ជាតិ
សេដ្ឋកិច្ច
ត្រីស្រែ ខ្យងស្រែ និងផលិតផល​ជលផល​១២មុខទៀត ត្រូវបានអនុញ្ញាតឱ្យនាំចូលទីផ្សារចិន
01, Jun 2023 , 8:59 pm        
រូបភាព
ដោយ:
អាជ្ញាធរគយចិន បានសម្រេចអនុញ្ញាតឱ្យនាំចូលផលិតផលជលផលរបស់កម្ពុជា ១២មុខ ទៅកាន់ទីផ្សារចិនរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីបានសម្រេចឱ្យនាំចូលផលិតផលម្រេចខ្មែរ កាលពីខែឧសភាកន្លងទៅ។

 អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់សារព័ត៌មានឌីថីថល​ថ្មីៗ នៅថ្ងៃទី១ ខែមិថុនា ថា អាជ្ញាធរគយចិន បានសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចូលផលិតជលផលធម្មជាតចំនួន១២មុខកាន់ទីផ្សារខ្លួន​ដែលរួមមាន ត្រីស្រែ ខ្យងស្រែ អន្ទង់ បង្គា និងទំនិញផ្សេងទៀត។
 
អ្នកនាំពាក្យរូបនេះ បានបន្តថា ចំពោះផលិតផលដែលអាចនាំចេញទៅទីផ្សារប្រទេសចិនបាន ត្រូវគោរពតាមគោលការណ៍លក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ របស់អាជ្ញាធរចិន ដែលបានអនុម័តខុសៗគ្នា ទៅតាមប្រភេទផលិតផលកសិកម្ម និងផលិតផលជលផលនីមួយៗ។ 
 


សម្រាប់​ការនាំចេញផលិតផលកសិកម្ម និងផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារចិននេះ ក្រសួងកសិកម្ម បានចាត់ទុកថា វាជាដំណឹងល្អ ដែលជាជោគជ័យថ្មីមួយទៀត ហើយក្រសួងក៏សង្ឃឹមថា ផលិតផលកសិកម្ម និងផលិតផលជលផលកម្ពុជា នឹង​ទទួលបានការគ្រាំទ្រកាន់តែច្រើន»។
 
កញ្ញា អ៊ឹម រចនា បានបន្ថែមថា ការទទួលបានការ​នាំចេញផលិតផលកសិកម្ម និងផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារចិននេះ នឹងជួយជំរុញវិស័យជលផល និងវិស័យកសិ​កម្មកម្ពុជាឱ្យឈានទៅមុខមួយកម្រិតទៀត ជាពិសេស ជួយបង្កើនគុណភាពផលិតផល ដែលត្រូវនឹងតម្រូវទីផ្សាររបស់ប្រទេសចិន ព្រមទាំងជួយជំរុញ ទំហំពាណិជ្ជកម្មរបស់កម្ពុជា-ចិន ឱ្យទូលំទូលាយជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។



បើតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃទី១ ខែមិថុនា នេះ រដ្ឋបាលគយនៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាពអំពី«ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស» គឺក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេរបស់កម្ពុជា បានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ និងបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ «ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូល​ពីបរទេស»។ 


 
ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិន គឺក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន ១២ប្រភេទ រួមមាន បង្គា ត្រី អន្ទង់ និងខ្យងជាដើម៕
 
 
 

Tag:
 ទីផ្សារចិន
© រក្សាសិទ្ធិដោយ thmeythmey.com