ពីនេះ ពីនោះ
១០ចំណុច អាចបញ្ជាក់ថាអ្នកជាមេដឹកនាំ ដែលកូនចៅគោរព និងឲ្យតម្លៃបំផុត
× ភាពជាអ្នកដឹកនាំ មិនមែនសំដៅលើតែមនុស្សដែលមានតួនាទីជាអ្នកគ្រប់គ្រង នាយកប្រិតិបត្តិក្រុមហ៊ុន/អង្គការ ឬមានមុខងារធំៗក្នុងការដឹកនាំប្រទេសនោះទេ។ សូម្បីតែអ្នកមានឋានៈតូចឬមិនរៀន បានខ្ពស់ក៏ដោយ ក៏អាចក្លាយជាអ្នកដឹកនាំដ៏ឆ្នើមបំផុតបានដែរ។ តើមានហេតុផលណាខ្លះដែលអះអាងថាពួកគេអាចក្លាយជាអ្នកដឹកនាំដ៏ឆ្នើមបំផុត?
១. មានវិន័យក្នុងខ្លួន៖ ជាមនុស្សដែលគោរពពេលវេលា គោរពពាក្យសំដីដែលខ្លួនបានសន្យា រៀបចំអត្តចរិតបានល្អ និងមានក្រមសីលធម៌ល្អ។
២. ការទទួលខុសត្រូវ៖ ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ចំពោះលិទ្ធផលដែលខ្លួនបានធ្វើ។ មិនមែនធ្វើអ្វីខុស ហើយយកលេសថា មកពីមូលហេតុនេះ ឬមូលហេតុនោះឡើយ។
៣. ចេះរៀបចំយុទ្ធសាស្ត្រ៖ ជាមនុស្សដែលមានផែនការច្បាស់ និងរៀបយុទ្ធសាស្ត្រយ៉ាងល្អ ដោយ ចំណាយពេលតិច តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានផលច្រើន។
៤. ធ្វើការសកម្មជាងអ្នកដទៃ៖ ជាមនុស្សដែលតែងតែចេញមុខធ្វើសកម្មភាពមុនគេ បើទោះជាការងារនោះលំបាកយ៉ាងណាក្តី មានហានីភ័យយ៉ាងណាក្តី ក៏នៅតែចេញមុខធ្វើការងារនោះមុនគេរហូត។
៥. មានជំនឿលើខ្លួនឯង៖ ជាមនុស្សដែលមានទំនុកចិត្តជឿជាក់លើខ្លួនឯង និងមានភាពក្លាហាន រឹងមាំក្នុងការធ្វើកិច្ចការអ្វីមួយ។ ការមានជំនឿបែបនេះ ជាកម្លាំងចិត្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យ។
៦. ត្រួតពិនិត្យកិច្ចការ៖ ជាមនុស្សម៉ឺងម៉ាត់នឹងការងារ តាមដានត្រួតពិនិត្យការងារពីមួយជំហានទៅមួយជំហានកាន់តែច្បាស់ និងអាចដោះស្រាយនូវបញ្ហាដែលបានកើតឡើងយ៉ាងល្អប្រសើរ។
៧. ទំនាក់ទំនង៖ ជាមនុស្សដែលចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ ក្នុងគោលបំណងចង់រៀនសូត្រពីគ្នាទៅវិញទៅមក។ ពួកគេមិនមែនជាមនុស្សដែលទំនាក់ទំនង ដើម្បីសម្លឹងរកតែផលប្រយោជន៍នោះទេ។
៨. បើចិត្តទូលាយ៖ ជាមនុស្សមិនប្រកាន់ឋានៈ តួនាទី និងវណ្ណរស់នៅអ្វីឡើយ។ ជាពិសេស ពួកគេចូលចិត្តទទួលយកគំនិតល្អៗ និងគំនិតថ្មីៗពីអ្នកដទៃ ដើម្បីយកមកបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
៩. ការលើកទឹកចិត្ត៖ ជាមនុស្សដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្ត និងបង្ហាត់បង្រៀនដល់អ្នកដែលទន់ខ្សោយជាងខ្លួន។ ហើយជួយជ្រោមជ្រែងឲ្យអ្នកទន់ខ្សោយជាងខ្លួនមានឱកាស់ដូចខ្លួនដែរ។
១០. ផ្តល់ឱកាសដល់អ្នកដទៃ៖ ជាមនុស្សមិនយកមុខមាត់តែម្នាក់ឯង មិនច្រណែននឹងអ្នកដទៃ។ តែផ្ទុយទៅវិញ ពួកគេផ្តល់ឱកាសដល់អ្នកថ្មី ដែលមិនធ្លាប់បានឆ្លងកាត់ក្នុងការធ្វើអ្វីមួយ ឬចូលរួមក្នុងកម្មវិធីណាមួយឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com