អន្តរជាតិ
បន្ថែម​ពី​កម្ពុជា វៀតណាមនិងថៃ ឡាវត្រៀម​លក់​ថាមពល​អគ្គិ​ស​នី​ឲ្យ​ម៉ាឡេស៊ី និង​សិង្ហ​បុរី
18, Jan 2017 , 8:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីឡាវ
នាយករដ្ឋមន្ត្រីឡាវ
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ រំពឹងថា​នឹង​អាចមាន​លទ្ធភាព​ក្នុងការ​នាំចេញ​ថាមពល​អគ្គិសនី​ទំហំ ១០០ មេ​ហ្គា​វ៉ា​ត់ ទៅ​ឲ្យ​ម៉ាឡេស៊ី​នៅ​ខែកញ្ញា​ខាងមុខនេះ​។ គម្រោង​នាំចេញ​ថាមពល​នេះ គឺជា​ផែនការ​ថ្មី​មួយ​របស់​រដ្ឋ​អាស៊ាន​ដែល​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​មួយ​សោះ​បន្ថែម​លើ​ការនាំ​ចេញទៅ​ឲ្យ​ប្រទេសជិតខាង​ដែល​រួមមាន​កម្ពុជា វៀតណាម និង​ថៃ​ស្រាប់​នោះ​។



​លោក Daovong Phonekeo មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ៃ និង​ថាមពល​ឡាវ បាន​អះអាងថា រដ្ឋាភិបាល​ឡាវ បានដាក់​ដំណើរការ​ផែនការ​សាកល្បង​ដំណាក់កាល​ទីមួយ​ក្នុង​ការលក់​ថាមពល​អ​គ្គិ​ស​នី ១០០ មេ​ហ្គា​វ៉ា​ត់ទៅ​ឲ្យ​ម៉ាឡេស៊ី​តាមរយៈ​ប្រព័ន្ធ​ភ្លើង​ជាតិ​ថៃ​។ ហើយ​រដ្ឋាភិបាល​ឡាវ ក៏​គ្រោង​នឹង​លក់​ថាមពល​អគ្គិសនី​ទៅកាន់​សិង្ហ​បុរី​តាមរយៈ​បណ្តាញ​អគ្គិសនី​ថៃ និង​ម៉ាឡេស៊ី​នៅក្នុង​ដំណាក់កាល​ទី​ពីរ​របស់ខ្លួន​ត្រឹម​ឆ្នាំ​២០២០​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី​១៨ មករា​។

​មន្ត្រីជាន់ខ្ពស់​ដដែល​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​រ៉ែ និង​ថាមពល បាននិងកំពុង​តែ​រៀបចំ​ឯកសារ​ដើម្បី​ព​ន្លឿ​ន​កិច្ចសន្ទនា​ជាមួយនឹង​អាជ្ញាធរ​នៅក្នុង​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​នៅ​ខែ​មិនា​នេះ​ដើម្បី​ចរចា​តម្លៃ និង​ដំណើរការ​នៃ​ការបញ្ជូន​ថាមពល​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​ដកស្រង់​សម្តី​មន្ត្រី​ដដែល​នោះ ដែល​បាន​និយាយទៀតថា ផែនការ​នៃ​ការលក់​ថាមពល​ទៅ​ឲ្យ​ម៉ាឡេស៊ី​ស្ថិតនៅក្នុង​ផែនការ​សាកល្បង​នៅឡើយ​នោះទេ ពោលគឺ រដ្ឋាភិបាល​ឡាវ ត្រូវ​សិក្សា និង​វាយតម្លៃ​បន្ថែមទៀត​ពាក់​ព័ន្ធ​ផលប្រយោជន៍ និង​បញ្ហា​ប្រឈម​ជាមួយនឹង​សមាជិក​អាស៊ាន ហើយ ក៏​កំពុងតែ​រង់ចាំ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​ជា​សមូហភាព​ផងដែរ​។

​បើតាម The Nation ឡាវ រំពឹងថា នឹង​អាច​ផលិត​បាន​ថាមពល​អគ្គិសនី​ប្រមាណ មួយ​ម៉ឺន មេ​ហ្គា​វ៉ា​ត់​ត្រឹម​ឆ្នាំ​២០២០ ដែល​ចំនួន​នេះ ត្រូវបានរ​ពឹង​ថា នឹង​ប្រើប្រាស់​ក្នុងស្រុក​តែ​២៥​ភាគរយ​ប៉ុណ្ណោះ​។ បើទោះបីជា​ឡាវ ត្រូវបាន​មើលឃើញថា​ជា​ប្រទេស​អាស៊ាន​មួយ​ដែល​មិនមាន​ទឹកដី​ជាប់​នឹង​សមុទ្រ​សោះ​ក៏ដោយ ឡាវ ក៏មាន​សក្តានុពល​ផ្សេង ដ្បិត​ប្រទេស​នេះ ជាប់​នឹង​ទន្លេមេគង្គ​ដែល​ផ្តល់​លទ្ធភាព​ក្នុង​ការផលិត​ថាមពល​អគ្គិសនី ដែល​បច្ចុប្បន្ន ឡាវ ក៏​កំពុងតែ​នាំចេញ​មកកាន់​ថៃ វៀតណាម និង​កម្ពុជា​ផងដែរ​នោះ​៕


Tag:
 ឡាវ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com