អន្តរជាតិ
សភាហ្កំប៊ីព្រមឲ្យជនផ្តាច់ការ Jammeh កាន់អំណាច ៣ខែទៀត ក្រោយការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ប្រធានាធិបតី ហ្កំប៊ី Yahya Jammeh
× ប្រធានាធិបតី ហ្កំប៊ី Yahya Jammeh បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ក្នុងពេលពីរថ្ងៃមុនថ្ងៃកំណត់ដែលលោកត្រូវចេញពីតំណែង។ មេដឹកនាំផ្តាច់ការនេះបានលើកយកការលូកលាន់ពីបរទេសក្នុងវិបត្តិនយោបាយដែលកើតក្រោយបោះឆ្នោត ជាសម្អាងដើម្បីប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននេះ។ ហើយអ្វីដែលសំខាន់ សភាហ្កំប៊ី ក៏សម្រេចអនុម័តឲ្យ Jammeh បន្តកាន់តំណែង ៣ខែ ទៀតដែរ។
ប្រធានាធិបតីចាញ់ឆ្នោតហ្កំប៊ីលោក Yahya Jammeh បានសម្រេចដាក់ប្រទេសក្នុងភាពអាសន្ននៅថ្ងៃអង្គារទី ១៧ មករានេះ ក្នុងរយៈពេលត្រឹម ២ថ្ងៃប៉ុណ្ណោះមុនថ្ងៃកំណត់សម្រាប់លោកក្នុងការចុះចេញពីតំណែង។ មេដឹកនាំរូបនេះបានលើកឡើងថា វិធានការនេះដាក់ចេញដើម្បីឆ្លើយតបការកើនឡើងនៃការលូកលាន់របស់បរទេសចូលក្នុងនយោបាយហ្កំប៊ី។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំផ្តាច់ការ Yahya Jammeh បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នតាមទូរទស្សន៍រដ្ឋ ហើយបន្តអះអាងដូច្នេះថា៖«ការប្រកាសដាក់រដ្ឋក្នុងភាពអាសន្នកើតឡើងដោយសារតែវាមានការជ្រៀតជ្រែករបស់បរទេសចូលក្នុងការបោះឆ្នោតថ្ងៃ ១ធ្នូ និងកិច្ចការផ្ទៃក្នុងហ្កំប៊ីផង»។
មេដឹកនាំរូបនេះបានបន្ថែមថាបណ្តាប្រទេសមហាអំណាចតំបន់បង្កើតបរិយាសអាប់អួរនិងអរិភាពដែលគំរាមកំហែងអធិបតេយ្យ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសដែរ។ហើយលោកចាំបាច់ត្រូវចាត់វិធានការ។
ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន សភាហ្កំប៊ីបាននាំគ្នាបោះឆ្នោតចេញដំណោះស្រាយមួយបន្ថែមពេល ៣ខែទៀតឲ្យ Jammeh កាន់អំណាចជាប្រធានាធិបតី។ ការបោះឆ្នោតនៅសភានេះ បង្កឲ្យមានការព្រួយបារម្ភខ្លាំងមួយកម្រិតទៀត ដ្បិតថាប្រធានាធិបតីថ្មីត្រូវស្បថចូលកាន់តំណែងថ្ងៃព្រហស្បតិ៍នេះ។
គេឃើញ រដ្ឋាភិបាលហូឡង់ អំពាវនាវឲ្យប្រជាជនខ្លួនផ្អាកទៅកម្សាន្តនៅហ្កំប៊ី ហើយរដ្ឋាភិបាលនេះក៏កំពុងរៀបចំជម្លៀសប្រជាជនខ្លួនរាប់រយនាក់ពីហ្កំប៊ីមកវិញដែរ ឃើញក្រោយពីប្រធានាធិបតីក្រាញអំណាចនេះប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន។
គេដឹងច្បាស់ថា ប្រកាសដាក់រដ្ឋក្នុងភាពអាសន្នជាយុទ្ធសាស្ត្រមួយរបស់មេដឹកនាំផ្តាច់ការ Yahya Jammeh ដើម្បីបង្កើតឧបសគ្គសម្រាប់ការផ្ទេរអំណាចនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមករា។ បណ្តាប្រទេសសមាជិកសហគមន៍សេដ្ឋកិច្ចប្រទេសអាហ្វ្រិកខាងលិច (ECOWAS) បានបន្តបន្តស្នើសុំឲ្យប្រធានាធិបតី Jammeh គោរពលទ្ធផលបោះឆ្នោត ហើយផ្ទេរអំណាចដល់ប្រធានាធិបតីថ្មី Adama Barrow ដែលកំពុងលាក់ខ្លួននៅប្រទេសសេណេហ្កាល់។ ក្រុមប្រឹក្សាសន្តិសុខ និងសហភាពអាហ្វ្រិកសុទ្ធតែទាមទារឲ្យមេដឹកនាំរូបនេះចុះចេញដូចគ្នា។
ក្រោយការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននេះ លទ្ធភាពនៃការអន្តរាគមន៍យោធានៅហ្កំប៊ីកើនឡើងកាន់តែខ្លាំង។ កន្លងមកមក ប្រទេសអាហ្វ្រិកខាងលិច ក្នុងនោះមាននីហ្សេរីយ៉ា និងសេណេហ្កាល់ក៏ត្រៀមលក្ខណៈដើម្បីចូលអន្តរាគមន៍ក្នុងប្រទេសហ្កំប៊ីដើម្បីទម្លាក់លោក Jammeh ពីតំណែង បើសិនជាមេដឹកនាំរូបនៅតែរឹងទទឹង។
មកដល់ពេលនេះប្រជាជនហ្កំប៊ីជាច្រើនម៉ឺននាក់បានបន្តរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីគេចពីគ្រោះថ្នាក់និងរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជនហ្កំប៊ីភៀសខ្លួនកើនឡើងច្រើនក្រោយពេលដែលរដ្ឋាភិបាលប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដដែល រដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រី Jammeh មួយចំនួនបានលាលែងពីតំណែងរួចរាល់ហើយ នៅឡើយតែប្រធានាធិបតី Jammeh ប៉ុណ្ណោះដែលនៅរឹងទទឹងមិនព្រមផ្ទេរអំណាច។ កាលពីចុងសប្តាហ៍កន្លងមកនេះ Jammeh បញ្ជាឲ្យគេចាប់ខ្លួនទាហានមួយចំនួនដែលមាននិន្នាការគាំទ្រប្រធានាធិបតីថ្មីផងដែរដើម្បីទប់ស្កាត់ក្រែងមានការងើបប្រឆាំងលោកផង។
គេបានទទួលដំណឹងផងដែរថា ប្រទេសម៉ារ៉ុក បានប្រកាសផ្តល់សិទ្ធិជ្រកកោននយោបាយមួយសម្រាប់លោក Jammeh ឲ្យតែលោកព្រមចុះចេញពីតំណែង។ ម៉ារ៉ុកនិងប្រទេសក្នុងតំបន់ផ្សេងទៀត អាចធានាពីសុវត្ថិភាព និងធានាឲ្យ Jammeh រស់នៅសុខសាន្តក្រោយការចូលនិវត្តន៍នយោបាយថែមទៀតផង។ ប៉ុន្តែ Jammeh មិនចាប់អារម្មណ៍នោះឡើយ៕
Tag:
Yahya Jammeh
ECOWAS
Adama Barrow
© រក្សាសិទ្ធិដោយ thmeythmey.com