អន្តរជាតិ
តុលាការអាហ្វ្រិកខាងត្បូង បញ្ជាឲ្យប្រធានាធិបតីខ្លួនបញ្ឈប់ការប៉ុនប៉ងចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob Zuma
× តុលាការអាហ្វ្រិកខាងត្បូង បានចេញដីកាបង្គាប់បញ្ជាឲ្យលោកប្រធានាធិបតី Jacob Zuma ដកចេញនូវសេចក្តីថ្លែងការណ៍ជូនដំណឹងនៃការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ តុលាការ ចាត់ទុកការប៉ុនប៉ងដើរចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិរបស់ប្រធានាធិបតីអាហ្វ្រិកត្បូងមានលក្ខណៈអធម្មនុញ្ញភាព។
អនុប្រធានតុលាការកំពូលអាហ្វ្រិកខាងត្បូងលោក Phineas Mojapelo នៅថ្ងៃទី២២ កុម្ភៈ បាននិយាយថា រាល់សកម្មភាពដែលពាក់ព័ន្ធនឹងការដើរចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវធ្វើឡើងដោយស្របតាមធម្មនុញ្ញ ពោលគឺ ត្រូវបានឆ្លងកាត់ការអនុម័តពីសភាជាមុនសិន។ លោកអនុប្រធាន ក៏បានបញ្ជាឲ្យ លោកប្រធានាធិបតី Jacob Zuma ដកចេញនូវការជូនដំណឹងដែលគ្មានសុពលភាពពីតុលារការព្រហ្មទណ្ឌអន្តរជាតិផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាហ្វ្រិកខាងត្បូង Michael Masutha បានអះអាងថា រដ្ឋាភិបាលលោក នៅតែមិនបោះបង់ចេតនានៃការចាកចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនោះទេ។ លោករដ្ឋមន្ត្រី បានបន្ថែមថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង នឹងពិចារណាលើជម្រើសផ្សេងៗទៀត ដែលរាប់បញ្ចូលទាំងការប្តឹងប្រឆាំងនឹងការសម្រេចរបស់តុលាការផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ Reuters។
សូមជម្រាបផងដែរថា នៅចុងឆ្នាំមុន រដ្ឋមន្ត្រីយុត្តិធម៌អាហ្វ្រិកខាងត្បូងលោក Michael Masutha បានអះអាងថា រដ្ឋាភិបាលលោក បានចេញសេចក្តីថ្លែងការណ៍ជូនដំណឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយលោក បញ្ជាក់ហេតុផលថា តុលាការ មិនគោរពបុព្វសិទ្ធិការទូតរបស់ប្រទេសសមាជិក ក៏ដូចជាតុលាការ កាត់ទោសតែមេដឹកនាំអាហ្វ្រិកប៉ុណ្ណោះ។
ផែនការរបស់អាហ្វ្រិកខាងត្បូង ត្រូវបានធ្វើឡើងក្រោយប៊ូរុនឌី ដែលជាប្រទេសតំបន់អាហ្វ្រិកដូចគ្នានោះ បានអនុម័តច្បាប់ចាកចេញពីតុលាការរួចទៅហើយ។ សភាជាតិប៊ូរុនឌី បានបោះឆ្នោតផ្ទៃក្នុងដើម្បីសម្រេចចិត្តដើរចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលបាននិងកំពុងតែបើកការស៊ើបអង្កេតលើរដ្ឋាភិបាលប៉ូរុនឌីលើការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ៕
Tag:
អាហ្វ្រិកខាងត្បូង
តុលាការព្រហ្មទណ្ឌអន្តរជាតិ
ICC
© រក្សាសិទ្ធិដោយ thmeythmey.com