ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យ CPP៖ ការលុបតំណែងប្រធានមតិភាគតិចក្នុងរដ្ឋសភាជាការកែប្រែច្បាប់ធម្មតា
× ភ្នំពេញ៖ អ្នកនាំពាក្យបក្សកាន់អំណាច បានបកស្រាយថា បំណងនៃការលុបតំណែងប្រធានមតិភាគតិច ឯកឧត្តម កឹម សុខា នៅក្នុងរដ្ឋសភា មិនមែនដោយសារតែរឿងនយោបាយនោះទេ តែវា ជាការកែប្រែច្បាប់ ដើម្បីឲ្យស្ថាប័នរដ្ឋសភា ដំណើរការទៅកាន់តែមានប្រសិទ្ធភាព។ យ៉ាងណាក្តី អ្នកវិភាគ នៅតែយល់ឃើញថា ដោយសារតែបរាជ័យក្នុងការបំបែកគណបក្សសង្គ្រោះជាតិ ទើប សម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនផងនោះ បង្ហើបគំនិតស្នើឲ្យមានការលុបតំណែងជាប្រធានមតិភាគតិច របស់ឯកឧត្តម កឹម សុខា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយថា ការកែប្រែបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រង់ប្រការ ដែលទាក់ទងនឹងប្រធានក្រុមមតិភាគតិច និងប្រធានក្រុមតំណាងរាស្ត្រ គឺដើម្បីឲ្យរដ្ឋសភា ក្លាយទៅជាស្ថាប័នមួយ ដែលអាចបម្រើប្រយោជន៍ជាតិ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។
លោក និយាយថា ៖«យើង មិនចង់យកស្ថាប័នរដ្ឋ ធ្វើជាកន្លែងសម្រាប់ចរចា ឲ្យដោះលែងអ្នកទោសទេ។ ការកែប្រែនេះ មិនពាក់ព័ន្ធនឹងនយោបាយឡើយ»។
កាលពីថ្ងៃទី១៦ មករាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានបក្សកាន់អំណាច បានបង្ហាញពីបំណងនៃការលុបចោលនូវ តំណែងជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមតំណាងរាស្ត្រ។ តាមរយៈ Fresh Newsសម្តេច បានប្រកាសថា៖ «បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វាដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះយើងត្រូវតែធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ)នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ ៤៨ថ្មី (បី)ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈសមាជិកសភាគណបក្សប្រជាជនកម្ពុជា វិញ»
លោក សូ ចន្ថា អ្នកវិភាគនយោបាយ មើលឃើញថា ការជ្រោមជ្រែងឲ្យឯកឧត្តម កឹម សុខា អនុប្រធានបក្សសង្គ្រោះជាតិ ទទួលបានតំណែងជាប្រធានមតិភាគតិចក្នុងរដ្ឋសភា ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ទំនងជាគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំបែកគណបក្សសង្គ្រោះជាតិ។ លោកនិយាយថែមទៀតថា ប៉ុន្តែ ដោយសារតែបំណងនៃការបំបែកឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី មិនបានសម្រេច ទើបគណបក្សកាន់អំណាច ប្រកាសបំណងរកការលុបចោលតំណែងជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមតំណាងរាស្ត្រ វិញ។
លោក សូ ចន្ថា និយាយថា៖«គាត់ (សម្តេច ហ៊ុន សែន និង បក្សកាន់អំណាច) ចង់បញ្ជាក់ថា គាត់ មានអំណាច ចង់ដាក់ ឬដក គឺស្រេចតែខ្លួនគាត់។ ហើយគាត់ ចង់បង្ហាញទៀតថា បក្សប្រឆាំងហ្នឹង មានភាពទន់ខ្សោយ មិនអាចតវ៉ាបាន»។
លោក សូ ចន្ថា រិះគន់ថា ការប្រើអារម្មណ៍ដោះស្រាយបញ្ហាបែបនេះ គឺបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់កិត្យានុភាពក៏ដូចជាអំណាចនៃស្ថាប័នកំពូលរបស់រដ្ឋ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ នឹងបាត់បង់ទំនុកចិត្តទៅលើវិធានការឬបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័នរដ្ឋ ផងដែរ។ នេះជាការបន្ថែមរបស់លោក សូ ចន្ថា ដដែល។
លោក មាស នី ដែលជាអ្នកវិភាគមួយរូបដែរនោះ និយាយថាលោកគ្មានការភ្ញាក់ផ្អើលអ្វីឡើយ ចំពោះការផ្លាស់ប្តូរចិត្តយ៉ាងលឿនរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ ពីព្រោះវាមិនមែនជាលើកទីមួយទេ ដែលមេដឹកនាំរូបនេះ ដោះស្រាយបញ្ហាតាមចិត្តរបស់ខ្លួន។
លោក បញ្ជាក់ដូច្នេះថា៖ «ការធ្វើតាមអារម្មណ៍បែបនេះ បានត្រឹមតែចំណេញដល់បក្សប៉ុណ្ណោះ តែមិនមានប្រយោជន៍អ្វីដល់ជាតិនោះ»។
លោក មាស នី និយាយទៀតថា គណបក្សប្រជាជនកម្ពុជា ទំនងជាចង់បញ្ចប់ការប្រើប្រាស់វប្បធម៌សន្ទនា ជាមួយគណបក្សសង្គ្រោះជាតិ ជាពិសេស នៅពេលដែលគណបក្សប្រឆាំងចេះតែបង្ហាញចេតនាឲ្យដាក់រឿងមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារ ក្នុងការចរចាជាមួយគណបក្សកាន់អំណាច។
លោក មាស នី និយាយថា៖ «បើដោះលែងពួកគេមែន បក្សប្រឆាំង នឹងមានប្រជាប្រិយភាពកាន់តែខ្លាំង។ ចំណែកឯបក្សកាន់អំណាច ជាអ្នកខាតបង់»៕
© រក្សាសិទ្ធិដោយ thmeythmey.com