ជាតិ
បទវិភាគ
នៅពេលដែល​សង្គម​ខ្មែរ​ឲ្យ​តម្លៃ​តែ​ទៅលើ​សំបក​ខាងក្រៅ…
07, Jul 2018 , 8:19 am        
រូបភាព
ភ្នំពេញ៖ កាលពី​សម័យមុន សង្គម​ខ្មែរ​អោយ​តម្លៃ​ទៅលើ​បុគ្គល​ម្នា​ក់ដោយ ផ្អែកលើ​កត្តា ៤យ៉ាង ៖ ស្មោះត្រង់ ចំណេះដឹង​ខ្ពស់ គំនិត​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ  និង​ទ្រព្យសម្បត្តិ។ ប៉ុន្តែ​សម្រាប់​សតវត្សរ៍​ទី២១នេះ ទ្រព្យសម្បត្តិ​គឺជា​អាទិភាព​ទី១ដែល​សង្គម​ខ្មែរ​ផ្តល់​តម្លៃ។ តើ​អ្វី​ទៅជា​គ្រោះថ្នាក់​សម្រាប់​សង្គម នៅពេលដែល​មនុស្ស​គ្រប់គ្នា​ផ្តល់​តម្លៃ​ខ្លាំង​តែ​ទៅលើ​ប្រាក់​ដុល្លារ​នោះ? 



កាលពី​សង្គមចាស់ នៅពេលដែល​យុវជន យុវនារី កុមារា កុមារី ដើរ​ឆ្លងកាត់​ពីមុខ​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាង ពួកគេ​ត្រូវ​បន្ទន់​ដងខ្លួន និង​ក្បាល​បន្តិច​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​មនុស្ស​ចាស់។ ហើយ​ជា​លទ្ធផល ពួកគេ​តែងតែ​ទទួលបាន​នូវ​សេចក្តី​សរសើរ ពី មនុស្ស​ចាស់​វិញ​ថា ជា​ក្មេង​ល្អ ជា​ក្មេង​មានពូជ​អម្បូរ។ និ​សិ​ត្ស​ដែល​រៀន​ពូកែ កាលណោះ ត្រូវបាន​សាលារៀន សហគមន៍ សាច់ញាតិ ឬ​រដ្ឋាភិបាល​ផ្តល់​តម្លៃ​យ៉ាងខ្លាំង។
អ្នកនយោបាយ​ដែល​ស្នេហា​ជាតិ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​បរ​ទេស ប្រឆាំងនឹង​ការដឹកនាំ​ប្រទេស​មិន​ត្រឹមត្រូវ ត្រូវបាន​មហាជន​គាំទ្រ ស្រឡាញ់​នៅក្នុង​ក្រអៅ​បេះ ដូង​ជាប់ ជា​និរន្តរ៍។

អ្នកមាន​ទ្រព្យសម្បត្តិ កាលណោះ ក៏​ទទួលបាន​ការគោរព និង​កោតសរសើ​ខ្លះ​ដែរ​ពី​មជ្ឈដ្ឋាន​ទូទៅ ពីព្រោះ ទ្រព្យ​ដែល​គេ​ទទួលបាន ភាគច្រើន ច្រើនតែ​ទទួលបាន​មកពី​សកម្ម​ភាពស្របច្បាប់ ឬ​អាច​និយាយ​ម្យ៉ាង​ទៀតថា ទ្រព្យ​ទាំងនោះ​បានមក ដោយ​មិនបាន​ធ្វើអោយ​សង្គម​ឈឺចាប់​ឡើយ។ ប៉ុន្តែ ឥរិយាបទ​ល្អ​ខាងលើនេះ​ហាក់បីដូចជា​ត្រូវបាន​ឃ្លាតឆ្ងាយ​ពី​សង្គម​ខ្មែរ​បន្តិចម្តងៗ ដោយសារតែ​គំនិត​សម្ភារៈ​និយម។ គំនិត​សម្ភារៈ​និយម និង គំនិត​បុណ្យស័ក្តិ​និយម បានមក​រុំ​ព័ទ្ធ​សង្គម​ខ្មែរ​យ៉ាង​តឹង​ណែន​ស្ទើរ​រើខ្លួន​មិន​រួច។

