អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បង្ខំចិត្ត​ជិះ​វាង​ដែនអាកាស​ឥណ្ឌូណេស៊ី​ក្នុង​ដំណើរ​ទៅ​អូស្ត្រាលី
24, Feb 2017 , 10:19 pm        
រូបភាព
​ជាធម្មតា ត្រឹម​ពី​សិង្ហ​បុរី​ទៅ​អូស្ត្រាលី គេ​ចំណាយពេល​ជិះ​យន្តហោះ​ប្រហែល​៧​ម៉ោង​ប៉ុណ្ណោះ​។ ប៉ុន្តែ សម្រាប់​មេដឹកនាំ​អ៊ីស្រាអែល​លោក Benjamin Netanyahu ត្រូវ​ចំណាយពេល​យ៉ាងតិច ១១ ម៉ោង​។ មូលហេតុ​នោះ​គឺ​ដោយសារ​លោក​ជិះ​យន្តហោះ​វាង​ឲ្យ​ផុត​ដែនអាកាស​ឥណ្ឌូណេស៊ី ព្រោះ ឥណ្ឌូណេស៊ី​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីស្រាអែល​ចូល​ដែនអាកាស​ខ្លួន​ឡើយ​។​



​យោងតាម​សារព័ត៌មាន​អាមេរិក Washington Post ដែល​ស្រង់​របាយការណ៍ FlightAware  ក្នុង​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​សិង្ហ​បុរី ទៅកាន់​ប្រទេស​អូស្ត្រាលី កន្លងមក លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ចំណាយពេល​អស់​រហូតដល់ ១១ ម៉ោង ៣​នាទី​។ បើជា​ធម្មតា ពី​សិង្ហ​បុរី​ទៅ​ប្រទេស​អូស្ត្រាលី គេ​ចំណាយពេល​យ៉ាងច្រើន​ត្រឹមតែ ៧​ម៉ោង​ប៉ុណ្ណោះ​។

​លោក Netanyahu ជិះ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​អ៊ីស្រាអែល El Al​។ យន្តហោះ​នោះ បាន​ហោះហើរ​វាង​ដែនអាកាស​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដែលជា​ផ្លូវ​ហោះហើរ​ត្រង់​ទៅកាន់​អូស្ត្រាលី ហើយ​យន្តហោះ​របស់លោក​បាន​ឆ្លង​ចូល​ដែនអាកាស​ហ្វីលីពីន បន្តទៅ​ដែនអាកាស​ប្រទេស ប៉ា​ឡាវ (Palau) និង​ប្រទេស ប៉ា​ពូ អាស៊ី​ណូ​វែ​ល​ហ្គី​ណេ (Papua New Guinea) មុន​ចូលដល់​អូស្ត្រាលី​។ 

​បើតាម​សារព័ត៌មាន Washington Post ដដែល ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីស្រាអែល El Al មិនបាន​ទទួល​សិទ្ធិ​ហោះហើរ​ក្នុង​ដែនអាកាស​ឥណ្ឌូណេស៊ី​ឡើយ​។ ហើយ​ការហោះហើរ​វាង​ដែនអាកាស​ឥណ្ឌូនេស៊ី​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ឥណ្ឌូណេស៊ី​ផងដែរ​។​

​ជា​ប្រទេស​ម៉ូ​ស្លី​ម​ធំ​បំផុត​លើ​ពិភពលោក ឥណ្ឌូណេស៊ី ដូច​ប្រទេស​ម៉ូ​ស្លី​ម​ផ្សេងទៀត​ដែរ មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ប្រទេស​ជី្វ​វ​អ៊ីស្រាអែល​ឡើយ​។ មិនមាន​ទំនាក់ទំនង​នេះ​ក៏ដោយ​សារ​បញ្ហា​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន ដែល​អូសបន្លាយ​អស់​រាប់​ទសវត្ស​ន៍​មក​នោះដែរ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ឥណ្ឌូណេស៊ី​នៅតែ​ផ្តល់​ទិដ្ឋាការ​ឲ្យ​បណ្តា​ប្រជាជន​ដែល​កាន់​លិខិតឆ្លងដែន​អ៊ីស្រាអែល ដែលជា​អ្នកទេសចរ​។​

​ម្យ៉ាងវិញទៀត គេ​ឃើញ​មាន​ការវិវត្ត​នៃ​ចំណង​ការទូត​រវាង​អ៊ីស្រាអែល​និង​ឥណ្ឌូនេស៊ី​ខ្លះ​ដែរ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានសម្រេច​ដំឡើង​កម្រិត​ទំនាក់​ទំ​និង​មិន​ផ្លូវការ​ជាមួយ​ក្រុង​ហ្ស៊េ​រ៉ុយ​សា​ឡិ​ម កាលពី​ឆ្នាំ ២០១២ ដោយ​បើក​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង West Bank ហើយ​និង​តែងតាំង​មន្ត្រី​ទូត​ម្នាក់​ដែល​បម្រើ​ការងារ​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​អ៊ីស្រាអែល​ទៀត​។​

​កាលពី​ឆ្នាំមុន​នេះដែរ រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ស្តារ​ទំនាក់​ទំនាក់​ការទូត​ជាមួយ​ខ្លួន​ឲ្យ​បាន​ពេញលេញ​វិញ​។ ប៉ុន្តែ​ឥណ្ឌូណេស៊ី​បាន​ប្រាប់​វិញ​ថា​ខ្លួន​អាច​ស្តារ​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​បាន ដរាបណា​មានការ​ផ្តល់​ការទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​រដ្ឋ​ឯករាជ្យ​ជា​ផ្លូវការ​សិន​៕


Tag:
 ​អ៊ីស្រាអែល​
  Benjamin Netanyahu
  ឥណ្ឌូនេស៊ី​
  El Al
© រក្សាសិទ្ធិដោយ thmeythmey.com