អន្តរជាតិ
ស៊ី ​ជិន​ពីង លត់ ដូ​ណា​ល់ ត្រាំ លើ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ស្វី​ស​
18, Jan 2017 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​យក​វេទិកា​សេដ្ឋកិច្ចពិភពលោក​ទីក្រុង Davos ព្រលះ​ប្រធានាធិបតី​អាមេរិក​ថ្មី​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​ការ​«​ប៉ង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម និង​អនុវត្ត​គោលនយោបាយ​គាំពារ​និយម​»​។

មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​រូបនេះ​បានប្រកាស​ចំពោះមុខ​បណ្តា​មេដឹកនាំ​ពិភពលោក​និង​ក្រុម​អ្នកជំនួញ​ថា «​សកល​ភាព​វូប​នីយកម្ម​សេដ្ឋកិច្ច​»​មិនបង្កើត​បញ្ហា​ពិភពលោក​ឡើយ តែ​អភិបាលកិច្ច​និង​ការគ្រប់គ្រង​នយោបាយ​ក្នុងប្រទេស​ទេ​ដែល​បង្កើត​ប​ញ្ហ​នេះ​ឡើង​។ ហើយ​ប្រមុខរដ្ឋ​ចិន​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​លើ​ពិភពលោក​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​ផ្សេងទៀត និង​ចៀសវាង​ការរត់​គេច​ពី​បញ្ហា​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖





 ប្រទេស​ជាច្រើន​ជា​លើ​ពិភពលោក​ដែល​បានទទួល​ប្រយោជន៍​ពី​ចលនា​សកលភាវូបនីយកម្ម​និង​ពាណិជ្ជកម្ម​សេរី ហាក់​មាន​សុទិដ្ឋិនិយម​ឡើងវិញ ក្រោយ​លឺ​សម្តី​របស់​ប្រធានាធិបតី​ចិន​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ក្រុង Davos ប្រទេស​ស្វី​ស​ថ្ងៃ​អង្គារ​ទី ១៧ មករា​។

​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង បាន​ឆក់យក​ឱកាស​ដ៏​សំខាន់​នៅ​ស្វី​ស​នេះ ប្រកាសប្រាប់​ពិភពលោក​ថា ចិន​មិន​បោះបង់ចោល​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច និង​បន្ត​គាំទ្រ «​ចរន្ត​សកលភាវូបនីយកម្ម​» ទោះ​លោកខាងលិច​ដកថយ​ក៏ដោយ​។ លោក​ក៏បាន​អំពាវនាវ​យ៉ាងទទូច​សុំ​ឲ្យ​បណ្តា​អភិជន​នយោបាយ​និង​អ្នកជំនួញ​នានា​លើ​ពិភពលោក​ទប់ស្កាត់​ឲ្យ​បាន​នូវ​«​សង្គ្រាម​ពាណិជ្ជកម្ម​» និង​រារាំង​រាល់​គោលបំណង​អនុវត្ត​ឡើងវិញ​នូវ​គោលនយោបាយ​«​គាំពារ​និយម​ពាណិជ្ជកម្ម​»​ដែលមាន​ពី​អតីត​កាលនោះ​។

​វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ចិន​កំពុង​ដើរតួរ​ជា​អ្នកការពារ​ពាណិជ្ជកម្ម​សេរី ខណៈដែល​លោកខាងលិច​ជាពិសេស​ក្រុង​វ៉ាស៊ីនតោន​ក្រោម​អាណត្តិ ដូ​ណា​ល់ ត្រាំ កំពុង​ព្យាយាម​ដកខ្លួន​ចេញពី​វេទិកា​ពិភពលោក​នោះ​។​

១.​ពេល​ប្រទេស​សេរី​ដកខ្លួន​ពី​សាកលភាវូបនីយកម្ម មហា​យក្ស​ចិន​ប្រកាស​ខ្លួន​ធ្វើជា​តួឯក​

