សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សិង្ហបុរីនាំមុខក្នុងការបោះទុនវិនិយោគចូលទីក្រុងហូជីមិញ
03, Jun 2023 , 9:40 pm        
រូបភាព
សាលាក្រុងហូជីមិញ ។ រូបភាពពី I tour Vietnam ។
សាលាក្រុងហូជីមិញ ។ រូបភាពពី I tour Vietnam ។
សិង្ហបុរីជាប្រទេសនាំមុខគេក្នុងគម្រោងដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មីនៅទីក្រុងហូជីមិញដោយមាន៧២គម្រោង ដើមទុនចុះបញ្ជីឈានដល់ ១២១,៥ លានដុល្លារ ស្មើនឹង ៦០,៨ភាគរយនៃដើមទុនដែលបានចុះបញ្ជីថ្មី។

 
យោងតាមនាយកដ្ឋានស្ថិតិទីក្រុងហូជីមិញ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ទុនវិនិយោគបរទេសសរុប ដែលបានបោះទុនមានចំនួន១១៤៤,៣លានដុល្លារ បានធ្លាក់ចុះ១៣,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ សិង្ហបុរី គឺជាប្រទេសនាំមុខគេក្នុងលក្ខខណ្ឌនៃគម្រោងដែលមានអាជ្ញាប័ណ្ណថ្មីៗ ក៏ដូចជាការរួមចំណែកដើមទុន និងការទិញភាគហ៊ុនជាដើម។  
 
សិង្ហបុរីទើបតែទទួលបានអាជ្ញាប័ណ្ណថ្មីជាមួយនឹងគម្រោងចំនួន៧២ ដែលមានដើមទុនចុះបញ្ជីប្រមាណ១២១,៥លានដុល្លារស្មើនឹង៦០,៨ភាគរយនៃដើមទុនដែលបានចុះបញ្ជីថ្មី។ តាម​ពី​ក្រោយ​សិង្ហបុរីមាន​​ជប៉ុនជាមួយ​​គម្រោង​ចំនួន៣២ ខណៈដើម​ទុន​ចុះ​បញ្ជី​មានចំនួន១៦,៥ លាន​ដុល្លារដែលស្មើ​នឹង ៨,៣ភាគរយនៃគម្រោងចុះបញ្ជីថ្មី។ 
 
ជុំវិញការកែសម្រួលដើមទុនចុះបញ្ជី ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានគម្រោងសរុបចំនួន ១២១គម្រោងនៅក្នុងទីក្រុងហូជីមិញ ជាមួយនឹងដើមទុនដែលបានកែសម្រួលបានកើនឡើងចំនួន ៤០៣,៣លានដុល្លារ។ គម្រោងទាំងនោះភាគច្រើនវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង ជួសជុលរថយន្ត ជាពិសេសវិស័យលក់ដុំ និងរាយ។ អាម៉េរិកគឺជាប្រទេសដែលមានដើមទុនកែតម្រូវខ្ពស់បំផុតក្នុងរយៈពេល៥ខែកន្លងមកនេះ  ដែលមានទុនសរុប២១៥,១លានដុល្លារស្មើនឹង៥៣,៣ភាគរយនៃដើមទុនដែលបានកែតម្រូវ។
 
ដោយគិតចាប់ពីឆ្នាំ ១៩៨៨ មកដល់បច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានគម្រោងវិនិយោគបរទេសដែលមានសុពលភាពសរុបចំនួន ១១ ៧៣៤គម្រោង ជាមួយនឹងទុនសរុបដែលទើបទទួលបានថ្មីសរុបមានជាង ៥៦,៧១ពាន់លានដុល្លារ។ ហូជីមិញគឺជាទីក្រុងដែលនាំមុខនៃចំនួនគម្រោងវិនិយោគបរទេសច្រើននៅវៀតណាម​៕

Tag:
 សិង្ហបុរី
  ទីក្រុងហូជីមិញ
 ​ទុនវិនិយោគ
  គម្រោង
© រក្សាសិទ្ធិដោយ thmeythmey.com