះទេ ជាពិសេស​នោះ លោក ត្រាំ ថែមទាំង​និយាយ​ទូរ​សព្ទ​ជាមួយនឹង​ប្រធានាធិបតី​តៃវ៉ាន់​ទៀតផង​។

​កន្លងមក ក្រុង​ប៉េកាំង ក៏​តែងតែ​ចេញ​ថ្លែងការណ៍​តប​វិញ​ដែលថា នយោបាយ​ចិន​តែមួយ ជា​មូលដ្ឋាន​នយោបាយ​សំខាន់​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក ។ ហើយ​ដើម្បី​ចៀសវាង​ភាព​រង្គោះរង្គើរ​ក្នុង​ទំនាក់ទំនង​ដែល​កំពុងតែ​ល្អ​នោះ ចិន ក៏​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​នៅ​អាមេរិក ត្រូវ​ទទួលស្គាល់​ពី​ភាព​រសើប​នៃ​បញ្ហា​កោះ​តៃវ៉ាន់ និង​ត្រូវ​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ឲ្យ​ស្របទៅតាម​ការប្ដេជ្ញាចិត្ត​ដែល​រដ្ឋបាល​អាមេរិក​មុនៗ ធ្លាប់ធ្វើ​។ ក្រុង​វ៉ា​ស៊ិន​តោន បានទទួល​ផ្ដាច់ទំនាក់ទំនង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់ និង​ងាក​ទៅ​ទទួលស្គាល់​នយោបាយ​ចិន​តែមួយ​ក្នុង​ឆ្នាំ​១៩៧៩ ៕


Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com