ជាតិ
កសិកម្ម មានពាក្យចុងក្រោយថា «កម្ម» មានន័យថា ធ្វើកសិកម្ម គឺលំបាក
× ភ្នំពេញ៖ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋជាង៨០ភាគរយជាអ្នកប្រកបរបរកសិកម្ម។ តែកសិកម្មរបស់ពួកគេពឹងផ្អែកលើមេឃ រីឯកសិផលកើនឡើង ឬថយចុះ អាស្រ័យលើធាតុអាកាស។ ចំពោះតម្លៃវិញ តម្លៃកសិផលខ្មែរស្ថិតនៅលើកណ្តាប់ដៃរបស់ឈ្មួញកណ្តាល និងឈ្មួញនៃប្រទេសជិតខាង។
ពីឆ្នាំ១៩៧៩ ដល់អំឡុងឆ្នាំ២០០០ ពលរដ្ឋខ្មែរភាគច្រើនធ្វើកសិកម្មតាមបែបបុរាណ។ ពួកគេខ្វះប្រព័ន្ធធារាស្ត្រ ខ្វះបច្ចេកទេស ខ្វះទុន និងខ្វះអ្នកជំនាញ។ល។ ក្រោយមក អ្នកជំនួញមួយចំនួនបានបោះទុនក្នុងវិស័យកសិកម្មដោយបង្វែរកសិកម្មខ្មែរពីកសិកម្មបែបបុរាណទៅជាកសិកម្មបែបទំនើបគ្រាន់បើ ហើយពួកគេបានរុញច្រានវិស័យកសិកម្មសុទ្ធសាធ ឲ្យទៅជាកសិ-ពាណិជ្ជកម្ម មានន័យថា មិនត្រឹមតែផលិតដើម្បីពិសាក្នុងប្រទេសដោយខ្លួនឯងទេ តែកម្ពុជាប្រឹងផលិតដើម្បីអាចនាំចេញទៅក្រៅប្រទេសបានខ្លះ ដូចជា ស្រូវ ដំឡូង សណ្តែក។ល។
ក្រោយមកទៀត មានន័យថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានសាកល្បងលោតពីកសិកម្មបែបបុរាណ ឆ្លងកាត់កសិ-ពាណិជ្ជកម្ម ដោយឈានមកចាប់កសិ-ឧស្សាហកម្ម។ ក្នុងន័យនេះ កម្ពុជាចាប់ផ្តើមកែច្នៃផលិតផលកសិកម្មសម្រាប់ពិសាដោយខ្លួនឯង។ កសិ-ឧស្សាហកម្មមិនទាន់មានច្រើនមែន។ តែវាក៏ជាចំណុចចាប់ផ្តើមដែរ។
បើទោះបីជាកម្ពុជាប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញកសិកម្មខ្មែរនៅប្រឈមនឹងបញ្ហារាប់មិនអស់ដែរ ពីព្រោះថា អ្នកវិនិយោគក្នុងវិស័យកសិកម្មមួយចំនួនបានដួលបះជើង។
លោក ម៉ុង ឫទ្ធី មហាសេដ្ឋីកសិកម្ម ដែលបានប្រឹងប្រែងជម្នះឲ្យជោគជ័យក្នុងវិស័យកសិកម្មជាច្រើនឆ្នាំមកហើយនោះ បាននិយាយថា៖«ខ្ញុំសូមប្រាប់ថា បើគ្មានចិត្តសេ្នហាស្មោះជាមួយកសិកម្មទេ មិនចាំបាច់ធ្វើទេ នាំក្រទៅវិញ។ តែបើមានចិត្តស្នេហាស្មោះ ប្តូរផ្តាច់ ទើបអាចជោគជ័យ…។ ខ្ញុំប៊ិះដួលជិត១០០ដងហើយទម្រាំឈរជើងបានដល់សព្វថ្ងៃនេះ»។
