អន្តរជាតិ
អាហ្វ្រិក​ខាងលិច​លើកទ័ព​ទៅ​ព្រំដែន​ហ្កំ​ប៊ី ត្រៀម​ទម្លាក់​ជន​ផ្ដាច់ការ Jammeh
19, Jan 2017 , 9:53 am        
រូបភាព
​ស្ថានការណ៍​នយោបាយ​នៅ​រដ្ឋ​អាហ្វ្រិក​ហ្កំ​ប៊ី បាន​ធ្លាក់ចូល​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រោយ​សភា​ហ្កំ​ប៊ី សម្រេច​ឲ្យ​ប្រធានាធិបតី​ចាញ់ឆ្នោត យះ​យ៉ា ចា​មេ​ហ៍ (Yahya Jammeh) បន្ត​ក្នុង​ស្ថិតក្នុង​តំណែង​រយៈពេល​បី​ខែ​ទៀត​។ លោក ចា​មេ​ហ៍ ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​១៩៩៤ បាន​បដិសេធ​ចុះចេញ​ពី​អំណាច ដែល​ធ្វើ​ឲ្យ​រដ្ឋ​អាហ្វ្រិក​ខាងលិច គំរាម​ប្រើ​ទ័ព​បង្ខំ​ឲ្យ​លោក​លាលែង និង​ប្រគល់​អំណាច​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត Adama Barrow ។​



​ប្រជាជន​ហ្កំ​ប៊ី​ជាច្រើន​ពាន់​នាក់ បាន​ភៀសខ្លួន​ទៅកាន់​សេ​ណេ​ហ្កា​ល់​ជា​រដ្ឋ​ក្បែរ​ខាង ខណៈដែល​សភាពការណ៍​នយោបាយ​ក្នុងប្រទេស​កាន់តែ​វឹកវរ ដោយសារ​ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​។ បន្ទាប់​ពីនេះ សភា​ហ្កំ​ប៊ី ក៏បាន​សម្រេច​ឲ្យ​លោក ចា​មេ​ហ៍ បន្ត​កាន់អំណាច​បី​ខែ បើទោះជា​អាណត្តិ​របស់លោក​ត្រូវបាន​បញ្ចប់​ក៏ដោយចុះ ដែល​ទាក់ទាញ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។​

​ភ្លាមៗ​បន្ទាប់ពី​លោក ចា​មេ​ហ៍ ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន សេ​ណេ​ហ្កា​ល់​ដែលជា​អ្នកជិតខាង​តែមួយគត់​របស់​ហ្កំ​ប៊ី ក៏បាន​ចល័ត​ទ័ព​ទៅកាន់​ព្រំដែន​ជាមួយ​រដ្ឋ​អាហ្វ្រិក​ខាងលិច​មួយ​នេះដែរ​។ បើតាម​សារព័ត៌មាន Al Jazeera សាក្សី​ជាច្រើន​រាយការណ៍​ថា កងទ័ព​សេ​ណេ​ហ្កា​ល់ ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រំដែន​ខាងជើង និង​ខាងត្បូង​រវាង​រដ្ឋ​ទាំងពីរ​។ អ្នកនាំពាក្យ​កងទ័ព បាន​និយាយថា កងទ័ព​សេ​ណេ​ហ្កា​ល់ ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រំដែន​ហ្កំ​ប៊ី​នៅ​រាត្រី​ថ្ងៃទី​១៨ ខែមករា មុន​ឱសានវាទ​ដែល​លោក​ចា​មេ​ហ៍ ត្រូវ​លាលែង​។​



​អ្នកនាំពាក្យ​កងទ័ព​សេ​ណេ​ហ្កា​ល់​បន្តថា ទ័ព​សេ​ណេ​ហ្កា​ល់ នឹង​ចូល​អន្តរាគមន៍ ពេល​ឱសានវាទ​កន្លងផុត ហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​អ្វី​នោះ​។ ប្រភពព័ត៌មាន​ដដែល​ផ្សាយ​ដែរ​ថា នី​ហ្សេ​រី​យ៉ា ក៏បាន​បញ្ជូន​ទ័ព​របស់ខ្លួន​ទៅកាន់​ហ្កំ​ប៊ី​ដែរ ខណៈ​នាវាចម្បាំង​នី​ហ្សេ​រី​យ៉ា ក៏បាន​ចាក​ចេញពី​ហ្គា​ណា​តម្រង់​ទៅកាន់​ហ្កំ​ប៊ី​ដែរ​។ លើសពីនោះ ហ្គា​ណា​ផ្ទាល់ ក៏​នឹង​បញ្ជូន​ទ័ព​របស់ខ្លួន​ចូលរួម​ជាមួយ​បណ្ដា​កងទ័ព​អាហ្វ្រិក​ខាងលិច​ដទៃទៀត​ទៅ​ជួយ​អន្តរាគមន៍​ដែរ​។

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​កំពូល​អាហ្វ្រិក​-​បារាំង បាន​រៀបចំឡើង​នៅក្នុង​ទីក្រុង Bamako នៃ​ប្រទេស​ម៉ាលី​នៅ​សប្តាហ៍​មុន បណ្តា​មេដឹកនាំ​អាហ្វ្រិក និង​បារាំង​បាន​ដង្ហោយ​ជាថ្មី​ទៅកាន់​លោក​ចា​មេ​ហ៍ ឲ្យ​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ ១៩ មករា​ខាងមុខ​។ បណ្តា​ប្រទេស​នៃ​សហគមន៍​សេដ្ឋកិច្ច​អា​ហ្រិ្វ​ក​ខាងលិច​(ECOWAS) បាន​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រេច​អនុម័ត​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​បណ្តេញ​មេដឹកនាំ​ផ្តាច់ការ​នេះ​ចេញពី​តំណែង​ទៀតផង​។​

​ដោយឡែក បច្ចុប្បន្ននេះ ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក Adama Barrow បាន​បន្ត​ស្នាក់នៅ​ប្រទេស​សេ​ណេ​ហ្កា​ល់ប​ណ្ណោះ​អាសន្ន​សិន​រហូតដល់​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​។  ការ​ស្នាក់នៅ​បរទេស​នេះ​គឺធ្វើឡើង​តាម​ការស្នើសុំ​ពី​បណ្តា​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ខាងលិច ហើយ​វា​ជាការ​រក្សា​សុវត្ថិភាព​មួយ​សម្រាប់​ប្រធានាធិបតី​ហ្កំ​ប៊ី​ថ្មី​។ លទ្ធភាព​នៃ​ការអន្តរាគមន៍​យោធា​នៅ​ហ្កំ​ប៊ី​កើនឡើង​កាន់តែខ្លាំង​ស្របពេល​ប្រទេស​អាហ្វ្រិក​ខាងលិច ក៏​ត្រៀមលក្ខណៈ​ចូល​អន្តរាគមន៍​រួចហើយ​ដែរនោះ​៕


Tag:
 ​សេ​ណេ​ហ្កា​ល់​
  ហ្កំ​ប៊ី​
  Yahya Jammeh
  ECOWAS
© រក្សាសិទ្ធិដោយ thmeythmey.com