បើ​ផ្អែកលើ​កត្តា​សត្យានុម័ត ពី​សង្គម​មួយ ទៅ​សង្គម​មួយ ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ប្រាក់​ដុល្លារ​អាមេរិក​នៅតែមាន​តម្លៃ​ខ្ពស់​ដដែល។ ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​ជាក់ស្តែង នៅក្នុង​សង្គម​ខ្មែរ គឺថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បុគ្គល​ខ្មែរម្នាក់ៗហាក់បីដូចជា​ផ្តល់​តម្លៃ​កាន់តែខ្លាំង​ឡើងទៅ​ទៅលើ​សម្ភារៈ ទ្រព្យសម្បត្តិ និង​បុណ្យស័ក្តិ ពោល គឺ​សង្គម​ខ្មែរ​ស្ទើរតែ​ទាំងមូល​ហាក់បីដូចជា​ភ្លេច​អោយ​តម្លៃ​ទៅលើ​មនុស្ស​ស្មោះត្រង់ មនុស្ស​មានចំណេះ​ខ្ពស់ មនុស្ស​ស្នេហា​ជាតិ ដែល​គ្រាន់តែ​ពួកគេ​មិនសូវមាន​ទ្រព្យសម្បត្តិ និង​បុណ្យស័ក្តិ​ប៉ុណ្ណោះ។

តើ​មូល​ហេតុអ្វី​បាន​សង្គម​ខ្មែរ​ងាក​ទៅអោយ​តម្លៃ​លើ​សម្ភារៈ ជាជាង​អោយ​តម្លៃ​ទៅលើ​អ្វី​ផ្សេង? តើ​នេះ​ជា​គ្រោះថ្នាក់​ដល់​សង្គម​ខ្មែរ​ឬ?

មូលហេតុ​ទី១ វា​គឺជា​កំហុស​ចរន្ត​សកល​ភា​វូ​នីយកម្ម​ដែល​ពិភពលោក​ទាំងមូល បានផ្តល់​តម្លៃ​ទៅលើ​សម្ភារៈ និង​បុណ្យ​ស័​កិ្ត។ ប៉ុន្តែ​សម្រាប់​ប្រទេសមួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ទទួលបាន​ការអប់រំ​ខ្ពស់ ការផ្តល់​តម្លៃ​ទៅលើ​សម្ភារៈ និង​បុណ្យស័ក្តិ​នៅមានកម្រិត និង​អាច​គ្រប់គ្រង​បាន។

ទី២ សម្រាប់​បរិបទ​ប្រទេស​កម្ពុជា ដោយសារ​ការអប់រំ​នៅមានកម្រិត​ទាប ដូច្នេះ ជា​លក្ខណៈ​សត្យានុម័ត ប្រជាពលរដ្ឋ​ងាយ​នឹង​បណ្តែតបណ្តោយ​ខ្លួន​អោយ​ទាក់ទាញ​ដោយ​សម្ភារៈ ជាពិសេស រថយន្ត​ទំនើប ម៉ូតូ​ទំនើប គេហដ្ឋាន​ទំនើប គ្រឿងអលង្ការ សម្លៀកបំពាក់ ទូរស័ព្ទ កុំព្យូទ័រ។ល។

ទី៣ គឺ​ដោយសារ​ការ​សម្រើប​តាម​គ្នា។ ជា​លក្ខណៈ​អារម្មណ៍​ពី​ធម្មជាតិ មនុស្ស​តែងតែ​រំភើប​ចង់បាន​អ្វីដែល​ថ្មី និង​ទំនើប បើទោះបីជា​ពួកគេ​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ​យ៉ាងណាក៏ដោយ។
ងាក​មក​ឆ្លើយ​ទៅ​សំណួរ​ទី​ពីរ​ដែល​សួរថា តើ​អ្វី​ទៅជា​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​គំនិត​សម្ភារៈ​ជ្រុល​ហួសហេតុ​ពេក​នោះ?

ទី១ គឺ​ជំ​រុញអោយ​មនុស្ស​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​អោយតែបាន​ប្រាក់។ បច្ចុប្បន្ន មនុស្ស​មួយចំនួន​នាំគ្នា​និយាយ​បែប​ចំអក​ថា៖«ធ្វើ​ល្អ​បាន​បុណ្យ ធ្វើ​អាក្រក់​បាន​លុយ»។

ទី២ ជំ​រុញអោយ​មនុស្ស​លក់​ឧ​ត្ត​ម​គតិ​ដើម្បី​តែ​ផលប្រយោជន៍​ប៉ុណ្ណោះ(អ្នកខ្លះ​និយាយ​ខាងក្រៅ​ស្នេហា​ជាតិ​ពេញមាត់ ប៉ុន្តែ​ខាងក្នុង​ពុករលួយ​ដល់​ឆ្អឹង)។

ទី៣ ជំ​រុញអោយ​មនុស្ស​កាន់​តែ​អាត្មានិយម ពោលគឺ​ពួកគេ​ធ្វើអ្វីៗគ្រប់យ៉ាង​ដើម្បី​តែ​ខ្លួនឯង។

