អន្តរជាតិ
មេដឹកនាំផ្ដាច់ការវ័យ៩៣ឆ្នាំ Mugabe អួតថា គ្មាននរណាជំនួសលោកបានឡើយ
× សល់មិនប៉ុន្មានថ្ងៃទៀតទេ ប្រធានាធិបតីស៊ីមបាវ៉េ Robert Mugabe ដែលកាន់អំណាចតាំងពីឆ្នាំ១៩៨០ មានអាយុ៩៣ឆ្នាំហើយ។ បើទោះជាមានវ័យចំណាស់ជិតសតវត្សរ៍ក្ដី លោក Mugabe ត្រូវបានបក្សកាន់អំណាច ZANU-PF ជ្រើសតាំងជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨ ខាងមុខ។ ខណៈការដឹកនាំដែលពោរពេញដោយការរំលោភសិទិ្ធមនុស្ស រឹតត្បិតសិទ្ធិសេរីភាព និងអតិផរណាខ្ពស់កប់ពពក លោក Mugabe អួតអាងថា គ្មាននរណាអាចជំនួសលោកបានឡើយ។
មេដឹកនាំផ្ដាច់ការវ័យចំណាស់ស៊ីមបាវ៉េ Robert Mugabe បាននិយាយថា គណបក្សកាន់អំណាច ZANU-PF របស់លោក និងប្រជាជនស៊ីមបាវ៉េទាំងអស់ មើលមិនឃើញបេក្ខជនសមស្របសម្រាប់ជំនួសតំណែងលោកក្នុងការបោះឆ្នោតលើកក្រោយឡើយ។ កាលពីខែធ្នូ ឆ្នាំ២០១៦ លោក Mugabe ត្រូវបានគណបក្សលោក ជ្រើសរើសជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ដែលពេលនោះលោកនឹងមានអាយុ៩៤ឆ្នាំ។
«ពួកគេចង់ឲ្យខ្ញុំឈរឈ្មោះបន្តទៀត។ ពួកគេចង់ឲ្យខ្ញុំឈរឈ្មោះគ្រប់ការបោះឆ្នោត ហើយប្រជាជនភាគច្រើនមានអារម្មណ៍ថា គ្មាននរណាអាចជំនួសខ្ញុំ និងស័ក្តិសមដូចខ្ញុំឡើយ។» នេះជាការនិយាយលើកសរសើរខ្លួនឯងពីសំណាក់ប្រធានាធិបតីស៊ីមបាវ៉េ Mugabe ដែលនឹងឈានចូលវ័យ៩៣ឆ្នាំនៅថ្ងៃទី២១ ខែកុម្ភៈ និងត្រូវបានផ្សាយដោយសារព័ត៌មាន Al Jazeera ។
ស្របពេលដែលសុខភាពកាន់តែដុនដាប មេដឹកនាំកាន់តំណែងយូរជាងគេបំផុតមួយនៅអាហ្វ្រិក ឬនិយាយឲ្យខ្លីថាប្រធានាធិបតីមួយជីវិតរបស់ស៊ីមបាវ៉េរូបនេះ ធ្លាប់ប្រកាសចំពោះមុខបណ្ដាមេដឹកនាំអាហ្វ្រិកកាលពីដើមឆ្នាំ២០១៦ ថាលោកនឹងដឹកនាំប្រទេសរហូតដល់ពេលលោកស្លាប់តែម្ដង។ លោក Mugabe បានបញ្ជាក់៖« ខ្ញុំនឹងនៅកាន់តំណែងរហូតដល់ទេវតាហៅទៅជាមួយ។ ដរាបណាខ្ញុំមានជីវិត ខ្ញុំនឹងដឹកនាំប្រទេសឲ្យលូតលាស់ទៅមុខ មិនមែនថយក្រោយឡើយ»។
បន្ថែមពីលើការអួតអាងរបស់លោក Mugabe លោកស្រី Grace Mugabe ភរិយាវ័យក្មេងរបស់ប្រធានាធិបតីស៊ីមបាវ៉េ ក៏ចេញមកអះអាងថា បើទោះជាប្ដីលោកស្រីក្លាយជាសាកសព ក៏លោកនៅអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានដែរ។ ថ្លែងទៅកាន់ការជួបជុំមួយនៅថ្ងៃទី១៧ ខែកុម្ភៈ លោកស្រី Grace ដែលគេមើលថាអាចជាអ្នកស្នងតំណែងលោក Mugabe និយាយថា យើងនឹងឃើញប្រជាជនបោះឆ្នោតឲ្យសាកសពលោក Mugabe មិនខាន ព្រោះប្រជាជនស្រឡាញ់លោក។
សូមរម្លឹកថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៨០មក លោក Mugabe តែងតែឈ្នះរាល់ការបោះឆ្នោត ដែលពោរពេញដោយភាពចម្រូងចម្រាស មានការបន្លំសន្លឹកឆ្នោត និងការគំរាមកំហែងថែមទៀតផង។ ហើយអ្នកណាដែលមានបំណងចង់ដណ្តើមអំណាចពីលោកនឹងមិនមានលទ្ធផលល្អឡើយ។ អតីតវីរជនឯករាជ្យរូបនេះ តែងដកតំណែងមន្ត្រីធំៗជាច្រើននាក់ដែលជាប់ពាក់ព័ន្ធនឹងគម្រោងផ្តួលរំលំលោកពីអំណាច និងមានមន្ត្រីខ្លះរងការចាប់ខ្លួនផងដែរ៕
Tag:
ស៊ីមបាវ៉េ
Robert Mugabe
© រក្សាសិទ្ធិដោយ thmeythmey.com