ជាតិ
ឱកាសរបស់និស្សិតកម្ពុជាក្នុងការប្រជែងយកអាហារូបករណ៍សិក្សានៅហុងគ្រី
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងNon-degree Programme ទៅសិក្សានៅសាធារណរដ្ឋហុងគ្រី។ អាហារូបករណ៍នេះផ្ដល់ឲ្យនិស្សិតកម្ពុជា ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃសាធារណរដ្ឋហុងគ្រី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីអាហារូបករណ៌ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងNon-degree Programme ទៅសិក្សានៅសាធារណរដ្ឋហុងគ្រី។ អាហារូបករណ៍នេះ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាល នៃសាធារណរដ្ឋហុងគ្រី បានអាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី ចាប់ពីខែកញ្ញា ឆ្នាំ២០១៧។
សម្រាប់លក្ខខណ្ឌនៃការចូលរួមកម្មវិធីអាហារូបករណ៍ខាងលើ បេក្ខជនទាំងអស់ ត្រូវមកចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អាគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្ថិតនៅទីស្ដីការក្រសួងអប់រំ) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៧។ បន្ថែមលើនេះ បេក្ខជនក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ www.stipendiumhungaricum.hu ឲ្យបានមុនថ្ងៃទី០៥ ខែមីនា លេខទូរសព្ទទំនាក់ទំនង ០២៣ ៧២៤ ៨៧៤។
ជាមួយគ្នានេះ ប្រភេទនៃអាហារូបករណ៍រួមមាន ថ្នាក់បណ្ឌិត មានរយៈពេលសិក្សា ០៤ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេលសិក្សាពី ១៨ខែ ដល់០២ឆ្នាំ។ ចំពោះថ្នាក់បរិញ្ញាបត្រ មានរយៈពេលសិក្សាពី០២ឆ្នាំ ដល់០៤ឆ្នាំ និងNon-degree Programme មានរយៈពេលពី០៦ខែ ដល់០១ឆ្នាំ។
គួររម្លឹកថា សាធារណរដ្ឋហុងគ្រី និងរ៉ាប់រងថ្លៃបង់ការសិក្សា ផ្ដល់ប្រាក់អាហារូបករណ៍ប្រចាំខែសម្រាប់ផ្គត់ផ្គង់ការរស់នៅ ផ្ដល់ការស្នាក់នៅ និងរ៉ាប់រងសេវាសុខភាពផងដែរ។ ប៉ុន្តែសម្រាប់សំបុត្រយន្តហោះទៅមកជាបន្ទុករបស់បេក្ខជន៕
© រក្សាសិទ្ធិដោយ thmeythmey.com