វិមានពហុកីឡដ្ឋានជាតិអូឡាំពិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលមនុស្សចំនួន៤ពាន់នាក់ ឲ្យចូល ទស្សនារឿង របស់លោកស្រី អេនជីលីណា ជូលី (Angelina Jolie)។ បើតាម លោក ជាប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្ត សំបុត្រចូលទស្សនាភាពយន្តនេះ បានចែកជូនទៅតាមស្ថាប័នមួយចំនួន សិស្ស និស្សិត និងសាធារណជនអស់ហើយ ខណៈការចាក់បញ្ចាំង ចាប់ផ្តើមនៅម៉ោង៦កន្លះ ល្ងាចថ្ងៃទី២១ខែកុម្ភៈនេះ។
រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នឹងបង្ហាញខ្លួននៅលើផ្ទាំងសំពត់ស នៅក្រុងភ្នំពេញ ជាលើកដំបូង នាល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ បន្ទាប់ពីបើកសម្ពោធ និងបញ្ចាំងជូនទស្សនារយៈពេល២ថ្ងៃ នៅខេត្តសៀមរាបរួចមក។
វិមានពហុកីឡដ្ឋានជាតិអូឡាំពិក(ទីលានបាល់ទះ) ជាទីតាំងដែលត្រូវចាក់បញ្ចាំងភាពយន្តនេះ បានរៀបចំរួចរាល់ហើយ ដើម្បីទទួលអ្នកទស្សនាប្រមាណ៤ពាន់នាក់ ដែលបានទទួលលិខិតអញ្ជើញ ពីនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្ត CFC ហើយនោះ។
លោក ជាប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្ត បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការចាក់បញ្ចាំងនៅភ្នំពេញ នឹងត្រូវរៀបចំធម្មតាមិនដូចពេលបើកសម្ពោធនៅសៀមរាបនោះទេ ពោល មានតែលោកស្រី អេនជីលីណា ជូលី (Angelina Jolie)ដែលជាផលិតកររឿង និងអ្នកពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ។ ដ្បិតជាការរៀបចំធម្មតា ប៉ុន្តែបើតាមនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តរូបនេះ លោកស្រី អេនជីលីណា ជូលី នឹងថ្លែងបំណងនៃការផលិតភាពយន្តនេះទៅកាន់អ្នកទស្សនា មុនការចាក់បញ្ចាំងភាពយន្ត។
បើតាម លោក ជាប សុវិជ្ជា សំបុត្រចូលទស្សនាភាពយន្តនេះ នៅល្ងាចនេះ មានកំណត់ត្រឹម៤ពាន់សន្លឹក និងបានចែកជូនទៅតាមស្ថាប័ន សិស្ស និស្សិត និងសាធារណជនអស់ហើយ។ លោក សុវិជ្ជាបន្ថែមថា ភាពយន្តនេះ នឹងចាក់បញ្ចាំងនៅម៉ោង៦កន្លះ ហើយបន្ថែមថា អ្នកទស្សនា នឹងត្រូវអនុញ្ញាតឲ្យក្នុងទីតាំងបញ្ចាំងភាពយន្តចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង៦ និង១៥នាទី។
រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានបើកសម្ពោធនៅថ្ងៃទី១៨ ខែកុម្ភៈ នាទីលានជល់ដំរី ខេត្តសៀមរាប ក្រោមព្រះរាជវត្តមានព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថសីហនុ។
លោកស្រី អេនជីលីណា ជូលី បានថ្លែងនៅក្នុងពិធីសម្ពោធភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ថា កម្ពុជាបានផ្លាស់ប្តូរជីវិតរបស់លោកស្រី និងធ្វើឲ្យរូបគាត់បានក្លាយទៅជា
ម្តាយដ៏ល្អម្នាក់។ តារាហូលីវូដសញ្ជាតិខ្មែររូបនេះបន្តទៀតថា នាងផលិតភាពយន្តនេះឡើង ក៏ដើម្បីអរគុណដល់ប្រទេសកម្ពុជា ដែលបានផ្តល់ជីវិតថ្មីដល់ខ្លួន។
ភាពយន្តនេះនឹងបន្តទៅបង្ហាញខ្លួននៅខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ព្រមទាំងចេញផ្សាយនៅលើគេហទំព័របញ្ចាំងខ្សែភាពយន្តដ៏ល្បីល្បាញ Netflix នៅខែកញ្ញា ឆ្នាំ២០១៧នេះ។
«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី លួង អ៊ឹង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស។ អ្នកស្រីបានរួចផុតជីវិតពី របបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ។ សាច់រឿងត្រូវបានរៀបរាប់ តាមការមើលឃើញរបស់អ្នកស្រី តាំងពីអាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះ ឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និងការតស៊ូយ៉ាងប្តូរផ្តាច់ របស់គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនា អំឡុងសម័យខ្មែរក្រហម៕
រូបភាពផ្តល់ដោយលោក ជាប សុវិជ្ជា