ពីនេះ ពីនោះ
តើ​«​សុភាសិត​» និង​«​ពាក្យស្លោក​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
15, Jul 2019 , 3:38 pm        
រូបភាព
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ «​សុភាសិត​» ថា​ជា កម្រង​ពាក្យ​ដែល​ពិ​រោះ ដែល​និយាយ​ត្រូវ ដែលថា​ត្រូវ​។ ចំណែក​«​ពាក្យស្លោក​» មានន័យថា ឃ្លាប្រយោគ ឬ​សម្ដី​ដែលមាន​លក្ខណៈ​ចង្អុលបង្ហាញ​ត្រង់ៗ ក្នុងន័យ​អប់រំ​។​



​ការ​ឲ្យ​និយមន័យ​បែបនេះ​ប្រហែល​សាធារណជន​មួយចំនួន នៅមាន​ការពិបាក​ក្នុងការ​បែងចែក​បន្តិច ពី​លក្ខណៈ​ខុសគ្នា និង​លក្ខណៈពិសេស​រវាង «​សុភាសិត​» និង​«​ពាក្យស្លោក​»​នេះ​។ ដើម្បី​ឲ្យ​ងាយ​យល់ និង​បែងចែក​ឲ្យ​ច្បាស់​រវាង​ពាក្យ​ទាំង​ពីនេះ គេ​ត្រូវ​ពិចារណា​ដូចខាងក្រោម​៖

«​សុភាសិត​» អាច​និយាយបានថា គឺជា​កម្រង​សម្ដី ឬ​ប្រយោគ ជា​សម្ដី​ខ្លីៗ ដែលមាន​បង្កប់​អត្ថន័យ ន័យធៀប ដែលមាន​លក្ខណៈ​ពិបាក​យល់ និង​បង្កប់​អត្ថន័យ​គ្រប់គ្រាន់ សម្រាប់​ការគិត​ពិចារណា​។ ឧទាហរណ៍ សុភាសិត​មួយ​លើកឡើងថា «​អូស​ទូក​កុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​កុំ​ឲ្យ​ល្អក់​ទឹក​» សម្ដី​មួយ​ឃ្លា​នេះ ខ្លី ប៉ុន្តែ​មាន​បង្កប់ន័យ​ជ្រៅ​ដែលមាន​លក្ខណៈ​ធៀប​ន័យ​។

​លក្ខណៈពិសេស​របស់​សុ​ភាសិត គឺ​បានផ្ដល់​ឲ្យ​អ្នក​គិត អ្នកបកស្រាយ ពីរ​លក្ខខណ្ឌ​ទាំងអស់​។ លក្ខខណ្ឌ​ទីមួយ អ្នកបកស្រាយ ត្រូវតែ​បកស្រាយ​ក្នុងន័យ​ត្រង់​ធម្មតា និង​លក្ខខណ្ឌ​ទី​ពីរ អ្នកបកស្រាយ​សុភាសិត​ត្រូវតែ ឈ្វេងយល់​ពី​អត្ថ​ន័យធៀប​នៃ​សម្ដី ឬ​ឃ្លា​ទាំងនោះ ទៅរក​គោលបំណង​ពិត និង​អត្ថន័យ​ពិត​របស់​សុភាសិត​។

​ចំណែក​«​ពាក្យស្លោក​» ជា​កម្រង​សម្ដី​ខ្លី​ដូច​សុភាសិត​ដែរ ប៉ុន្តែ​ជាទូទៅ មិនមាន​បង្កប់​អត្ថន័យ​ជ្រៅ ឬ ន័យធៀប​នោះទេ​។ ពាក្យស្លោក គឺជា​សម្ដី​ដែល​លើកឡើង​ក្នុងន័យ​បង្ហាញ​ត្រង់ៗ​។ ឧទាហរណ៍​« វិន័យ នាំ​ឲ្យ​មាន​សេចក្ដីថ្លៃថ្នូរ​» ក្នុងន័យ​បង្ហាញ​ត្រង់ៗ​។​

​ជារួម​ទាំង​សុភាសិត និង​ពាក្យស្លោក សុទ្ធតែ​ប្រើ​ក្នុងន័យ​អប់រំ ចង្អុលបង្ហាញ ឆ្លុះបញ្ចាំង ដូចគ្នា​។ ប៉ុន្តែ​សុភាសិត​ទាមទារ​ឲ្យ​មានការ​យល់ដឹង​ខ្ពស់ និង​ច្បាស់លាស់​ពី​ប្រភព​នៃ​ពាក្យ​ទើប​នាំ​ឲ្យ​ការបកស្រាយ មិនមាន​កំហុស​ផ្នែក​អត្ថន័យ​។  ចំណែក ពាក្យស្លោក ជាទូទៅ​មាន​លក្ខណៈសាមញ្ញ​ងាយស្រួល​យល់ អ្នក​ដែលមាន​មូលដ្ឋាន​ចំណេះដឹង​ធម្មតា​ក៏​អាច​បកស្រាយ​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com