ជាតិ
អត្ថបទពាណិជ្ជកម្ម
PPCBank នាំយកថវិកា និងសម្ភារសិក្សាចែកជូនកុមារកំព្រា និងកុមារគ្មានទីពឹង ក្នុងឱកាសទិវាកុមារអន្តរជាតិ
01, Jun 2023 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការផ្តល់កម្លាំងចិត្ត និងស្នាមញញឹមដល់កុមារកំព្រា នាឱកាសទិវា កុមារអន្តរជាតិ PPCBank​ ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បាននាំយកថវិកាចំនួន ៥,០០០ ដុល្លារ ទៅប្រគល់ជូនមណ្ឌលមែកឈើ ដែលមានទីតាំងនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ធនាគារក៏មានចែកជូនសម្ភារសិក្សាមួយចំនួន ដល់កុមារកំព្រាជាង ១០០នាក់ នៅក្នុងមណ្ឌលផងដែរ។
 
ចំនួនទឹកប្រាក់នេះ បានមកពីកម្មវិធីរៃអង្គាសរបស់ធនាគារ PPCBank ដែលបានដំណើរការពីថ្ងៃទី៣ ដល់ ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២៣ ដោយធនាគារបានបរិច្ចាគទឹកប្រាក់បន្ថែម ១០០% លើទឹកប្រាក់ដែលទទួលបានពីសប្បុរសជន និងការចូលរួមបរិច្ចាគមួយចំណែកទៀត ពីហាង Socials Coffee។



តាមរយៈទឹកចិត្តសប្បុរសធម៌របស់អតិថិជន ថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ PPCBank និងសាធារណជន នឹងជួយគាំទ្រដល់មណ្ឌលមែកឈើ ឲ្យបន្តនូវកិច្ចប្រតិបត្តិការរបស់ខ្លួនបានយូរអង្វែង ជាពិសេស រួមចំណែកផ្គត់ផ្គង់កុមារដែលខ្វះខាត ឲ្យទទួលបានលទ្ធភាពរៀនសូត្រ និងការយកចិត្តទុកដាក់ដូចក្មេងៗ ដទៃទៀត។
 
លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank បានឲ្យដឹងថា៖ “យើងពិតជា មានក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានផ្តល់ស្នាមញញឹម និងភាពកក់ក្តៅដល់ក្មួយៗទាំងអស់ នាឱកាសអបអរទិវាកុមារអន្តរជាតិ។”
 


លោកបន្តថា៖ “កុមារកំព្រា និងកុមាររងគ្រោះដោយអំពើហិង្សាជាច្រើនរូប កំពុងត្រូវការជំនួយពីយើងទាំង អស់គ្នា។ ដូច្នេះការចូលរួមបរិច្ចាគរបស់សប្បុរសជន ទោះតិចក្តី ឬច្រើនក្តីជូនមណ្ឌលមែកឈើ ពិតជាមានសារសំខាន់ ក្នុងការជំរុញឲ្យកុមារទទួលបានការរស់នៅក្នុងភាពល្អប្រសើរ និងមានលទ្ធភាព បន្តការរៀនសូត្រខ្ពង់ខ្ពស់ ប្រាសចាកពីភាពអវិជ្ជា និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេស ជាតិនាពេលអនាគត”។ 
 
លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ​ បានថ្លែងអំណរគុណដល់ធនាគារ PPCBank សម្រាប់ការនាំ យកជំនួយសប្បុរសធម៌ជាថវិកា និងអំណោយសម្ភារសិក្សាចាំបាច់ផ្សេងៗមកចែកជូនក្មេងកំព្រា ដែល កំពុងទទួលការចិញ្ចឹម និងបណ្តុះបណ្តាលនៅក្នុងមណ្ឌលនេះ។
  


លោកបានឲ្យដឹងថា៖ “ជំនួយរបស់សប្បុរសជន គឺពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាត របស់យើង កាន់តែល្អប្រសើរ នៅក្នុងមណ្ឌលទាំងមូល ហើយជាពិសេសអាចជួយសម្រួលឲ្យក្មេងៗនៅទី នេះ មានលទ្ធភាពរៀនសូត្របន្តទៅមុខទៀត”។
 
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលធនាគារ PPCBank រៀបចំកម្មវិធីរៃអង្គាសជួយប្រជា ពលរដ្ឋដែលជួបប្រទះការលំបាក។ កន្លងមកធនាគារបានបង្កើតយុទ្ធនាការរៃអង្គាសពីសប្បុរសជន ដើម្បី ជួយបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងកម្មវិធី បរិច្ចាគជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ធំ៕
 
(អត្ថបទពាណិជ្ជកម្ម)
 









 

© រក្សាសិទ្ធិដោយ thmeythmey.com