អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​សឹក​ថៃ បង្កើត​កិច្ចព្រមព្រៀង​«​ការទុកចិត្ត​»​ដោយ​ឲ្យ​បក្សនយោបាយ ទទួលស្គាល់​មេដឹកនាំ​ជាប់ឆ្នោត និង​មិន​រំខាន​ការបោះឆ្នោត
19, Jan 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​របប​សឹក​ថៃ គ្រោង​បង្កើត​កិច្ចព្រមព្រៀង ឬ​បទបញ្ជា​ថ្មី​មួយ ដោយ​ទាមទារ​ឲ្យ​មានការ​ចុះហត្ថលេខា​ពី​គណបក្សនយោបាយ និង​អង្គការ​ពាក់ព័ន្ធ​។ បទបញ្ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​កសាង​ទំនុកចិត្ត និង​ផ្សះផ្សា​ជាតិ និង​ជាពិសេស​នោះ ដើម្បី​ធានា​ឲ្យ​បាន​ថា គណបក្សនយោបាយ មិនត្រូវ​រំខាន​ការបោះឆ្នោត​នាពេល​អនាគត ឬ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ដែរនោះ​។



​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​១៧ មករា បាន​អះអាងថា គណបក្សនយោបាយ និង​អង្គការ​ពាក់ព័ន្ធ នឹងត្រូវ​បានស្នើ​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដោយ​ត្រូវ​សន្យាថា​នឹងមិន​រំខាន​ដល់​ការបោះឆ្នោត​នាពេល​អនាគត ឬ​បដិសេធ​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត ដែល​ចំណាត់ការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការផ្សះផ្សា​ជាតិ​ក្រោម​ការដឹកនាំ​របស់រប​ប​សឹក​។

​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំ​សប្តាហ៍ បាន​ពន្យល់​ពី​ផែនការ​លម្អិត​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ផ្សះផ្សារ​ជាតិ​យ៉ាង​ដូច្នេះ​ថា​៖« បទបញ្ជា​នោះ គឺជា​កិច្ចព្រមព្រៀង​ដែល​ផ្តល់​ការទុកចិត្ត​ដល់​សង្គម ដែល​ក្រោម​បទបញ្ជា​នេះ អ្នក​ត្រូវតែ​ធ្វើ​អ្វីដែល​អ្នក​និយាយ​។ ឧទាហរណ៍​នោះ (​តាមរយៈ​កិច្ចព្រមព្រៀង​) យើង នឹងមិន​បង្កើត​ឲ្យ​មាន​ជម្លោះ​ទៀត​នោះទេ​, យើង នឹងមិន​រំខាន​ការបោះឆ្នោត​នាពេល​អនាគត ហើយ យើង នឹង​ទទួល​រដ្ឋាភិបាល​ដែល​ចេញពី​ការបោះឆ្នោត​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។

​ក្រៅពី​ចង់​ឲ្យ​មានការ​ផ្សះផ្សារ​ជាតិ​តាមរយៈ​ការបន្ត​ទៅមុខ​ជាមួយនឹង​បក្សនយោបាយ និង​អង្គការ​ពាក់ព័ន្ធ​នោះ ប្រមុខ​របប​សឹក លោក​ប្រា​យុទ្ធ ក៏បាន​ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូលរួម​សហការ​ជាមួយនឹង​រដ្ឋាភិបាល​ថៃ​គិតគូរ​ពី​អនាគត​ប្រទេសជាតិ​ក្នុង​រយៈពេល​វែង​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ស្មុគស្មាញ​សាធារណៈ ដែលមាន​ដូចជា​បញ្ហា​អ​សមភាព និង​បញ្ហាដីធ្លី​ជាដើម​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។​

​ជុំវិញ​បញ្ហា​ការបង្កើត​កិច្ចព្រមព្រៀង​ផ្តល់​ការទុកចិត្ត​ដល់​សង្គម​នេះដែរ លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី​ថៃ និង​ជា​ប្រធាន​គណៈកម្មការ​បង្កើត​កិច្ចព្រមព្រៀង​នេះ នៅ​ថ្ងៃទី​១៦ មករា ក៏បាន​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​នេះ មិន​ជាប់​ពាក់ព័ន្ធ​ការ​ការចរចា​សុំ​លើកលែងទោស​លើ​ជន​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​ឡើយ​។ លោក Prawit ដែល​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ផងដែរ​នោះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គណៈកម្មការ​របស់លោក ក៏​កំពុងតែ​រៀបចំ​កិច្ចសន្ទនា​ស្តីពី​ការរួបរួម និង​ផ្សះផ្សារ​ផងដែរ​។

​សូម​ជម្រាប​ផងដែរ រដ្ឋាភិបាល​របប​សឹក ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​ប្រមុខ បាន​ឡើង​កាន់អំណាច​បន្ទាប់ពី​លោក បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ក្រោម​ហេតុផល​ថា​រដ្ឋបាល​របស់លោក​ស្រី ធ្វើ​ឲ្យ​សង្គម​ថៃ ត្រូវ​បែកបាក់ និង​បែងចែក​និន្នាការ​នយោបាយ​។ ក្នុង​រដ្ឋបាល​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ លោក បាន​សន្យា​ផ្សះផ្សា​ជាតិ​ឡើងវិញ តាមរយៈ​ការបង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី និង​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន រួមទាំង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​នៅ​ចុងឆ្នាំ​២០១៧ ឬ​ដើមឆ្នាំ​២០១៨​ខាងមុខនេះ​៕


Tag:
 ថៃ​
  នយោបាយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com