អន្តរជាតិ
និយ័តករ​ផ្តោតលើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ឬ AI ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​និង​អ្នក​ធ្វើការ
04, Jun 2023 , 8:39 am        
រូបភាព
រូបឯកសារ៖ លោក Sam Altman ប្រធាន​ក្រុមហ៊ុន OpenAI ដែល​បង្កើត​កម្មវិធី​ ChatGPT ថ្លែងនៅវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក Sam Altman ប្រធាន​ក្រុមហ៊ុន OpenAI ដែល​បង្កើត​កម្មវិធី​ ChatGPT ថ្លែងនៅវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
ខណៈ​ការ​ព្រួយបារម្ភ​មាន​កាន់​តែ​ខ្លាំង​ឡើង​ជុំវិញ​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ដូចជា កម្មវិធី ChatGPT អង្គភាព​ឃ្លាំ​មើល​ក្នុង​វិស័យ​ហិរញ្ញវត្ថុនៅ​សហរដ្ឋអាមេរិក​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ដើម្បី​ធានា​ថា ក្រុមហ៊ុន​នានា​គោរព​ច្បាប់​នៅ​ពេល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត។



ប្រព័ន្ធ​ស្វ័យប្រវត្តិ​និង​រូបមន្ត​កុំព្យូទ័រ​ ឬ Algorithms បាន​ជួយ​កំណត់ចំណាត់ថ្នាក់​ឥណទាន លក្ខខណ្ឌ​កម្ចី ​កម្រៃ​ជើងសារ​លើ​គណនី​បញ្ញើ​ និង​ផ្នែក​ដទៃ​ទៀត​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​រួច​មក​ហើយ។
 
ការិយាល័យ​ការពារ​ហិរញ្ញវត្ថុ​អ្នក​ប្រើប្រាស់​និយាយ​ថា ខ្លួន​នឹង​ឲ្យ​ក្រុមហ៊ុន​នានា​ទទួល​ខុសត្រូវ​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ នៅ​ក្នុង​បែបផែន​ស្រប​ជាមួយ​នឹង​និយ័តកម្ម​នានា ដែល​មាន​នា​ពេល​បច្ចុប្បន្ន​រួចទៅហើយ។
 
តំណាង​នានា​មក​ពី​ទីភ្នាក់ងារ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​សហព័ន្ធលើកឡើង​ថា ពួកគេ​កំពុង​ចាត់​តាំង​ធនធាន​និង​ក្រុម​ការងារ​ដើម្បី​ពិនិត្យ​លើ​បច្ចេកវិទ្យា​ថ្មី​នេះ និង​កត់​ចំណាំ​វិធីសាស្រ្ត​អវិជ្ជមាន​ផ្សេងៗ ដែល​អាច​ប៉ះពាល់​មក​លើអ្នកប្រើប្រាស់។
 
លោក Ben Winters ទីប្រឹក្សា​ជាន់ខ្ពស់ប្រចាំ​មជ្ឈមណ្ឌល​ព័ត៌មាន​ឯកជនភាព​អេឡិចត្រូនិច បាន​និយាយថា សេចក្តីថ្លែងការណ៍​រួម​មួយ​អំពី​គោលការណ៍​អនុវត្ត​ដាក់​ចេញ​ដោយ​ទីភ្នាក់ងារ​សហព័ន្ធ​នានា​កាល​ពី​ខែ​មុន ជា​ជំហាន​ដំបូង​ប្រកប​ដោយ​ភាព​វិជ្ជមាន​មួយ។
 
លោក Sam Altman ប្រធាន​ក្រុមហ៊ុន OpenAI ដែល​បង្កើត​កម្មវិធី​ ChatGPT បាន​និយាយ​ថា ​អន្តរាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​ «នឹង​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ «អានុភាព​កាន់​តែ​ខ្លាំង​ឡើង» របស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត។ លោក Altman បាន​លើកឡើង​ពី​ការ​បង្កើត​ជា​ទីភ្នាក់ងារ​មួយ​នៅ​សហរដ្ឋអាមេរិក​ ឬលើ​សាកលលោក​ ដើម្បី​ផ្តល់​អាជ្ញាបណ្ណ និង​ធ្វើ​និយ័តកម្មលើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត។
 
ស្រប​ពេល​មិន​មាន​សញ្ញា​ភា្លមៗ​បង្ហាញ​ថា សភា​អាមេរិក​នឹង​ធ្វើ​សេចក្តីព្រាង​ច្បាប់​លើ​គោលការណ៍​ថ្មី​សម្រាប់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ដូច​សមាជិក​សភា​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​ ការ​ព្រួយបារម្ភ​ក្នុង​សង្គម​បាន​នាំ​យក​លោក Altman និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត​មក​កាន់​សេតវិមាន​នា​ខែ​ឧសភា ដើម្បី​ឆ្លើយតប​នឹង​សំណួរ​សំខាន់ៗ អំពី​ផលវិបាក​នៃប្រព័ន្ធ​បច្ចេកវិទ្យា​ទំាងនេះ​រួម​ទាំង «បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត​ចេះ​និពន្ធ​ ឬ​ Generative AI»​ ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com