អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន នឹងបំពេញទស្សនកិច្ចទៅកាន់ចិនជាថ្មី លោកប្រធានាធិបតីហ្វីលីពីន(ខាងស្តាំ) បំពេញទស្សនកិច្ចនៅចិន នៅខែតុលា ឆ្នាំ២០១៦
× ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌើទើតេ នឹងបំពេញទស្សនកិច្ចទៅកាន់ចិនជាថ្មីម្តងទៀតដើម្បីចូលរួមកិច្ចប្រជុំវេទិកានៃគំនិតផ្តួចផ្តើម«ខ្សែក្រវ៉ាត់មួយ និងវីថីមួយ» ។ តាមរយៈដំណើរទស្សនកិច្ចនេះ លោក ឌើទើតេ ក៏រពឹងថានឹងអាចជួបជាមួយនឹងសមភាគីចិន លោក ស៊ី ជិនពីងជាថ្មីទៀតផងដែរ។
«ខ្ញុំ នឹងបំពេញទស្សនកិច្ចទៅកាន់ក្រុងប៉េកាំងនៅខែឧសភានេះដើម្បីចូលរួមវេទិកាកិច្ចសហប្រតិត្តិការកំពូលអន្តរជាតិ ខ្សែក្រវ៉ាត់មួយ វិថីមួយ ហើយ ខ្ញុំ ក៏ទន្ទឹងរង់ចាំដើម្បីជួបលោកប្រធានាធិបតីចិន ស៊ី ជិនពីងម្តងទៀផងដែរ»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដែលបានស្រង់សម្តីរបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ ក្នុងជំនួបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសចិន លូ ហ្ស៊ីមីង ក្នុងក្រុងម៉ានីល ដែលបានចុះផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ មករា។
សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់អ្វីលម្អិតទៀតនោះទេ។ ដោយឡែកជុំវិញបញ្ហានេះ ក្រសួងការបរទេសហ្វីលីពីន ក៏មិនទាន់មានអត្ថាធិប្បាយអ្វីឡើយ ខណៈប្រភពការទូតពីក្រុងប៉េកាំង បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង ក៏នឹងអញ្ជើញមេដឹកបរទេសជាច្រើនផ្សេងទៀតដើម្បីចូលរួមវេទិការអន្តរជាតិនោះដែរ។
សូមជម្រាបផងដែរថា «ខ្សែក្រវ៉ាត់មួយ និងវីថីមួយ» គឺជាគំនិតផ្តួចផ្តើមមួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលគោលដៅរបស់គឺដើម្បីតភ្ជាប់ប្រទេសចិនជាមួយនឹងអាស៊ីកណ្តាល អ៊ឺរ៉ុប និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត។
តែអ្វីគួរកត់សម្គាល់នោះ វត្តមានរបស់ប្រធានាធិបតីហ្វីលីពីនទៅចូលរួមក្នុងកិច្ចប្រជុំនោះ នឹងធ្វើឲ្យត្រូវទៅដល់ចិនពីរដងត្រឹមរយៈពេលខ្លីប៉ុណ្ណោះ គិតចាប់តាំងពីកាន់អំណាចនៅពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ។ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ ចិន តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី ស៊ី ជិនពីង នៅខែតុលា ឆ្នាំ២០១៦។ វត្តមានលោកទៅកាន់ចិនពេលនោះ គឺជាការបើកផ្លូវមួយដ៏ធំនៃកិច្ចសហប្រតិបត្តិការហ្វីលីពីន និងចិន ក្នុងបរិបទថ្មី។
បរិបទថ្មីនោះគឺ នៅរដ្ឋបាលហ្វីលីពីនមុនៗ ចិន នឹងហ្វីលីពីន មិនសូវមានភាពល្អកល្អិននឹងគ្នាប៉ុន្មាននោះទេ ពោលគឺប្រទេសទាំងពីរ ញឹកញាប់មានការប្រឈមគ្នាទាំងផ្នែកការទូត និងការប្រកួតប្រជែងសព្វាវុធ ដ្បិត ប្រទេសទាំងពីរ មានជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូងជាមួយនឹងគ្នាដែលមិនទាន់ដោះស្រាយចប់នៅឡើយនោះ។ ហើយក្នុងរដ្ឋបាលហ្វីលីពីនថ្មីនេះ លោកប្រធានាធិបតី ឌើទើតេ ធ្លាប់អះអាងថា លោក នឹងធ្វើការជិតស្និទ្ធជាមួយនឹងចិនដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ រីឯសមុទ្រចិនខាងត្បូង លោក បានដាក់ក្នុងរបៀបវារៈទ្វេភាគីដើម្បីចរចា និងពិគ្រោះយោបល់គ្នា៕
Tag:
ហ្វីលីពីន
ចិន
អាស៊ាន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com