ពីនេះ ពីនោះ
សំណាញ់​ច្បាប់​មិនមែនជា​សំណាញ់​ពីងពាង​ដែល​ចាប់​បានតែ​សត្វល្អិត​ឡើយ
19, Aug 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការគ្រប់គ្រង​សង្គម គឺ​មិនអាច​ខ្វះ​បាន​នូវ​ប្រព័ន្ធគ្រប់គ្រង​មួយ​ដែលមាន​ច្បាប់ ច្បាស់លាស់​ក្នុងការ​រៀបចំ​សង្គម គ្រប់គ្រង​សកម្មភាព​សង្គម សកម្មភាព ទង្វើរ ការគិត​របស់​មនុស្ស និង​កំណត់ព្រំដែន​សេរីភាព​របស់​មនុស្ស​។ ប៉ុន្តែ​មាន​ពាក្យ​មួយ​ឃ្លា គេ​បាន​លើកឡើងថា «​ច្បាប់​ប្រៀបដូចជា​សំណាញ់​ពីងពាង​ដែល​ចាប់​បានតែ​សត្វល្អិត​តែ​មិនអាច​ចាប់បាន​សត្វ​ដំរី​»​ឡើយ​។ តើ​ពាក្យ​មួយ​ឃ្លា​នេះ​សម​ហេតុផល​ដែរ ឬ​យ៉ាងណា​?



​សំណាញ់​ច្បាប់ គឺ​គេ​តែងតែ​ឲ្យ​តម្លៃ​ថា ជា​សំណាញ់​មួយ​ដែល​គ្មាន​អ្នកណា​អាច​គេចផុត ប្រសិនបើ​ខ្លួន​បាន​ប្រព្រឹត្ត​ខុស និង​ល្មើសច្បាប់​។ ប៉ុន្តែ​មានគំនិត​ច្រាស​ត្រឡប់​មួយ​បាន​បង្ហាញថា សំណាញ់​ច្បាប់ វា​គ្រាន់តែ​ជា​សំណាញ់​ប្រើ​សម្រាប់​ជា​ឧបករណ៍​របស់​អ្នកធំ ក្នុងការ​ចាប់កំហុស​អ្នកតូច​តែប៉ុណ្ណោះ​។   មតិ​ទាំងពីរ​នេះ​មិនអាច​បដិសេធថា មួយណា​ខុស​មួយណា​ត្រូវ​នោះទេ​។ ប៉ុន្តែ នៅក្នុង​បរិបទ​នៃ​ការគិត និង​វិនិច្ឆ័យ គេ​អាច​ទាញ​ចេញ​ជា​ពីរ​ហេតុផល​សំខាន់ សម្រាប់​ការគិត​អំពី​ពាក្យ​មួយ​ឃ្លា​ថា «​ច្បាប់​ប្រៀបដូចជា​សំណាញ់​ឮ​ពីងពាង​ដែល​ចាប់​បានតែ​សត្វល្អិត តែ​មិនអាច​ចាប់​សត្វ​ដំរី​»​នេះ​។

