បទវិភាគ
តើ​ជន​ជាតិចិន​ចូលមក​រស់នៅ​លើទឹក​ដី​កម្ពុជា​តាំងពី​ពេលណា​?
01, Feb 2022 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កំណត់ត្រា​ដំបូង​បំផុត​នៃ​ការតាំង​ទីលំនៅ​របស់​ប្រជាជន​ចិន​នៅ​កម្ពុជា គឺ​ចាប់តាំងពី​ចុង​សតវត្សរ៍​ទី​១៣ ។ នៅពេលដែល​បេសកជន​ចិន​ឈ្មោះ ជូ​តាក្វាន់ មក​ទស្សនា​កម្ពុជា​នៅក្នុង​ឆ្នាំ​១២៩៦ គាត់​បាន​កត់ត្រា​ថា មាន​វត្តមាន​របស់​ប្រជាជន​ចិន​នៅ​តំបន់​អង្គរ​។ ជាច្រើន​ឆ្នាំ​ក្រោយមក នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៦០០ អ្នកដើរ​សមុទ្រ​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​កត់ត្រា​ថា មាន​ប្រជាជន​ចិន​បាន​តាំងទី​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​អំឡុងពេល​ដូចគ្នានេះដែរ លោក លីម តូ ខៀង (Lim To Khieng) អ្នកជំនួញ​ឯកជន​ចិន​ម្នាក់ ក៏បាន​សង្កេតឃើញ​ដូចគ្នានេះដែរ នៅពេលដែល​គាត់​បានមក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ជំនួញ​។


ក្នុង​រយៈពេល​ដ៏​ខ្លី​បន្ទាប់ពី​ការដួលរលំ​នៃ​រាជវង្ស​មីង​នៅក្នុង​ឆ្នាំ​១៦៤៤ ឧ​ត្ត​ម​សេនីយ៍​ចិន ស្ថិតនៅក្រោម​ការ​ទំនុកបម្រុង​ពី Mac Cuu និង Duong Ngan Dich បាន​នាំ​ជនភៀសខ្លួន​ចិន​ជាច្រើន​នាក់ ពី​ខេត្ត​ហ្វូ​ជាន​(Fujian) និង ក្វាង​ទុង​(Guangdong)​ទៅ​តាំង​លំនៅ នៅ​កូសាំងស៊ីន ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា​។ សូមបញ្ជាក់ថា មួយចំនួន​នៃ​ជនភៀសខ្លួន​ទាំងនេះ ក៏បាន​តាំងទី​លំនៅ​ផងដែរ នៅក្នុង​ខេត្តតាកែវ និង ខេត្តកំពត​។​

អន្ដោប្រវេសន៍​ជនជាតិ​ចិន​ទាំងនេះ ភាគច្រើនបំផុត​ជា​បុរស ហើយ​ពួកគេ​បាន​យក​ស្ត្រី​ខ្មែរ​ធ្វើជា​ភរិយា​។ កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ បានធ្វើ​សមាហរណកម្ម​យ៉ាង​លឿន​ចូលទៅក្នុង​សហគមន៍​ក្នុង​តំបន់ តាមរយៈ​ការបញ្ចូល​ខ្លួនឯង​ជា​លក្ខណៈ​សង្គម​និង​សេដ្ឋកិច្ច ទៅក្នុង​សហគមន៍​កសិកម្ម​រប​ស់​ប្រជាជន​ខ្មែរ​បុរាណ​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​អន្តោប្រវេសន៍​ចិន​មួយចំនួន បាន​រក្សាទុក ការប្រតិបត្តិ​តាម​មីង​(Ming) នូវ​ការរក្សា​ម៉ូត​សក់​បែប​ជន​ជាត់ិចិន​រហូតដល់​សតវត្ស​ទី​១៨ ។​

ប្រជាជន​ចិន​ដែល​កំពុងមាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា មាន​បី​ប្រភេទ ប្រភេទ​ទីមួយ គឺ ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​ចិន ដែល​បានធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ចិន​មក​រស់​នៅលើ​ទឹកដី​កម្ពុជា​តាំងពី​យូរ​មកហើយ សព្វថ្ងៃ​បានក្លាយ​ទៅជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់​។ ប្រភេទ​ទី​ពីរ គឺ ចិន​កាត់​ខ្មែរ ឬ ខ្មែរ​កាត់​ចិន គឺ​សំដៅយក ក្រុមមនុស្ស​ដែលជា​កូនចៅ​របស់​គូ​សម្ព័ន្ធ​ដែល​ផ្សំផ្គុំ​ឡើង​រវាង​ចិន​និង​ខ្មែរ (​ប្ដី​ចិន ប្រពន្ធ​ខ្មែរ ឬ ប្ដី​ខ្មែរ ប្រ​ព្ធ​ចិន​)​។ ពួកគេ​ជា​ប្រជាជន​ដែល​កើត​នៅលើ​ទឹកដី​កម្ពុជា និង មាន​សញ្ជាតិ​ជា​ពលរដ្ឋ​ខ្មែរ​។ ប្រភេទ​ទី​បី គឺជា​អន្តោប្រវេសន៍​ចិន​ដែល​ចូលមក​ស្រុក​ខ្មែរ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ តុលា ឆ្នាំ ១៩៩១ ។ ពួកគេ​ភាគច្រើន​មកពី សិង្ហ​បុរី តៃវ៉ាន់ ហុងកុង និង ចិនដីគោក​។ ក្នុងចំណោម​ពួកគេ មានមុខ​របរ​ខុសៗ​គ្នា ដូចជា មន្ត្រីការទូត ពាណិជ្ជករ វិនិយោគ​គិ​ន គ្រូវ​បង្រៀន​ភាសា​ចិន អ្នក​ផ្សាយ​សាសនា វិស្វករ កម្មករ​ជំនាញ​។​ល​។      

