ជាតិ
ការលាលែងតំណែង៖ អ្នកនាំពាក្យCPP ថា បក្សប្រឆាំងកំពុងដើរតួជាជនរងគ្រោះ ឲ្យប្រជាជនអាណិត
× ភ្នំពេញ៖ អ្នកវិភាគនយោបាយ មើលឃើញផលវិជ្ជមានមួយចំនួន ជុំវិញការលាលែងពីតំណែងជាបន្តបន្ទាប់ របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងមានទោសទណ្ឌ ។ អ្នកវិភាគ អះអាងថា គណបក្សសង្គ្រោះជាតិ នឹងកាត់បន្ថយបញ្ហា និងបន្ទុកខ្លះ នៅពេលមន្ត្រីរបស់ខ្លួន ដែលកំពុងតែមានក្តីក្តាំនៅតុលាការ ប្រកាសលាលែងពីតំណែងបែបនេះ។ តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ការលាលែងនេះ បង្ហាញថា គណបក្សប្រឆាំងកំពុងដើរតួជាជនរងគ្រោះ ឲ្យប្រជាជនអាណិត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មើលមិនឃើញចំណុចវិជ្ជមាននៃការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នោះទេ។ លោក យល់ថា ការបោះបង់តំណែងនេះ អាចជាផែនការនិងការរៀបចំរបស់គណបក្សសង្គ្រោះជាតិ ទៅវិញ។ លោក ថែមទាំងចោទគណបក្សសង្គ្រោះជាតិទៀតថា កំពុងតែព្យាយាមដើរតួជាជនរងគ្រោះ ដើម្បីទាមទារការអាណិត ពីប្រជាជន។ លោក ឥសាន លើកឡើងប្រាប់សារព័ត៌មានថ្មីៗយ៉ាងនេះថា៖« វាអាចជាឧបាយកលរបស់គណបក្សសង្គ្រោះជាតិ។ គាត់ ប្រឹងធ្វើឲ្យច្របូកច្របល់ ឲ្យប្រជាជនយល់ច្រឡំថាគាត់ហ្នឹង កំពុងរងការធ្វើបាប ដើម្បីឲ្យប្រជាជនអាណិតគាត់»។
ផ្ទុយពីការមើលឃើញរបស់លោកមន្ត្រីបក្សប្រជាជនកម្ពុជាខាងលើ លោក មាស នី អ្នកវិភាគនយោបាយ យល់ថា ការលាលែងរបស់មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ មានឯកឧត្តម សម រង្ស៊ី លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណរ៉ា ជាដើម មានផលល្អសម្រាប់គណបក្ស។ លោកនិយាយថា មួយរយៈកន្លងមកនេះ គណបក្សសង្គ្រោះជាតិ បានចំណាយពេលវេលាជាច្រើន ដើម្បីគិតគូរពីមន្ត្រីរបស់ខ្លួន ដែលកំពុងតែជាប់ពន្ធនាគារ។ បើតាមលោក មាស នី បក្សប្រឆាំងដ៏ធំមួយនេះ នឹងមានភាពធូរស្បើយជាងមុន នៅពេលមន្ត្រីរបស់ខ្លួន ដែលរងបណ្តឹងនៅតុលាការ សុំលាលែងពីដំណែង។ អ្នកវិភាគរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ជាវិធីសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដើម្បីជម្រះផលវិបាករឿងតុលាការ។ ជាការកាត់បន្ថយបញ្ហា បើនិយាយពីឡាន កុំឲ្យដឹករបស់ច្រើនពេក»។
លោក មាស នី សន្និដ្ឋានថា ហេតុផលមួយទៀត ដែលនាំឲ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងទាំងពីរ សម្រេចចិត្តលាលែងពីតំណែងនាពេលនេះ គឺដោយសារតែឥទ្ធិពលខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ។ លោក មាស នី បន្តថា ប្រសិនបើមិនលាលែងនោះទេ ច្បាប់ស្តីពីគណបក្សនយោបាយ គង់តែផាត់អ្នកទាំងពីរ ចេញពីសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ ដដែលទេ។ លោក មានប្រសាសន៍បែបនេះថា៖«អាចជាសម្ពាធផ្លូវច្បាប់។ និយាយឲ្យសាមញ្ញ លាលែងមុន ប្រសើរជាងគេបណ្តេញចេញ»។
មាត្រា១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានសរសេរថា៖«ប្រធាននិងអនុប្រធាន នៃគណបក្សនយោបាយ និងសមាជិកនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបាត់បង់តួនាទី ក្នុងករណី ដែលសាមីខ្លួន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។ ចំណែកមាត្រា ៣៨ បានកំណត់ថា៖«ក្រសួងមហាផ្ទៃ អាចចាត់វិធានការ ដោយប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សនយោបាយណាមួយ ក្នុងករណីកំហុសមានលក្ខណធ្ងន់ធ្ងរ»។
យ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខម្តងទៀត ដើម្បីការពារខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយលោក អះអាងថា ច្បាប់ថ្មីនេះ បង្កើតឡើង ក្នុងគោលបំណងអនុវត្តទៅគ្រប់គណបក្ស។ លោក សង្កត់ធ្ងន់ថា ច្បាប់នេះ មិនមែនបង្កើតឡើង ដើម្បីសំដៅតែទៅលើគណបក្សសង្គ្រោះជាតិនោះទេ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ឲ្យធ្វើម៉េច បើពួកគាត់ប្រព្រឹត្តមែន។ ច្បាប់ ត្រូវតែអនុវត្តហើយ។ ច្បាប់មិនខុសទេ មនុស្សទេដែលខុស»។
ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា ការលាលែងពីតំណែងរបស់លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណរ៉ា គឺដើម្បីប្រយោជន៍ជាតិ។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ បញ្ជាក់ថា ការចាកចេញរបស់មន្ត្រីជាន់ខ្ពស់ទាំងនោះ មិនប៉ះពាល់អ្វីដល់គណបក្សសង្គ្រោះជាតិឡើយ។
លោក នៅតែបង្ហាញពីភាពរឹងមាំនៃផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ពួកគាត់សុខចិត្តលះបង់អ្វីៗ លះបង់ដំណែង ដើម្បីជាតិ។ ហើយគណបក្សសង្គ្រោះជាតិ អត់មានបែកបាក់អ្វីទេ»។
នៅថ្ងៃទី ២៣ កុម្ភៈ លោក អ៊ុំ សំអាន និងលោក អ៊ុំ សំអាន បានប្រកាសលាលែងពីសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ។ តាមរយៈលិខិតនោះ ពួកលោក បានប្រាប់មូលហេតុដូចគ្នាថា ការចាកចេញរបស់ពួកលោក គឺដោយសារតែរឿងផ្ទាល់ខ្លួន។
ដោយឡែក លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ដែលកំពុងជាប់ពន្ធនាគារដែរនោះ ក៏ប្រកាសលាលែងពីសមាជិកគណៈកម្មាធិការនាយកនៃគណបក្ស សម រង្ស៊ី ដែរ។ មូលហេតុរបស់លោក ហុង សុខហួរ មិនខុសពីលោកអ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា នោះទេ។
សូមបញ្ជាក់ថា ការលាលែងរបស់អ្នកខាងលើ គឺក្រោយការលាលែងរបស់ឯកឧត្តម សម រង្ស៊ី ប្រមាណជាពីរសប្តាហ៍មុន។ ឯកឧត្តម សម រង្ស៊ី បានលាលែងពីសមាជិកភាពនិងតំណែងជាប្រធាននៃគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com