ជាតិ
សេដ្ឋកិច្ច
ប្រាសាក់ នឹងចំណាយប្រាក់ជិត ១លានដុល្លារ លើការផ្លាស់ប្ដូរនិមិត្តសញ្ញា
× ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នឹងចំណាយទឹកប្រាក់ប្រមាណជិត ១លានដុល្លារ លើការផ្លាស់ប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម (ឡូហ្គោ) របស់ខ្លួន ក្នុងរយៈពេលជាង ១ប្ដាហ៍ខាងមុខ ដើម្បីឆ្លើយតបតាមតម្រូវការរបស់រដ្ឋាភិបាល។ នេះជាការប៉ាន់ស្មានបឋម របស់ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទី២ បន្ទាប់ពីធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលរដ្ឋាភិបាលតម្រូវឲ្យផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួន ដើម្បីបញ្ចៀសការភាន់ច្រឡំរបស់សាធារណជនថា គ្រឹះស្ថានទាំងនេះជារបស់រដ្ឋ។ នាពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)នៅព្រឹកថ្ងៃទី២២ កុម្ភៈនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យគ្រឹះស្ថាន ប្រាសាក់ ផ្លាស់ប្ដូរនិមិត្តសញ្ញាឲ្យបានក្នុងពេលឆាប់ៗ ក្រោមហេតុផលថា និមិត្តសញ្ញារបស់ប្រាសាក់មានអក្សរ«៛៛៛»នេះ អាចឲ្យសាធារណជនភាន់ច្រឡំថាជាអក្សរកាត់នៃពាក្យថា «រដ្ឋ»។
លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា គណៈគ្រប់គ្រងរបស់ប្រាសាក់ នឹងជួប ជាមួយមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ ដើម្បីពិភាក្សាលើការប្តូរនិមិត្តសញ្ញាថ្មីនេះ។ លោក បន្ថែមថា ប្រាសាក់ នឹងប្រើពេលជាង ១សប្ដាហ៍ ផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួន គ្រប់សាខានៅទូទាំងប្រទេស ខណៈដែលឡូហ្គោចាស់របស់ប្រាសាក់ កំពុងត្រូវបានដកចេញជាបណ្ដើរៗហើយ។
បើតាម លោក ស៊ីម សេនាជាតិ ការផ្លាស់ប្ដូរឡូហ្គោនេះ នឹងធ្វើឲ្យប្រាសាក់ខាតបង់ថវិកាប្រហែលជិត ១លានដុល្លារ ដែលជាទឹកប្រាក់ប៉ានស្មានបឋម មុននឹងរូបរាងឡូហ្គោថ្មី ត្រូវបានសម្រេចជាផ្លូវការ។ លោកបញ្ជាក់ថា៖« ប្រាសាក់ត្រូវចំណាយលើការផ្លាស់ប្ដូរផ្ទាំងប៉ាណូ កាត ATM និងឯកសារផ្សេងៗដែលជាប់និមិត្តសញ្ញាចាស់។ ប្រាសាក់មានសាខាសរុបចំនួន ១៨១ ដោយរាប់ទាំងការិយាល័យកណ្ដាល»។
លោក សេនាជាតិ និយាយថា ការផ្លាស់ប្ដូរនិមិត្តសញ្ញានេះ នឹងមិនធ្វើឲ្យប៉ះពាល់ច្រើនទេ លើសកម្មភាពអាជីវកម្មរបស់ប្រាសាក់។ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់រូបនេះ បានបញ្ជាក់ដូច្នេះថា៖«អតិថិជននៅតែអាចស្គាល់ប្រាសាក់ តាមរយៈផ្លាកយីហៅដែលមានពាក្យប្រាសាក់ និងទីតាំងដដែល រួមទាំងនឹងមានការ ផ្សព្វផ្សាយទូលំទូលាយពីនិមិត្តសញ្ញាថ្មីរបស់ប្រាសាក់»។
គិតត្រឹមបំណាច់ឆ្នាំ ២០១៦ ប្រាសាក់មានទ្រព្យសកម្មសរុប ១២៥០លានដុល្លារ, ឥណទាន ១០៣០លានដុល្លារ និងប្រាក់បញ្ញើចំនួន ៦១៩លានដុល្លារ។ នេះបើតាម លោក ស៊ីម សេនាជាតិ ។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ រដ្ឋាភិបាលបានតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្សព្វផ្សាយ និងដាក់សម្គាល់ថាជា«គ្រឹះស្ថានឯកជន» ដើម្បីបញ្ចៀសការភាន់ច្រឡំរបស់មហាជនថាគ្រឹះស្ថានទាំងនោះជារបស់រដ្ឋ។ មូលហេតុ ដែលរដ្ឋាភិបាលកំណត់បែបនេះ ដោយសារកន្លងមកមានគ្រឹះស្ថានហិរញវត្ថុឯកជនមួយចំនួន បានរឹបអូសផ្ទះសំបែងរបស់ពលរដ្ឋ ហើយពលរដ្ឋភាន់ច្រឡំថា គ្រឹះស្ថានទាំងនោះជារបស់រដ្ឋ។ មកទល់នឹងពេលនេះ មានគ្រឹះស្ថានហិរញ្ញវត្ថុចំនួនពីរហើយ គឺធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួន ក្រោមហេតុផលថា ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះ មាននិមិត្តសញ្ញា ដែលអាចឲ្យពលរដ្ឋភាន់ច្រឡំ ថាជារបស់ «រដ្ឋ»៕
Tag:
ប្រាសាក់
ឡូហ្គោ
ស៊ីម សេនាជាតិ
មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com