ជាតិ
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសស្វាគមន៍ជនបរទេសជាងគេ រូបភាព៖ ភិរុណ ឧត្តម
× ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទាំង១៣ ដែលមានចំណាត់ថ្នាក់លើគេនៃតារាងប្រទេសដែលស្វាគមន៍ជនបរទេសជាងគេ។ មានន័យថា ប្រទេសទាំង១៣ មិនបានតម្រូវឲ្យជនបរទេសដាក់ពាក្យស្នើសុំទិដ្ឋាការមុននឹងមកដល់ទឹកដីប្រទេសនីមួយៗឡើយ។ នេះបើយោងសន្ទស្សន៍នៃអំណាចលិខិតឆ្លងដែនរបស់ប្រទេសលើពិភពលោក ដែលចេញផ្សាយដោយសារព័ត៌មាន Independent ។
បើទោះជាស្ថិតនៅចំណាត់ទី៧៨ នៃសន្ទស្សន៍លិខិតឆ្លងដែនមានឥទ្ធិពលជាងគេលើពិភពលោក កម្ពុជា បានទទួលចំណាត់ថ្នាក់ល្អក្នុងតារាងនៃប្រទេសដែលស្វាគមន៍ជនបរទេសជាងគេ។ ពោល គឺ កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១៣ ដែលស្វាគមន៍ជនបរទេសបំផុត។ នេះ ក៏ព្រោះជនបរទេសអាចមកកាន់កម្ពុជាដោយមិនចាំបាច់សុំទិដ្ឋាការជាមុនឡើយ។
ក្រៅពីកម្ពុជា ប្រទេសទាំង១២ផ្សេងទៀតមាន កូម័រ, ហ្គីណេប៊ីស្សូ, ម៉ាដាហ្គាស្កា, ម៉ូរីតានី, មីក្រូណេស៊ី, ម៉ូសំប៊ិក, សាម័រ, សិស្ហែល, ទីម័រខាងកើត, តូហ្គោ, ទូវ៉ាលូ, និងអ៊ូហ្គង់ដា។ ចំណែកប្រទេសដែលស្ថិតនៅចំណាត់ចុងក្រោយគេនៃតារាងប្រទសស្វាគមន៍ជនបរទេសជាងគេ គឺអាហ្វហ្គានីស្ថាន, សូម៉ាលី និងតួកមេនីស្ថាន ដោយប្រទេសទាំងបីតម្រូវឲ្យជនបរទេសទាំងអស់ដាក់ពាក្យស្នើសុំទិដ្ឋាការចូលទឹកដីរបស់ខ្លួន។
រដ្ឋឯកោកូរ៉េខាងជើង មានចំណាត់ថ្នាក់ល្អជាងប្រទេសទាំងបីខាងលើ ដោយប្រទេសនេះសម្រេចលើកលែងទិដ្ឋាការឲ្យអ្នកកាន់លិខិតឆ្លងដែនមកពីស្វ៊ីស, សិង្ហបុរី និងម៉ាឡេស៊ី។ ចក្រភពអង់គ្លេស ស្ថិតនៅចំណាត់ទី៥១ នៃតារាងនេះ ដោយប្រទេសតម្រូវឲ្យប្រទេសប្រមាណ៥០ភាគរយនៃប្រទេសលើពិភពលោក ស្នើសុំទិដ្ឋាការ។
ដោយឡែក បើតាមសន្ទស្សន៍លិខិតឆ្លងដែនមានអំណាចជាងគេ លិខិតឆ្លងដែនរបស់អាល្លឺម៉ង់ នៅរក្សាចំណាត់ថ្នាក់ទី១ ដដែល ព្រោះអ្នកកាន់លិខិតឆ្លងដែនអាល្លឺម៉ង់ អាចធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដោយមិនចាំបាច់ស្នើសុំទិដ្ឋាការឡើយ។ សន្ទស្សន៍ដែលធ្វើឡើងដោយស្ថាប័ន Arton Capital បង្ហាញដែរថា លិខិតឆ្លងដែនរបស់សិង្ហបុរី បានឡើងមកកាន់ចំណាត់ថ្នាក់ទី២ ទន្ទឹមគ្នានឹងលិខិតឆ្លងដែនរបស់ស៊ុយអែត។
លិខិតឆ្លងដែនរបស់ចក្រភពអង់គ្លេស ស្ថិតនៅចំណាត់ទី៣ ជាមួយនឹងលិខិតឆ្លងដែនរបស់ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អេស្ប៉ាញ, ស្វ៊ីស, ន័រវ៉េស និងអាមេរិក។ នេះបើយោងតាមសន្ទស្សន៍ខាងលើ ដែលបង្ហាញទៀតថា លិខិតឆ្លងដែនរបស់អាហ្វហ្គានីស្ថាន ស្ថិតនៅចំណាត់ចុងក្រោយគេនៃតារាងលិខិតឆ្លងដែនមានឥទ្ធិពលជាងគេ៕
Tag:
កម្ពុជា
លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com