អន្តរជាតិ
មនុស្សស្លាប់​២៣៣​នាក់ និងរបួស​៩០០​នាក់​ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅឥណ្ឌា
03, Jun 2023 , 2:14 pm        
រូបភាព
​មនុស្សយ៉ាងហោចណាស់២៣៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សប្រមាណ៩០០នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរពីរបុកគ្នានៅក្នុងរដ្ឋ Odisha ឥណ្ឌា។ នេះជាឧបទ្ទវហេតុដែលបានសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះនៅឥណ្ឌា។

 
នៅយប់ថ្ងៃទី២ ខែមិថុនា រថភ្លើងដឹកអ្នកដំណើរឥណ្ឌាពីរខ្សែបានបុកគ្នា។ ភ្លើងមួយក្នុងចំណោមនោះគឺជារថភ្លើងរបស់ក្រុមហ៊ុន Howrah Superfast Express ដែលធ្វើដំណើរពីទីក្រុង Bangalore ឆ្ពោះទៅ ទីក្នុង Howrahក្នុងរដ្ឋ West Bengal ខណៈរថភ្លើងមួយខ្សែទៀតជារថភ្លើងរបស់ក្រុមហ៊ុន Coromandel Express ដែលរត់ពីទីក្រុង Kolkata ទៅទីក្រុង Chennai ។ 
 
យ៉ាងណាមិញ​ មកទល់ពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់ធ្វើ​សេចក្តី​ថ្លែងការណ៍​ណាមួយបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យ​កើត​មាននៅឧបទ្ទវហេតុនេះនៅ​ឡើយ​ទេ។
 
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតំបន់កើតហេតុនៅតែបន្ត ដោយមានការចូលរួមពីបុគ្គលិកនាយកដ្ឋានពន្លត់អគ្គីភ័យរាប់រយនាក់ មន្ត្រីប៉ូលិសជាច្រើន និងកង​កម្លាំង​ឆ្លើយតប​គ្រោះ​មហន្តរាយ​ជាតិ​។
 
ក្រោយកើតឧបទ្ទវហេតុនេះ នៅយប់ថ្ងៃទី២ ខែមិថុនាដដែល យុវជនឥណ្ឌារាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង Soro នៃរដ្ឋ Odisha ដើម្បីបរិច្ចាគឈាមជួយដល់ជនរងគ្រោះ។ លើសពីនេះ អភិបាលរដ្ឋ Odisha លោក Naveen Patnaik ក៏បានប្រកាសកាន់ទុក្ខនៅទូទាំងរដ្ឋនៅថ្ងៃទី ៣ ខែមិថុនា ដើម្បីគោរពដល់ជនរងគ្រោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com