ទី៤ ជំ​រុញអោយ​មនុស្ស​លែង​ចង់​បន្ត​សិក្សា​ក្នុង​កម្រិត​ខ្ពស់ ពីព្រោះ​ការសិក្សា​ខ្ពស់ តែ​មិនសូវមាន​ប្រាក់ ពួកគេ​មិនត្រូវ​បាន​សង្គម​ផ្តល់​តម្លៃ។

ទី៥ ជំ​រុញអោយ​មនុស្ស​លែង​ចង់​ធ្វើអំពើ​ល្អ បំ​ភេ្ល​ច​ចោល​សេចក្តី​ស្មោះត្រង់ បំភ្លេចចោល​ទស្សនៈ​បុណ្យ និង​បាប។

ទី៦ ជំរុញ​អោយ​យុវជន យុវនារី មួយចំនួន«លក់ខ្លួន»ដើម្បី​ទទួលបាន​សម្ភារៈ​យកមក​ប្រើប្រាស់។ ការបាត់បង់«ភាព​បរិសុទ្ធ»របស់​យុវជន​ឬ​យុវនារី​ខ្មែរ​មួយចំនួន​ត្រូវបាន​គេ​បំភ្លេចចោល ប្រសិនបើ​យុវជន ឬ​យុវនារី​នោះ មាន​សម្ភារៈ​ច្រើន។ និយាយ​បែប​ផ្សេង មានន័យថា សម្ភារៈ​អាចធ្វើអោយ​អ្នកផង​ទាំងពួង​លែង​ហ៊ាន​ហើបមាត់​រិះគន់​មនុស្ស​អាក្រក់ នៅពេលណា​មនុស្ស​អាក្រក់​ទាំងនោះ​មានបុណ្យ​សក្តិ និង​ទ្រព្យសម្បត្តិ។

និង​ទី៧ បច្ច័យ​អាក្រក់​ខ្លាំង​បំផុត​ដែល​បណ្តាលមកពី​គំនិត​សម្ភារៈ​ជ្រុលនិយម​គឺ​គ្រោះថ្នាក់​ផ្នែក​សីលធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​នេះ​គឺជា​អ្វីដែល​ពិបាក​កែប្រែ​បំផុត។

ជាការ​ពិត សម្ភារៈ ទ្រព្យសម្បត្តិ មាសប្រាក់ មានតម្លៃ​ខ្លាំង​មែន​សម្រាប់​សង្គមមនុស្ស​ទូទៅ មិន​ថា នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ប្រទេស​ផ្សេង​នោះទេ។ ប៉ុន្តែ មនុស្ស​ម្នាក់​ដែល​ត្រូវបាន​គេ​ផ្តល់​តម្លៃ​អោយ​នោះ  មិនមែន​ស្ថិតនៅលើ​តែ​ទ្រព្យសម្បត្តិ​ឬ​បុណ្យស័ក្តិ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ពោល គឺ​វា​ស្ថិតនៅលើ​ភាពស្មោះត្រង់ ចំណេះដឹង​ខ្ពស់ មាន​សីលធម៌ មានគុណ​ធម៌ មាន​យុត្តិធម៌ បម្រើ​សង្គម។ល។

សរុបសេចក្តី​មកវិញ ដើម្បី​ចៀសវាង​កុំអោយ​សង្គម​ខ្មែរ ឈានទៅរក«រណ្តៅ​គ្រោះថ្នាក់​ផ្នែក​សីលធម៌» តាមរយៈ ការផ្តល់​តម្លៃ​ខ្លាំង​ទៅលើ​សម្ភារៈ​ទ្រព្យសម្បត្តិ និង​បុណ្យស័ក្តិ​នោះ អ្នកដឹកនាំ​ប្រទេស ជាពិសេស ក្រសួង​អប់រំ និង​គ្រួសារនីមួយៗ ត្រូវ​ចាប់ផ្តើម​ផ្លាស់ប្តូរ​សារ​ទៅវិញទៅមក​ដោយនិយាយ​ថា៖«បុគ្គល​ដែលមាន​តម្លៃ​ខ្ពស់បំផុត គឺជា​បុគ្គល​ដែល​បានធ្វើ​អ្វីមួយ​ល្អ​សម្រាប់​គ្រួសារ សម្រាប់​សហគមន៍ និង​ប្រទេសជាតិ ពោល គឺ​មិនមែនជា​បុគ្គល​ដែល​ប្រឹង​បូម​ពី​ជាតិ ឬ​ធ្វើអោយ​ជាតិ​ឈឺចាប់​នោះទេ»៕






© រក្សាសិទ្ធិដោយ thmeythmey.com