​ថ្លែង​បើក​វេទិកា​សេដ្ឋ​ពិភពលោក​ក្រុង Davos លោក ស៊ី ជិន​ពីង ផ្តោត​សំខាន់​ចលនា​ប្រឆាំង​ចរន្ត​សាកលភាវូបនីយកម្ម​។ ហើយ​មេដឹកនាំ​ចិន​នេះ​បាន​អំពាវនាវ​ជាថ្មី​ទៅកាន់​ពិភពលោក ឲ្យ​រួម​សាមគ្គី​គ្នា​រិះរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​។​

​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ២​ពិភពលោក លោក ស៊ី ជិន​ពីង បញ្ជាក់ថា វា​ជា​ពេលវេលា​ដែល​ពិភពលោក​ត្រូវ​កាត់បន្ថយ​គម្លៀត​រវាង​អ្នកមាន​និង​អ្នកក្រ ក៏ដូចជា​កែទម្រង់​បទបញ្ញត្តិ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដោយ​មិនចាំបាច់​ត្រូវ​ឈប់​អនុវត្ត​គោលនយោបាយ​ដែលមាន​ស្រាប់​ដែល​បាន​បង្កើត​ការអភិវឌ្ឍ​និង​លូតលាស់​នៃ​សេដ្ឋកិច្ច​ឡើយ​។ ហើយ​លោក ស៊ី ជិន​ពីង បាន​ប្តេជ្ញាចិត្ត​ចំពោះមុខ​អ្នកចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​នេះ​ថា មហា​យក្ស​ចិន​នៅតែ​គាំទ្រ និង​ការពារ​ពាណិជ្ជកម្ម​សេរី ,​ការវិនិយោគ​សកល និង​ការ​បន្តធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​។​

​កាយវិការ​របស់​ប្រធានាធិបតី​ចិន ជា​សារ​មួយ​បង្ហាញ​ទៅគ្រប់​គ្នា​ថា ចិន​កំពុង​ពង្រឹង​តួនាទី​ខ្លួន​ដើម្បី ធ្វើជា​តួអង្គ​សំខាន់​ក្នុងការ​ដោះស្រាយ​វិបត្តិ​និង​បញ្ហា​នានា​លើ​ពិភពលោក​ផង​។ ហើយ មហា​យក្ស​ចិន​មើលឃើញថា​វា​ជា​ឱកាស​មាស​ដែរ នៅពេល​បណ្តា​ប្រទេស​លោកខាងលិច​នាំគ្នា​បោល​ថយក្រោយ​រត់គេច​ពី​ចរន្ត​សាកលភាវូបនីយកម្ម​នោះ​។​

​នាពេល​បច្ចុប្បន្ន ចលនា​ប្រជា​ឧបាយ (Populist) ដែលមាន​និន្នាការ​ប្រឆាំង​សកល​ភា​វូប​នី​កម្ម និង​គាំទ្រ​វិធានការ​គាំពា​និយម​កើនឡើង​គួរ​ឲ្យ​បារម្ភ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។ គេ​ឃើញ​ចលនា​នេះ​រីក​ធំធាត់​នៅ​ពាសពេញ​អឺរ៉ុប ក្រិ​ក អ៊ីតាលី បារាំង អង់គ្លេស និង​អាមេរិក​ផង​។ ការជាប់ឆ្នោត​របស់​សេដ្ឋី ដូ​ណា​ល់ ត្រាំ និង​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ជា​ទឡ្ហីករណ៍​ដ៏​ជាក់ច្បាស់​ដែល​បង្ហាញថា សកលភាវូបនីយកម្ម​កំពុង​ដើរ​ថយក្រោយ​។

២.​លោក ស៊ី ជិន​ពីង សំពង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ មួយ​ព្រនង់​

​ទោះជា​មិន​និយាយ​ឈ្មោះ ដូ​ណា​ល់ ត្រាំ ចំៗ​ក៏ដោយ  ប្រមុខរដ្ឋ​ចិន ស៊ី​ជិន​ពីង មាន​គោលបំណង​យក​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​ដើម្បី​លត់ ប្រធានាធិបតី​ទី ៤៥ អាមេរិក ដែល​ចង់​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន​និង​ដកខ្លួន​ចេញពី​សេដ្ឋកិច្ច​សកល​នោះ​។