គួរ​រម្លឹក​ដែរ​ថា ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ពួកគេ​គឺជា​ក្រុម​ជនជាតិភាគតិច​ដែលមាន​ចំនួន​ច្រើន​ជា​ងគេ​បំផុត​នៅ​កម្ពុជា ដែលមាន​ប្រមាណ ៤២៥ ០០០ នាក់​។ ប៉ុន្តែ ត្រឹម​ឆ្នាំ ១៩៨៤ ក្រុម​ជនជាតិភាគតិច​ចិន នៅសល់តែ ៦១ ៤០០ នាក់ប៉ុណ្ណោះ​។ ការថយចុះ​ចំនួន​ក្រុម​ជនជាតិភាគតិច​ចិន​នេះ គឺ​ដោយសារតែ​ពួកគេ​បាន​ចូលរួម​ក្នុង​សង្គ្រាម​, សេដ្ឋកិច្ច​ធ្លាក់ចុះ​, ការសម្លាប់​រង្គាល​នៅក្នុង​របប​ខ្មែរក្រហម​, ការ​ធ្វើទុក្ខបុកម្នេញ​ពី​ភាគី​វៀត​ណា​ដែល​បាល​ចូលមក​គ្រប់គ្រង​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៧៩ និង ការ​ភៀសខ្លួន​ទៅ​ប្រទេស​ទី​បី​ក្នុងសម័យ​សង្គ្រាម​។ នៅក្នុង​អំឡុង​ទសវត្សរ៍​៨០ ជន​ជាតិចិន​ត្រូវបាន​គេ​ហៅថា​ក្រុម​«៣៥១»​។ លេខ​៣៥១​នេះ គឺ​សំដៅលើ​សហគមន៍​ចិន​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ កាលណោះ សិទ្ធិ​របស់​សហគមន៍​ចិន​រស់នៅ​កម្ពុជា ​ត្រូវបាន​គេ​កម្រិត​មួយផ្នែក​ ដោយសារតែ​ឥទ្ធិពល​វត្ត​មាននៃ​អាជ្ញាធរ​វៀតណាម​នៅលើ​ទឹកដី​កម្ពុជា​។

បច្ចុប្បន្ន ចំនួន​ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​ចិន ចិន​កាត់​ខ្មែរ និង អន្តោប្រវេសន៍​ចិន​ដទៃទៀត កំពុងកើនឡើង​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ដោយសារតែ​កម្ពុជា​ប្រកាន់យក​របប​ទីផ្សារ​សរី និង រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ចិន​។ តាម​ការប៉ាន់ស្មាន ត្រឹម ឆ្នាំ ២០១៣ ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​ចិន និង ចិន​កាត់​ខ្មែរ មាន​ប្រមាណ​១៥២ ០៥៥ នាក់ ស្មើ​១%​នៃ​ប្រជាជន​កម្ពុជា​សរុប​។ ភាគច្រើន​នៃ​ពួកគេ រស់នៅ​រាជធានី​ភ្នំពេញ​, ខេត្តកំពង់ធំ​, ខេត្តបាត់ដំបង​, ខេត្តកំពត​, ខេត្ត កំពង់ចាម និង ខេត្ត​មួយចំនួនទៀត​។

​ទោះជា​ពលរដ្ឋ​ខ្មែរ​ដើមកំណើត​ចិន​និង​ចិន​កាត់​ខ្មែរ​មាន​ចំនួន​មិន​ច្រើន​ក៏ដោយ ក៏​ពួកគេ​បាន​ចូលរួម​ក្នុង​វិស័យ​ផ្សេងៗ​ភាគច្រើន​ក្នុងសង្គម​ខ្មែរ​ដែរ​។ ជាទូទៅ ពួកគេ​មិន​ត្រូវបាន​រើសអើង​ឬ​មើលងាយ​ដោយ​ពលរដ្ឋ​ខ្មែរ​ទេ​។ ពួកគេ ត្រូវបាន​គេ​មើលឃើញថា បាន​ដើរតួនាទី​នាំមុខគេ​នៅក្នុង​វិស័យ​អាជីវកម្ម​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​ឆាកនយោបាយ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

ពលរដ្ឋ​ខ្មែរ​ដើមកំណើត​ចិន ចិន​កាត់​ខ្មែរ និង ប្រជាជន​ចិន​ដទៃទៀត មាន​វត្តមាន​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ចកម្ពុជា និង ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ពួកគេ​ជា​ម្ចាស់​ភាគហ៊ុន​មួយចំណែក​យ៉ាង​ធំ​ក្នុង​វិស័យនេះ​។ ជារួម ភាគច្រើន​នៃ​ពួកគេ មាន​ឥទ្ធិពល​ពិសេស​នៅក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា ដែលជា​សហគ្រាស​ផ្តល់ប្រាក់​កម្ចី សហគ្រាស​ប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុ​ខ្នាតតូច និង សហគ្រាស​ពាក់ព័ន្ធ​ដទៃទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com