ជាតិ
សេដ្ឋកិច្ច
ស្ត្រីមានពិការភាពនៅខេត្តកំពត ទទួលបានការបណ្តុះបណ្តាលផែនការអាជីវកម្ម
29, May 2023 , 2:52 pm        
រូបភាព
ស្ត្រីមានពិការភាព១២នាក់ នៅខេត្តកំពត ទទួលបានការបណ្តុះបណ្តាលផែនការអាជីវកម្ម
ស្ត្រីមានពិការភាព១២នាក់ នៅខេត្តកំពត ទទួលបានការបណ្តុះបណ្តាលផែនការអាជីវកម្ម
កំពត៖​  ស្ត្រីមានពិការភាពដែលរស់​​នៅប៉ែកជាយសមុទ្រកម្ពុជា ទទួលបានការបណ្តុះបណ្តាលការរៀបចំផែនការអាជីវកម្ម។​ ការបណ្តុះបណ្តាលនេះ​ ជួយដោះស្រាយស្ត្រីមានពិការភាព លើបញ្ហាកង្វះចំណេះដឹង និងជំនាញអាជីវកម្មពាក់ព័​ន្ធ។



កញ្ញា ស៊ីន តុភក្តី ជាស្ត្រីមួយរូបក្នុងចំណោម​ស្ត្រីមានពិការភាពទាំង១២នាក់ ​ដែលទទួលបានការបណ្តុះបណ្តាល« អាជីវកម្មថ្នាក់មូលដ្ឋានសម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ» ពីសហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group) សហការជាមួយអង្គការ អេដ អេ អាកស្យុង (AEA) ក្រោមគម្រោង «សមាជិកនៃសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED)។  បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល​បានរយៈពេល៥សប្តាហ៍មក កញ្ញា តុភក្តី មានគំនិតពង្រីកការចិញ្ចឹមមាន់ពីលក្ខណៈគ្រួសារទៅជាអាជីវកម្មវិញ​។

កញ្ញា ស៊ីន តុភក្តី ឡើងធ្វើបទបង្ហាញពីគំរូអាជីវកម្មចិញ្ចឹមមាន់ស្រែរបស់ខ្លួន។ 

មូលហេតុដែលស្រ្តីមានពិភាពភ្នែកពីកំណើតរូបនេះ​​ សម្រេចពង្រីករបរចិញ្ចឹមមាន់​ ក៏ព្រោះតែនាង យល់ឃើញថា តម្រូវការទីផ្សារមាន់ស្រែ មានកម្រិតខ្ពស់។ សព្វថ្ងៃ តុភក្តី កំពុងចិញ្ចឹមមាន់ស្រែប្រមាណ៥០ក្បាល។ ក្នុងវេទិកាស្តីពី​ ធុរកិច្ចស្ត្រីដែលមានពិការភាព​ និងបញ្ចប់ការបណ្តុះបណ្តាល  នាព្រឹកថ្ងៃទី២៦ឧសភា តុភក្តី បានរៀបរាប់ពីផែនការអាជីវកម្មរបស់ខ្លួនយ៉ាងដូច្នេះ៖ «ខ្ញុំជ្រើសរើសទិញមាន់ស្រែជំទង់ៗ ព្រោះមាន់ដែលស្ថិតក្នុងវ័យនេះ គឺងាយស្រួលចិញ្ចឹម និងថែទាំ​។ មាន់ស្រែជំទង់ ខ្ញុំទិញក្នុងតម្លៃ១៥,០០០រៀលក្នុងមួយគីឡូក្រាម។ ខ្ញុំទិញ៥០គីឡូក្រាមដែលទទួលបានមាន់ស្រែចំនួន១០០ក្បាល​ ដើម្បីយកមកចិញ្ចឹម​ ដោយចំណាយអស់៧០ម៉ឺនរៀល»។​
 
