ជាតិ
ស្ពាន​បណ្តែត​ទឹក​នៅ​អង្គរ​អាច​ផ្ទុក​មនុស្ស​ជាង​៦​ពាន់​នាក់​ក្នុងពេល​តែមួយ​
19, Jan 2017 , 7:19 pm        
រូបភាព
​សៀមរាប​៖ ស្ពាន​បណ្តែត​ទឹក​នៅ​កសិណ​អង្គរវត្ត កំពុងដំណើរការ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​។ ស្ពាន​បណ្តែត​ទឹក​នេះ​គឺ​សង់​ឡើង​ដើម្បី​ជំនួស​ចរាចរណ៍​ស្ពាន​ហាល​ខាងលិច​អង្គរ ដែល​គ្រោង​បិទ​ការដ្ឋាន​ដើម្បី​ជួសជុល​។ តាម​អ្នកបច្ចេកទេស ស្ពាន​បណ្តែត​ទឹក​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ពាន់​ក្នុងពេល​តែមួយ​។​



​លោក ហេង គឹម​ឡេង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ស្ពាន​អណ្តែត​ទឹក​ដែល​សង់​ពី​ពោង​បណ្តែត​នេះ គឺ​ប្រើ​បច្ចេកទេស​សុទ្ធសាធ​ពី​ប្រទេស​កាណាដា​។ ស្ពាន​នេះ​គ្រោង​ប្រើ​ជំនួស​ស្ពាន​ហាល​ខាងលិច ដែល​គ្រោង​ធ្វើការ​ជួសជុល​រយៈពេល​ពី​៤​ទៅ​៥​ឆ្នាំ​។​

​លោក គឹម​ឡេង បានបញ្ជាក់​ទៀតថា​៖« មុននឹង​សង់ស្ពាន​បណ្តែត​ទឹក​នេះ​ឡើង គឺមាន​ការពិភាក្សាគ្នា​អំពី​ជម្រើស​ជាច្រើន ដែល​អ្នកខ្លះ​ថា ចង់​ប្រើ​ប្រដឹស​ធ្វើ​ពី​ឫស្សី តែ​វា​មាន​អាយុកាល​តិច ក្នុងនោះ​ក្នុង​មួយឆ្នាំ​ត្រូវ​រើចេញ​វិញ​។ ចុងក្រោយ យើង​សម្រេច​ថា​យក​បច្ចេកទេស​នេះ ព្រោះ​យើង​មិនចាំបាច់​បុកគ្រឹះ​នោះដែរ​»​។​

​ពោងទឹក​ដែល​ច្នៃ​ពី​ជ័រ Polyethylene នេះ មាន​គុណភាព​ខ្ពស់ និង​មិន​ប៉ះពាល់​ដល់​ទឹក​ក្នុង​កសិណ​អង្គរ​ទេ​។ វា​មាន​លក្ខណៈ​គ្រើម មិន​រអិល និង​មាន​ផ្ទុក​ខ្យល់​នៅក្នុង​នោះ​ផងដែរ​។ ស្ពាន​នេះ​អាច​ផ្ទុក​ចំនួន​មនុស្ស​រហូតដល់​ទៅ ៦៣៧១​នាក់​ក្នុងពេល​តែមួយ​។ យ៉ាងណា លោក គឹម​ឡេង បាន​បញ្ជាក់ថា តាម​លក្ខណៈ​ស្ថាបត្យកម្ម​គេ​អនុញ្ញាត​ឲ្យ​ក្នុង​មួយ​ម៉ែត្រការ៉េ ផ្ទុក​មនុស្ស​បានតែ​២​នាក់​ប៉ុណ្ណោះ​។​



​ដូច​បានបញ្ជាក់​មកហើយ​ថា ស្ពាន​បណ្តែត​ទឹក​នេះ សង់​ឡើង​ដើម្បី​ជំនួស​ចរាចរណ៍​ស្ពាន​ហាល ដែល​គ្រោង​បិទ​នាពេលខាងមុខ​។ ស្ពាន​បណ្តែត​ទឹក នឹង​ប្រើ​ជំនួស​ចរាចរណ៍​ស្ពាន​ហាល​រយៈពេល​៤​ទៅ​៥​ឆ្នាំ ហើយ​វា​នឹងត្រូវ​រុះរើ​ចេញ​វិញ​។ យ៉ាងណា អ្នកជំនាញ​ថា វា​អាច​នឹងត្រូវ​រក្សាទុក ក្នុងករណី​ចាំបាច់​ណាមួយ​។​

​តាមពិតទៅ ការប្រើប្រាស់​ស្ពាន​បណ្តែត​នៅលើ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ មិនមែន​ទើបតែ​កើតឡើង​នាពេលនេះ​ទេ​។ តាម​ការសិក្សា​ស្រាវជ្រាវ​ពី​អ្នក​បុរាណ​វិទូ បាន​បញ្ជាក់ថា វា​មានប្រើ​តាំង​សម័យបុរាណ​មក​ម្លេះ​។​

​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បាន​ពន្យល់ថា គេ​បានឃើញ​ភស្តុតាង​មួយចំនួន​នៅលើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មា​។ ផ្ទាំងគំនូរ​នោះ​បង្ហាញថា បុព្វបុរស​យើង​ធ្លាប់បាន​សង់ស្ពាន​បណ្តែត​ទឹក​ដើម្បី​ចម្លង​ទ័ព​ដំរី និង​កងពល​សេនា​។ ស្ពាន​បណ្តែត​នោះ​សង់​ពី​ឫស្សី ភ្ជាប់​ជា​បាច់ៗ ហើយ​ក្រង​ប្រទាក់​គ្នា​ជា​ជួរ ចងភ្ជាប់​ជាមួយ​ខ្សែពួរ​ពីលើ និង​ពី​ខាងក្រោម រាយ​ទទឹង​ទន្លេ ហើយ​ប្រហែល​មាន​ក្រាល​ក្តារ ឬ​បន្ទះ​ឫស្សី​ពីលើ ដែល​អាចធ្វើ​ចរាចរ​ពីលើ​បាន​ងាយស្រួល​៕





Tag:
 ស្ពាន​អណ្តែត​ទឹក​
  ស្ពាន​ហាល​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com