កីឡាជាតិ
ជាតិ
​បញ្ហា​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នឹងដាក់​ឲ្យ​ជជែក​ក្នុង​ម​ហាសន្និ​បាត​របស់​ក្រសួង​អប់រំ​
24, Feb 2017 , 8:19 pm        
រូបភាព
រូបភាពពី៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
រូបភាពពី៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ដោយ:
​បញ្ហា​ប្រឈម​និង​ការខ្វះខាត​របស់​មន្ទីរ​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​ដែលជា​បញ្ហា​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​នាពេល​កន្លងមក​។ ថ្នាក់ដឹកនាំ​កីឡា​នឹង​យក​បញ្ហា​នេះ​ដាក់បញ្ចូល​ក្នុង​អង្គ​មហាសន្និបាតប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ខែមីនា ខាងមុខ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​។ ការធ្វើ​បែបនេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​។​



​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​ការធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​។ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ស៊ាន បូរ៉ា​ត បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​របស់​មន្ទី​អប់រំ​កាយ និង​កីឡា​រាជធានី​-​ខេត្ត​ទាំង​២៥ ដើម្បី​ដាក់​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ក្នុង​មហាសន្និបាត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​២៣-២៥ ខែមីនា ខាងមុខនេះ​។​



​ការជំរុញ​នេះ​បន្ទាប់ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​អាន​របាយការណ៍​ពី​បញ្ហា​ប្រឈម​ដែល​លើកឡើង​ដោយ​មន្ទីរអប់រំ​កាយ និង​កីឡា​ទាំង​២៥​រាជធានី​-​ខេត្ត ក្នុង​ថ្ងៃ​បិទ​សិក្ខាសាលា​បូកសរុប​ការងារ​អនុវិស័យ​ការអប់រំ​កាយ និង​កីឡា​ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​យោងតាម​របាយ​របស់​អគ្គនាយកដ្ឋាន​កីឡា​បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន កញ្ចប់​ថវិកា​មិនទាន់​ឆ្លើយតប​ទៅនឹង​ផែនការ​សកម្មភាព​, កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សម្រាប់​ហ្វឹកហាត់ និង​ប្រកួត​, កង្វះ​ធនធាន​កីឡាករ និង​គ្រូបង្វឹក​ដែលមាន​គុណភាព​, កង្វះ​លិខិតបទដ្ឋាន​ស្តីពី​ការគ្រប់គ្រង និង​អនុវត្ត​លើ​អនុវិស័យ​អប់រំ​កាយ និង​កីឡា និង​កង្វះ​កម្មវិធី​អនុវត្តន៍​អប់រំ​កាយ និង​កីឡា​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​



​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅតាម​បណ្តា​ខេត្ត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក អ៊ុក សិទ្ធិ​ជាតិ បាន​ឲ្យ​ក្រសួង​អប់រំ​បង្កើនល្បឿន​នៃ​ការជួសជុល កែលម្អ និង​កសាង​ទីលាន​កម្រិតស្តង់ដា​នៅតាម​ខេត្ត និង​បង្កើន​ការបណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូ​បឋម និង​គ្រូ​ទទួលបន្ទុក​កីឡា​នៅតាម​សាលារៀន​។ សហការ​ជាយ​មួយ​សហព័ន្ធ​បើក​វគ្គ​បំប៉ន​ជំនាញ​ដល់​មន្ត្រី​ដឹកនាំ គ្រូបង្វឹក អាជ្ញាកណ្តាល​នៅតាម​រាជធានី​-​ខេត្ត ជាពិសេស​រៀបចំ​សិក្ខាសាលា​រៀងរាល់ឆ្នាំ ដើម្បី​ពិនិត្យ​បញ្ហា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជាក់លាក់​។​

​ទន្ទឹមនឹង​ការលើកឡើង​ពី​បញ្ហា​ប្រឈម និង​ការដាក់​សំណូមពរ លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​រូបនេះ ក៏​លើក​ពី​សម្បត្តិ​របស់​រាជធានី​-​ខេត្ត​ផងដែរ​ដូចជា ការអនុញ្ញាត​ដាក់​កម្មវិធី​អប់រំ​កាយ និង​កីឡា​ក្នុង​កម្មវិធីសិក្សា​របស់​គ្រឹះស្ថានសិក្សា​, អនុញ្ញាត​ឲ្យ​សិស្ស​មាន​ទេពកោសល្យ​ទៅ​បន្ត​ការហ្វឹកហាត់​កីឡា​, ចូលរួម​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​សម្តេច ហ៊ុន សែន​,  រៀបចំ​ប្រកួត​ជើងឯក​ប្រចាំឆ្នាំ​, បណ្តុះបណ្តាល​ធនធានមនុស្ស​តាមរយៈ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស និង​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​។​



​ក្នុង​ថ្ងៃ​បិទ​អង្គសិក្ខាសាលា​នោះដែរ​លោក ស៊ាន បូរ៉ា​ត បាន​ដាក់ចេញ​វិធានការ​៥​ចំណុច គឺ​ទី​១​ស្នើ​ឲ្យ​អង្គសិក្ខាសាលា​ដាក់​ជា​ធាតុ​ចូលក្នុង​មហាសន្និបាត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​, ទី​២​អគ្គនាយកដ្ឋាន​កីឡា​ត្រូវធ្វើ​កិច្ចសន្យា​ប្រតិភូកម្ម​ជូន​សហព័ន្ធ​កីឡា​ជាតិ​, ទី​៣​សហព័ន្ធ​កីឡា​ជាតិ​ត្រូវ​អនុវត្តតាម​ការណែនាំ និង​កិច្ចសន្យា​ទៅតាម​ផែនការ​ដែល​បានដាក់​ចេញ​, ទី​៤​ការិយាល័យ​កីឡា​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ការ​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន និង​ទី​៥​ការិយាល័យ​រាជធានី​-​ខេត្ត​ត្រូវ​លើក​ផែនការ​ថវិកា​បញ្ចូល​ទៅក្នុង​ថវិកា​របស់​មន្ទីរ​សាមី​៕


Tag:
 ស៊ាន បូរ៉ា​ត​
  អ៊ុក សិទ្ធិ​ជាតិ​
  អគ្គនាយកដ្ឋាន​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com