កញ្ញា ចំណាយលើការចិញ្ចឹម និងថែទាំមាន់ក្នុងរយៈពេល៥ខែ ទើបមាន់ទាំងនោះអាចដាក់លក់ទីផ្សារបាន។ មាន់ដែលកញ្ញាដាក់លក់ទីផ្សារមានទម្ងន់ចាប់ពី១,៥គីឡូក្រាមឡើងទៅ ជាមួយតម្លៃ១៧,០០០រៀលក្នុងមួយគីឡូក្រាម។    តុភក្តី  បានបញ្ជាក់ថា មាន់ស្រែដែលពេញគីឡូត្រូវលក់ គឺមានឈ្មួញកណ្តាលមកទិញដល់ផ្ទះតែម្តង ដោយមិនពិបាកក្នុងការស្វែងរកទីផ្សារឡើយ។ 
 
ជាមួយគ្នានេះ អ្នកស្រី សែស សំផាត ដែលមានពិភាពជើង ក៏មានគំនិតផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួន ពីការដេរកន្ទេលកក់ ទៅប្រកបរបរលក់គុយទាវនៅផ្ទះ​វិញ ផងដែរ។ ​​ មានគំនិតផ្លាស់ប្តូរអាជីវកម្មបែបនេះ​ ក៏ព្រោះតែអ្នកស្រីទទួលបានការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុលើការកត់ត្រាចំណូលចំណាយ, ផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយជាដើម។ 

អ្នកស្រី សែស សំផាត ធ្វើបទបង្ហាញពីគំរូអាជីវកម្មលក់គុយទាវ​
 
«ខ្ញុំចង់បង្កើតអាជីវកម្មនេះ​ ដើម្បីកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។ ខ្ញុំមានផែនការបើកតូបលក់គុយទាវនេះនៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៣»។ លោកស្រី សំផាត បានថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ ដោយគ្រោងចំណាយជាង​៣លានរៀល ក្នុងការបើកអាជីវកម្មនេះឡើង។
 
ជុំវិញនៃការបណ្តុះបណ្តាល «អាជីវកម្មថ្នាក់មូលដ្ឋានសម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ» លោក កេត បូរ៉ាវីន មន្ត្រីសម្របសម្រួលកម្មវីធី​នៃសហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group)  បានលើកឡើងថា ក្នុងរយៈពេល៥សប្តាហ៍នៃការបណ្តុះបណ្តាលនេះ គឺផ្ដោតទៅលើការបង្កើតគម្រោងអាជីវកម្ម។ ក្នុងនោះមានការបង្រៀននូវជំនាញទន់ និងការស្គាល់ខ្លួនឯង សម្រាប់ស្រ្តីមានពិការភាពទាំងនោះ។  ជាពិសេសការបង្រៀននូវគំនិតបង្កើតអាជីវកម្ម, បង្រៀនជុំវិញនៃការធ្វើទីផ្សារ និងបង្រៀននូវការគ្រប់គ្រងហិរញ្ញវត្ថុ​។ 
 
បើតាមលោក​ បូវ៉ាវីន ការបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាន សម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ គឺបានជួយស្រ្តីដែលមានពិការភាពទាំងនោះ ឱ្យមានឯករាជ្យភាពនៅក្នុងការរស់នៅប្រចាំថ្ងៃខ្លួនឯង។ លោកបន្តនិយាយថា៖ «ពេលដែលពួកគាត់មានសមត្ថភាព មានចំណេះដឹងទាក់ទងនឹងការរកស៊ី គឺពួកគាត់អាចធ្វើខ្លួនឯងបាន ដោយឥតចំបាច់ត្រូវការជំនួយ ឬពឹងផ្អែកគេខ្លាំងដូចពីមុនឡើយ។ ដូច្នេះ! គឺវាធ្វើឱ្យជីវភាពរបស់គាត់កាន់តែឯកភាពក្នុងការរកលុយដោយខ្លួនឯងបាន»។