​ដូច​គ្រប់គ្នា​បានដឹង​ហើយ  តាំងពី​ឃោសនាបោះឆ្នោត ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់ថា មហា​យក្ស​ចិន​លួច​ការងារ​ប្រជាជន​អាមេរិក​ច្រើនជាងគេ ហើយ​លោក​សន្យា​ចាត់វិធានការ​ដើម្បី​ប្រឆាំង​ចិន​ដែរ​។​សេដ្ឋី​អចលនទ្រព្យ​នេះ​បាន​ប្រើប្រាស់​វោហារ​ស័ព្ទ​នយោបាយ​គំរាម​អនុវត្ត​គោលនយោបាយ​គាំពារ​និយម ដោយ​ប្រើប្រាស់​របាំង​ពាណិជ្ជកម្ម​និង​រូបី​យ​វត្ថុ​ជាដើម​ដែរ​។ កម្រិត​ពន្ធ​សម្រាប់​ទំនិញ​នាំចូល​ពី​ចិន​ដែល​លោក ដូ​ណា​ល់ ត្រាំ ស្នើឡើង​គឺ ៤៥ ភាគរយ​ឬ​ខ្ពស់ជាង​នេះ​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ចិន Xinhua លោក ស៊ី ជិន​ពីង បាន​អធិប្បាយ​ប្រាប់​បណ្តា​អ្នកចូលរួម​ថា គ្មាន​ពី​អ្នក​គេច​ពី​ពាណិជ្ជកម្ម​សេរី​បានឡើយ ហើយ​អ្នក​រាល់គ្នា​នឹង​ខាតបង់ បើ​មាន​សង្គ្រាម​ពាណិជ្ជ​មែន​នោះ​។

«​ការប្រើប្រាស់​នយោបាយ​គាំពារ​និយម​ប្រៀបដូចជា​ចាក់សោរ​ឃុំ​ខ្លួនឯង​ក្នុង​បន្ទប់​ងងឹត ហាក់ដូចជា​យើង​កំពុង​ព្យាយាម​គេច​ពី​ខ្យល់​និង​ភ្លៀង​។ ប៉ុន្តែ​វា​ក៏ដូចជា​ឃុំខ្លួន​ឯង​ពី​ពន្លឺ​ថ្ងៃ និង​ខ្យល់​ដែរ​។ ហើយ​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​មិន​ចំណេញ​អ្វី​ឡើយ វា​បង្កើត​តែ​ការខាតបង់​និង​គ្រោះ​ថា្នក់​ដល់​ភាគី​ទាំងពីរ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ី ជិន​ពីង នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​។

​លើសពីនេះ ស៊ី ជិន​ពីង បាន​ពន្យល់​បន្ថែមថា វា​ជា​រឿង​មិន​សម​ហេតុផល​ឡើយ​ដែល​ត្រូវ​បន្ទោស​សកលភាវូបនីយកម្ម​ចំពោះ​បញ្ហា​គ្រប់យ៉ាង​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នោះ​។ គ្រប់យ៉ាង​វា​ទាក់ទង​ការបរាជ័យ​នៃ​នយោបាយ​ក្នុងស្រុក​ក៏ដូចជា​អភិបាលកិច្ច​ប៉ុណ្ណោះ​។ ប្រមុខរដ្ឋ​ចិន​រូបនេះ​បន្ថែមថា វា​ជា​គ្រោះថ្នាក់​ធំ​នៅពេល​បណ្តា​ប្រទេស​ទាំងនោះ​មិន​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា បែរជា​នាំគ្នា​រត់គេច​ពី​ការពិត​ទៅវិញ​។​

«​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​បន្ទោស​សកលភាវូបនីយកម្ម​ចំពោះ​បញ្ហា​ដែល​កើតឡើង​ពេលបច្ចុប្បន្ន​ឡើយ​។ ប្រវត្តិសាស្ត្រ​មនុស្សជាតិ​យើង​បង្ហាញថា បញ្ហា​មិនមែនជា​រឿង​គួរ​ភ័យខ្លាច​ឡើយ​។ អ្វីដែល​យើង​គួរ​បារម្ភ​គឺ​ការរត់​គេច​ពី​បញ្ហា​ទៅវិញ​ទេ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com