ជាតិ
ពីនេះ ពីនោះ
ធម្មជាតិ​បង្កើត​មនុស្ស​ឲ្យ​មាន​ភ្នែក​២ ត្រចៀក​២ មាត់​១ ព្រោះ​ចង់​ឲ្យ​មនុស្ស​.....! ​
14, Jan 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
ធម្មជាតិ​បង្កើត​មនុស្ស​មក​ឲ្យ​មាន​ភ្នែក​ពីរ ត្រចៀក​ពីរ មាត់​មួយ គឺ​បញ្ជាក់ថា ធម្មជាតិ​បានកំណត់​ព្រំដែន​របស់​មនុស្ស​តាមរយៈ​ឥន្ទ្រិយ​បី​នេះ ក្នុងចំណោម​ឥន្ទ្រិយ​ទាំង​៥ រួមមាន​៖ ចក្ខុន្ទ្រិយ (​ភ្នែក​), សោ​តិ​ន្ទ្រិ​យ (​ត្រចៀក​), ឃា​និ​ន្ទ្រិ​យ (​ច្រមុះ​), ជី​វ្ហា​ន្ទ្រិ​យ (​អណ្ដាត​) និង​កា​យិ​ន្ទ្រិ​យ (​រូប​កាយ​)​។



អ្វីដែល​សំខាន់​នោះ​នៅត្រង់ថា ធម្មជាតិ​បានកំណត់​ឲ្យ​មនុ​ស្សមាន​ត្រចៀក​ពីរ គឺ​ចង់​ឲ្យ​មនុស្ស​ប្រើ​ត្រចៀក ដើម្បី​ស្តាប់​ឲ្យ​បាន​ច្រើន កុំ​ស្តាប់​អ្វី​ស្តាប់​តែមួយ​ជ្រុង ដែល​អាច​នាំ​ឲ្យ​យើង​វិនិច្ឆ័យ ឬ​ធ្វើ​សេចក្តីសន្និដ្ឋាន​ណាមួយ​ខុស​ជាយថាហេតុ និង​ដើម្បី​កុំ​ឲ្យ​យើង​ក្លាយជា​«​មនុស្ស​ត្រចៀកស​»​ដូច​ពាក្យចាស់​បុ​រណា​និយាយ​តៗ​គ្នា​។

មួយវិញទៀត ធម្មជាតិ​បានកំណត់​ឲ្យ​មនុ​ស្សមាន​ភ្នែក​ពីរ គឺ​ចង់​ឲ្យ​មនុស្ស​ចេះ​ប្រើ​ចក្ខុ​របស់ខ្លួន ដើម្បី​មើល​ឲ្យ​បាន​ច្រើន និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់ កុំ​ទាន់​ទាញ​ទឡ្ហីករណ៍​ណាមួយ​ទាំង​មិន​ច្បាស់លាស់ ទាំង​ស្រពិចស្រពិល​ឲ្យ​សោះ​។ ចំណុច​ត្រង់នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​យើង​ជៀស​ផុតពី​ពាក្យចាស់​បុរាណ​តែងតែ​លើកឡើងថា​«​មាន​ភ្នែក តែ​ឥត​ប្រ​ស្រី​»​។

មូល​ហេតុដែល​មនុស្ស​កើតមក​មាន​មាត់​តែមួយ ព្រោះ​ធម្មជាតិ​បានកំណត់​យ៉ាង​ដូច្នេះ គឺ​ចង់​ឲ្យ​មនុស្ស​និយាយ​ឲ្យ​តិច កុំ​និយាយ​ពាក្យ​រោយ​ឥតប្រយោជន៍ និង​ពាក្យ​ជេរ ប្រមាថ ព្រោះ​គ្មានអ្វី​ជា​ប្រយោជន៍​ចំពោះ​ខ្លួនឯង គ្រួសារ និង​សង្គម​ឡើយ​។ ត្រង់​ប្រការនេះ អ្នក​ត្រូវតែ​គិតដល់​ពាក្យចាស់​មួយ​ឃ្លា​ថា​«​អណ្តាត​ជាអាទិ៍​កន្លង បាន​សុខទុក្ខ​ផង ក៏​ព្រោះ​អណ្តាត​»​។ ដូច្នេះ​មនុស្ស​ត្រូវ​ចេះ​ប្រើ​មាត់​របស់ខ្លួន ទៅ​ពោល​តែ​ពាក្យ​ណា​ដែលមាន​តម្លៃ​ដល់​សង្គម គឺ​គ្រប់គ្រាន់​ហើយ​។

សរុបមក ធម្មជាតិ​បានកំណត់​ឲ្យ​មនុ​ស្សមាន​ត្រចៀក​ពីរ ភ្នែក​ពីរ និង​មាត់​មួយ គឺ​ចង់​ឲ្យ​មនុស្ស ស្ដាប់​ឲ្យ​បាន​ច្រើន មើល​ឲ្យ​បាន​ច្រើន តែ​និយាយ​ឲ្យ​តិច​។ បាតុភូត​នេះ ធម្មជាតិ​ចង់​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​បំផុត​៕


© រក្សាសិទ្ធិដោយ thmeythmey.com