លោក កេត បូរ៉ាវីន មន្ត្រីសម្របសម្រួលកម្មវីធីនៃសហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group) 
 
ការបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាន សម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រនេះ ត្រូវបានធ្វើឡើង ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជារស់នៅក្នុងសហគមន៍ក្បែរឆ្នេរសមុទ្រ ដែលពឹងផ្អែកលើការនេសាទជាប្រភពចំណូលចម្បង។ លោក ម៉ៅ យេ នាយកគម្រោង CO-SAVED នៃអង្គការ AEA បានលើកឡើថា ស្ត្រីពិការទាំង១២នាក់ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លីនេះ​ នឹងទទួលបានថវិកាចំនួន៥០០ដុល្លារក្នុងម្នាក់ៗ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅផ្ទះ។
 
បើតាមលោក ​ម៉ៅ យេ នេះជាគម្រោងដំបូងគេដែលអង្គការ AEA សហការអនុវត្តជាមួយ Agile សម្រាប់ស្ត្រីមានពិការ នៅក្នុងខេត្តកំពត និងខេត្តកោះកុង​ លើការបង្តើតអាជីវកម្មខ្នាតតូចរួមមាន៖ ការចិញ្ចឹមមាន់, ការចាប់ហួយ និងលក់ចំណីអាហារ​នានា ជាដើម។​  លោកបានបញ្ជាក់ថា​៖ «ក្នុងគម្រោងជាមួយ Agile គឺមានយើងមានរយៈពេល៦ខែ»។ 


លោក ម៉ៅ យេ នាយកគម្រោង CO-SAVED នៃអង្គការ AEA 
 
ជនដែលមានពិការភាពនៅកម្ពុជា មានភាគច្រើនគឺមិនទទួលបានឱកាសសេដ្ឋកិច្ច ដោយសារកង្វះខាតផ្នែកអប់រំ​ និងកត្តារួមផ្សំនានា។  លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយថា​ សម្រាប់គម្រោង​​​ CO-SAVED គឺជាជំហានដ៏សំខាន់មួយ ក្នុងការជួយជនពិការភាព​ស្វែងរកការងារ និងជួយអភិវឌ្ឍអាជីវកម្មខ្នាតតូចនៅផ្ទះ ដល់អ្នកមានពិការភាពទាំងនេះ។
 
លោក​ រតនា បានកត់សម្គាល់ឃើញថា ស្រ្តីពិការភាពក្នុងគម្រោងCO-SAVED ក្រៅពីទទួលបានការបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋានពីអង្គការហើយនោះ ក៏ទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងទំហំណាមួយ សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួនបាន ផងដែរ។​ លោក​បានបញ្ជាក់ថា គម្រោងនេះគឹមានទិសដៅស្របទៅនឹងក្រសួងសង្គមកិច្ច ក្នុងការជួយជនមានពិការភាពនៅទូទាំងប្រទេស ជាពិសេសតាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ។


លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 
យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ អត្រាជនមានពិការភាពមាន៥,៣ភាគរយ គឺស្មើនឹង៨៧២ ៥២៧នាក់ នៃចំនួនប្រជាជនសរុប (ស្រីចំនួន៤៧,៦ភាគរយ)។ ដោយឡែក ក្នុងឆ្នាំ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍បានចំនួន៦០ ក្រុង-ស្រុកក្នុង២៥រាជធានីខេត្ត ដែលមានជនពិការសរុប១៩ ៨៧៤នាក់។  ក្នុងនោះ ជនពិការទទួលបានរបប ២៤ម៉ឺនរៀល(១២ខែ) មានចំនួន ១២៦៣៨នាក់ និងជនពិការទទួលបានរបប ១២ម៉ឺនរៀល(៦ខែ) មានចំនួន ៧ ២៣៦៕ 
 

Tag:
 សង្គម
  ធុរកិច្ច
  ពិការភាព
 ​ កំពត
© រក្សាសិទ្ធិដោយ thmeythmey.com