​ហេតុផល​ទីមួយ គឺជា​ហេតុផល​មួយ​ដែល​គេ​អាច​និយាយបានថា ពាក្យ​មួយ​ឃ្លា​នេះ​គឺ​មានន័យ​ត្រឹមត្រូវ ប្រសិនបើ​សំណាញ់​ច្បាប់​នោះ បង្កើត​នៅក្នុង​ប្រទេស​ដែលមាន​កត្ដា​សេដ្ឋកិច្ច​អន់ថយ ឬ​កំពុង​អភិវឌ្ឍ ប្រជាជន​ខ្វះ​ការយល់ដឹង មនុស្ស​មិន​ឲ្យ​តម្លៃ​ច្បាប់ រាស្ត្រ​មិនចេះ មិនដឹង មិន​យល់​អ្វី​ទៅជា​ច្បាប់ ចំណែក​មន្ត្រី ថ្នាក់ដឹកនាំ​យល់ថា​ច្បាប់​គ្រាន់តែ​ជា​ឈ្នាន់​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់ខ្លួន​។ ចំណែក​មន្ត្រី​កាន់​ច្បាប់ មិន​នាំគ្នា​គោរព និង​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ តែ​នាំគ្នា​ជាន់​លើ​ច្បាប់​។ ក្នុង​ហេតុផល​បែបនេះ គ្មាន​ឡើយ​ដែល​ច្បាប់​អាច ចាប់​មន្ត្រី​ធំ មនុស្ស​មាន​ឥទ្ធិពល ថ្នាក់ដឹកនាំ​ធំៗ ដែល​ធ្វើ​ខុស​មក​កាត់ទោស​តាមច្បាប់​បានឡើយ​។ ប៉ុន្តែ​កត្តា​នេះ អ្នក​ដែល​ប្រឈម​ខ្លាំងជាងគេ​ក្នុងការ​ទទួលទោស ឬ​ទទួល​ភាពអយុត្តិធម៌ គឺ​មានតែ​ប្រជា​រាស្ត្រសាមញ្ញ មន្ត្រី​តូច​ទាប ដែល​គ្មាន​អំណាច នឹង​ក្លាយជា​អ្នករងគ្រោះ​ជានិច្ច​។​

​ប៉ុន្តែ ឃ្លា​មួយ​នេះ វា​នឹងមិន​ត្រឹមត្រូវ​ឡើយ ក្នុងករណី​ដែល​ច្បាប់ ឬ​សំណាញ់​ច្បាប់​ទាំងនោះ ត្រូវបាន​បង្កើត និង​អនុវត្ត​នៅក្នុង​ប្រទេស​ដែល​គេ​មាន​ភាពជឿនលឿន​។ មិនតែប៉ុណ្ណោះ គឺជា​ប្រទេស ដែល​អ្នកដឹកនាំ មន្ត្រី ព្រមទាំង​ប្រជាជន អាចមាន​ការយល់ដឹង​ពី​ច្បាប់ គោរព​ឧត្ដមភាព​នៃ​ច្បាប់ យក​ច្បាប់​ជា​មួលដ្ឋាន​ក្នុងការ​គ្រប់គ្រង​សង្គម​។ ព្រោះថា នៅពេលដែល​រាស្ត្រ មន្ត្រី ថ្នាក់ដឹកនាំ នាំគ្នា​គោរព​ច្បាប់ លើកតម្កើង​តម្លៃ​នៃ​ច្បាប់ ពេលនោះ​ហើយ​ដែល​ឥទ្ធិពល​របស់​ច្បាប់ អំណាច​នៃ​សំណាញ់​ច្បាប់ នឹង​ចាប់បាន​ទាំងអស់​មិនថាឡើយ​សត្វ​តូចៗ ទោះ​ដំរី​ធំ​មហិមា​ក៏ត្រូវ​តែ​ជាប់​នៅក្នុង​សំណាញ់​ច្បាប់​ដែរ​។​

​សរុបមក អំណាចច្បាប់​គឺមាន​ពិត​សម្រាប់​ការ គ្រប់គ្រង​មនុស្ស ប៉ុន្តែ ចង់​ឲ្យ​ច្បាប់​មាន​ឧត្ដមភាព អាច​ផ្ដល់​ភាពយុត្តិធម៌​ឲ្យ​មនុស្ស​ក្នុងសង្គម​បាន​ចាំបាច់​គឺ​ត្រូវតែ​ជា​ច្បាប់​ល្អ​។ មានច្បាប់​ល្អ មិន​ប្រាកដថា អាចអនុវត្ត​បាន មាន​យុត្តិធម៌ ហេតុនេះ​គឺ​ទាមទារ​ឲ្យ​ភ្នា​ក់​សង្គម​ទាំង​អស់ទាំង​រាស្ត្រ មន្ត្រី ថ្នាក់ដឹកនាំ ត្រូវតែមាន​ការយល់ដឹង​ពី​ច្បាប់ ចាត់ទុក​ច្បាប់​គឺជា​សំណាញ់​យុត្ត​ធម៌ មិនមែន​សំណាញ់​ពីងពាង​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com