ជាតិ
នយោបាយជាតិ
បក្សពីរចងសម្ព័ន្ធជាមួយគ្នា ដើម្បីប្រមូលសំឡេងអ្នកគាំទ្រ មុនពេលបោះឆ្នោត
× ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុត្តិធម៌ជាតិខ្មែរ បានប្រកាសចងសម្ព័ន្ធជាមួយគ្នា។ ការចងសម្ព័ន្ធនេះ គឺដើម្បីទាក់ទាញអ្នកគាំទ្រឲ្យបានកាន់តែច្រើន ជាពិសេសសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក ហ៊ាង រិទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ បានចុះហត្ថលេខាលើអនុស្សារណៈជាមួយគ្នា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការប្រមូលផ្តុំសំឡេងអ្នកគាំទ្រ។ តាមរយៈការចងសម្ព័ន្ធនេះ ពួកគេ សង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ក្នុងការបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ នាពេលខាងមុខ។
បើតាម លោក ញឹក ប៊ុនឆៃ និងលោក ហ៊ាង រិទ្ធី នាពេលខាងមុខគណបក្សទាំងពីរ អាចនឹងច្របាច់បញ្ចូលគ្នា ទៅជាគណបក្សតែមួយ។ ក្នុងកាលៈទេសនេះ បក្សទាំងពីរ កំពុងតែរៀបចំក្រុមការងារ ដើម្បីគិតគូរពីបញ្ហាខាងលើ។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ញឹក ប៊ុនឆៃ និងលោក ហ៊ាង រិទ្ធី សុទ្ធតែបានសរសើរគ្នាទៅវិញទៅមក ថាជាអ្នកស្នេហាជាតិពិតប្រាកដ និងគិតពីប្រយោជន៍ជាតិជាធំ។ ពួកគេ អះអាងថា លក្ខណពិសេសមួយទៀត ដែលឈានទៅដល់ការចងសម្ព័ន្ធ គឺដោយសារតែគណបក្សទាំងពីរ មានគោលនយោបាយស្រដៀងគ្នា។
លោក ញឹក ប៊ុនឆៃ និយាយថា៖«ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ ជាអតីតអ្នកតស៊ូជាមួយសម្តេច នរោត្តម ស៊ីហនុ ក្នុងការរំដោះប្រទេស នាអំឡុងទសវត្សរ៍ឆ្នាំ៨០។ ចំណុចមួយទៀត យើងមើលទាំងគោលនយោបាយ ទាំងគោលការណ៍គណបក្សយុត្តិធម៌ជាតិ ខ្មែរ គឺស្រដៀងគ្នាជាមួយគណបក្សខ្មែររួបរួមជាតិ»។
ចំណែក លោក ហ៊ាង ឬទ្ធី និយាយថា៖«ការរួមគ្នា ការចងសម្ព័ន្ធ ដើម្បីចាប់ដៃគ្នា ជួយគ្នា រួមគ្នាឲ្យមានភាពខ្លាំង ដូចព្រះបន្ទូលរបស់ព្រះមហាវីរក្សត្រ (សម្តេច នរោត្តម ស៊ីហនុ) ថាសូមឲ្យកូនខ្មែរសាមគ្គីគ្នា បើកាលណាខ្មែររួបរួមគ្នា ខ្មែរនឹងខ្លាំង ខ្មែរឈ្នះ។ ឥឡូវ គណបក្សទាំងពីរ មានឆន្ទៈដូចគ្នា ហើយដោយសារតែយើងតម្កល់ប្រយោជន៍ជាតិជាធំ ទើបយើងអាចរួបរួមគ្នា បែបនេះ»។
ក្រៅពីប្រាប់មួលហេតុនៃការចងសម្ព័ន្ធ មេបក្សទាំងពីរ ក៏បាននិយាយការពារជាមុនថា ការចងសម្ព័ន្ធនេះ មិនមែនដើម្បីបំបែកសំឡេងគណបក្សណាមួយ នោះទេ។ ជាងនេះទៀត ពួកគេ ប្រកាសថា គណបក្សខ្លួន គឺឯករាជ្យ ដោយមិនស្ថិតនៅក្រោមសម្ពាធ ឬក៏ជាអាយ៉ងរបស់គណបក្សណាមួយ ឡើយ។
មេបក្សទាំងពីរ អះអាងថា កន្លងមកមានគណបក្សចំនួន៦ឯណោះ ដែលបានទាក់ទងគ្នា ក្នុងការចងសម្ព័ន្ធ តែក្រោយមកដំណឹងពីគណបក្សចំនួន៤ទៀត ក៏ស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណា ពួកគេ នៅតែសង្ឃឹមថា គណបក្សទាំងនោះ នឹងចូលរួមចងសម្ព័ន្ធជាមួយខ្លួន នៅថ្ងៃណាមួយ។
លោក សូ ចន្ថា អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា បើទោះបីជាបក្សទាំងពីរចងសម្ព័ន្ធនឹងគ្នាក៏ពិតមែន ក៏មិនអាចទាក់ទាញសំឡេងអ្នកគាំទ្រពីបក្សធំៗ បានដែរ។ លោក អះអាងថា ដើម្បីទាក់ទាញអ្នកគាំទ្រ គណបក្សនីមួយៗ ត្រូវមានមេដឹកនាំដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ រួមទាំងរចនាសម្ព័ន្ធរឹងមាំ។
លោក និយាយថា៖«ខ្ញុំមើលទៅ គណបក្សថ្មីៗ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ។ ទាល់តែមេដឹកនាំគណបក្ស មានប្រជាប្រិយភាព ហើយល្បីល្បាញ និងមានតម្លៃណាមួយក្នុងសង្គម ទើបអាចទាក់ទាញការគាំទ្របាន។ ប្រជាពលរដ្ឋ នៅមិនទាន់បែកចិត្តពីគណបក្សធំៗទេ (CPP និង CNRP) »៕
Tag:
ញឹក ប៊ុនឆៃ
ហ៊ាន រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com