បទវិភាគ
ក្រៅពី​និយមន័យ តើ​អ្វី​ជាស​ភាវៈ​នៃ «​គតិបណ្ឌិត​»?
14, Oct 2018 , 1:35 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ នៅពេលណា​អ្នក​ឮ​ពាក្យ «​គតិបណ្ឌិត​» អ្នក​ត្រូវ​ឈ្វេងយល់​ដល់​សកម្មភាព​មួយ​គឺ «​ដំណើរ​អ្នកប្រាជ្ញ ឬ​ល​ម្អា​ន​អ្នកប្រាជ្ញ​» ។ តាម​និយមន័យ​នេះ គឺ​ចង់​សំដៅថា បុគ្គល​ណា​មាន​គតិបណ្ឌិត គឺ​បុគ្គល​នោះ​មានដំណើរ​ជីវិត​ប្រព្រឹត្តទៅ​ដូច​អ្នកប្រាជ្ញ ឬ​តា​មល​ម្អា​ន​នៃ​អ្នកប្រាជ្ញ​។​





ការបកស្រាយ​ខាងលើ គឺ​គ្រាន់តែ​ជា​និយមន័យ​តែប៉ុណ្ណោះ​។ អ្វីដែល​សំខាន់​ជាង​នេះ​គឺថា តើ​អ្វីខ្លះ​ដែលជា​អាថ៌កំបាំង​នៅ​ពីក្រោយ​និយមន័យ​នៃ​ពាក្យ «​គតិបណ្ឌិត​»? អ្វី​ជា​ធាតុ​ផ្សំ​នៃ «​គតិបណ្ឌិត​»?

​នៅពេល​អ្នកប្រាជ្ញ​ឬ​បណ្ឌិត​សួរថា​តើ​អ្វី​ជា «​គតិបណ្ឌិត​» ? គឺ​លោក​ប្រាកដជា​ចង់ដឹង​ពី​ខ្លឹមសារ​, លក្ខណ​, សភាវៈ និង​ដំណើរ​នៃ​គតិបណ្ឌិត​នោះ ជាជាង​ចង់ដឹង​ត្រឹមតែ​អត្ថន័យ ។​

​នៅ​ពីក្រោយ​និយមន័យ គតិបណ្ឌិត​មាន​បង្កប់​នូវ​ធាតុ​ផ្សំ​៤​យ៉ាង​គឺ លក្ខណៈ​ធម្មជាតិ​, បញ្ញត្តិ​, ដំណើរ​ប្រព្រឹត្តទៅ និង​ការងារ ដែល​ធាតុ​ទាំងនេះ អាច​ទ្រទ្រង់​ដល់​បុគ្គល​ណា​ម្នាក់ ឲ្យ​មាន​ឈ្មោះថា «​ជន​មាន​គតិបណ្ឌិត​ពេញលក្ខណ​»​។ ជន​ដែលមាន​គតិបណ្ឌិត ជា​បុគ្គល​ដែលមាន​ធាតុ​ទាំង​បួន​នេះ​ក្នុង​ខ្លួន​៖

•    លក្ខណ​ធម្មជាតិ​៖ ជន​ប្រកបដោយ​គតិបណ្ឌិត គឺមាន​លក្ខណ និង​ឧបនិស្ស័យ​ដូច​អំពៅ ទោះបី​ទៅដល់​ទីណា​ក៏ដោយ ក៏​មិន​ប្រែប្រួល​សារជាតិ​របស់ខ្លួន​ជាដាច់ខាត​។ 

•    បញ្ញត្តិ​៖ វា​ជា​ប្រត្យក្ស​ទៅហើយ ដែលថា​ជន​មាន​គតិបណ្ឌិត គឺ​ត្រូវតែ​ជា​ជន​មានចំណេះដឹង​ខ្ពង់ខ្ពស់ មាន​បញ្ញា​ជ្រៅជ្រះ មានការ​គិតពិចារណា​ប្រកបដោយ​ហេតុផល​។ ម្យ៉ាងទៀត ជន​មាន​គតិបណ្ឌិត ក៏​ជា​ជន​ដែលមាន​មេត្តាករុណា មានចិត្ត​សន្ដោស​ប្រោសប្រណី អធ្យាស្រ័យ​ដល់​អ្នកផង​ទាំងពួង មាន​សន្តាន​ចិត្ត​ជួយសង្គ្រោះ និង​ជ្រោមជ្រែង​អ្នកដទៃ ឲ្យ​រួច​ចាក​ទុក្ខលំបាក​។​

•    ដំណើរ​ជីវិត​៖ ការប្រព្រឹត្តទៅ​នៃ​ជីវិត​របស់​បុគ្គល​ប្រកបដោយ​គតិបណ្ឌិត តែងតែ​សាង​នូវ​អំពើ​ល្អជា​និច្ច តែង​ញ៉ាំង​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទាំង​កាយវាចា​ចិត្ត ហើយក៏​ដឹកនាំ​អ្នកដទៃ​ឲ្យ​សាង​អំពើ​ជា​កុសល និង​ធ្វើខ្លួន​ឲ្យ​បរិសុទ្ធ​ដូច​ខ្លួន​ដែរ​។ ក្នុងការ​រស់នៅ ជននេះ​តែងតែ​ធ្វើជា​គំរូ​ក្នុងការ​សាង​អំពើ​ល្អ​ដល់​មនុស្ស​គ្រប់រូប​។​

•    សកម្មភាព​និង​ការងារ​៖ គេ​តែង​សម្គាល់​ឃើញថា ក្នុង​មួយជីវិត​របស់​ជន​មាន​គតិបណ្ឌិត គឺ​ពួកគេ​តែង​ធ្វើ​សកម្មភាព និង​បំពេញ​កិច្ចការងារ​ទាំងឡាយណា​ដែល​អាច​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីចម្រើន ដល់​គ្រួសារ បងប្អូន​សាច់ញាតិ សង្គម​មនុស្សជាតិ​ទាំងពួង​។ ពួកគេ​តែងតែ​ស​ន្ស​ល់​ទុក​នូវ​ស្នាដៃ​ដ៏​មានតម្លៃ​ផ្សេងៗ ពេល​គេ​នៅមាន​ជីវិត និង​ពេលដែល​គេ​លាចាក​លោក​ទៅ​៕




Tag:
 ទស្សន​
  គតិបណ្ឌិត​
© រក្សាសិទ្ធិដោយ thmeythmey.com