អ្នកស្រឡាញ់កសិកម្មរូបនេះ បានបន្តបញ្ជាក់ថា៖«កសិកម្ម បើមើលពាក្យ«កម្ម»ចុងក្រោយ ចូរគិតឲ្យហើយទៅ! កសិកម្ម ពាក្យចុងក្រោយ មិនមែនជារឿងងាយស្រួលទេ។ លុះត្រាតែមានឆន្ទៈ មនសិការកសិកម្មពិតប្រាកដ ទើបអាចធ្វើបាន»។
លោក ម៉ុង ឫទ្ធី និយាយថា កសិកម្ម មានពាក្យខាងចុង«កម្ម» តើវាកម្មមែនឬទេ? លោក យ៉ង់ សាំងកុមារ អតីតនាយកអង្គការកសិកម្ម សេដាក់ បានឆ្លើយតបតាមរបៀបកំប្លែងលេងវិញថា ចុះឧស្សាហកម្ម មិនមានពាក្យខាងចុង«កម្ម»ដែរ។ តែទោះជាយ៉ាងណា ក៏លោក យ៉ង់ សាំងកុមារ ទទួលស្គាល់ថា ការធ្វើកសិកម្មនៅកម្ពុជាមិនមែនជារឿងងាយស្រួលឡើយ។ លោកថា ប្រសិនបើធ្វើកសិកម្មដើម្បីពិសា មិនមានបញ្ហាអ្វីទេ តែបើធ្វើកសិកម្មដើម្បីលក់ ឬធ្វើកសិកម្មដើម្បីពាណិជ្ជកម្ម គឺជារឿងលំបាក។
លោក យ៉ង់ សាំងកុមារ បញ្ជាក់ថា ការធ្វើកសិកម្ម គឺត្រូវការស្រឡាញ់កសិកម្ម ស្រឡាញ់ធម្មជាតិជាដើម។ លោក កុមារ បានបន្តទៀតថា បញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជាដែលលោកហៅថាព្យុះនោះ ទី១ គឺបម្រែបម្រួលអាកាសធាតុ និងទី២ ការប្រែប្រួលតម្លៃលើទីផ្សារ។
លោក កុមារ លើកឡើងថា ដើម្បីទទួលបានជោគជ័យនៅក្នុងជំនួញកសិកម្ម អ្នកជំនួញត្រូវមានលក្ខខណ្ឌសមស្របចំនួន៥ ក្នុងនោះមាន៖ ទុន ទឹក បច្ចេកទេស ទំនាក់ទំនងសហការគ្នារវាងគ្នា និងគ្នា និងទីផ្សារ។ ដោយសារតែទីផ្សារមានការប្រែប្រួលខ្លាំងពេក ហើយកសិកម្មខ្វះព័ត៌មានជុំវិញរឿងតម្លៃនោះ ទើបកសិករ ឬអ្នកជំនួញមួយចំនួនផ្អើលតគ្នាកាប់ស្វាយចន្ទីចោល ដាំដើមកាហ្វេ ឬដាំកៅស៊ូ ហើយពេលកៅស៊ូចុះថោក ពួកគេនាំគ្នាត្រៀមកាប់ដើមកៅស៊ូចោល ហើយគ្រោងដាំស្វាយចន្ទីវិញ។ កសិកម្មប្រភេទខាងលើនេះ ត្រូវការពី៤ ទៅ៥ឆ្នាំទើបទទួលបានបានផលអាចលក់បាន។
ការលំបាករបស់អ្នកជំនួញកសិកម្ម និងកសិករខ្មែរ មានដូចតទៅ៖ ទី១ គឺកសិកម្មពឹងលើមេឃ។ ទី ២ ខ្វះទុន។ ទី៣ ខ្វះទីផ្សារ និង ទី៤ ខ្វះបច្ចេកទេស។ កសិករខ្មែរ និងអ្នកវិនិយោគតែងតែត្អូញត្អែរថា ពួកគេផលិតរួចហើយ លក់មិនបានរួចថ្លៃដើមផលិតវិញផង។ តើកសិកម្ម គឺ ជា«កម្ម»របស់កសិករខ្មែរមែនឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com