កីឡាជាតិ
ជាតិ
បរាជ័យ តែ​ឈ្នះ​ទឹកចិត្ត​អ្នកគាំទ្រ ធ្វើ​ឲ្យ​គ្រូ​ប្រេ​ស៊ី​ល មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​
23, Mar 2017 , 7:19 pm        
រូបភាព
​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចាញ់​ឥណ្ឌា​ក្នុង​លទ្ធផល ៣-២ កាលពី​ល្ងាចម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នោះ ទម្រង់​លេង​ថ្មី​របស់ កម្ពុជា ប្រែប្រួល​ច្រើន ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ពី​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​។ ការផ្តល់​កម្លាំងចិត្ត​បែបនេះ បាន​ជំរុញ​ឲ្យ​លោក Leonardo Vitorino សន្យា​ប្រឹងប្រែង​កាន់តែខ្លាំង​ដើម្បី​ការរីកចម្រើន​បាល់ទាត់​កម្ពុជា​នាពេល​អនាគត​។​



«​យើង​អាចបង្កើត​ឱកាស​បាន​ច្រើន ទោះ​យើង​ធ្វើ​មិនបាន​សម្រេច ប៉ុន្តែ​ក្នុង​ទម្រង់​លេង​នេះ​ខ្ញុំ​អាច​សន្យា​បាន​ថា យើង [​ក្រុម​ជម្រើសជាតិ​កម្ពុជា​] នឹង​រីកចម្រើន​ជាងនេះទៀត​នា​ថ្ងៃ​អនាគត​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Leonardo Vitorino នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​។



​អតីត​គ្រូបង្វឹក​ក្លិប Lanexang United ឈ្នះ​ពាន Lao Premier League ហើយ​ទទួលបាន​កៅអី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍ AFC Cup បាន​បន្ថែមថា​៖«​បើ​និយាយ​ពី​ការប្រកួត​គឺ​យើង​គ្រប់គ្រង​បាល់​បាន​ច្រើនជាង ហើយ​យើង​ក៏បាន​បង្កើត​ឱកាស​ជាច្រើន ទោះបី​នៅ​តង់​ទី​២​យើង​បាន​ធ្លាក់​ទម្រង់​លេង​តិចតួច ប៉ុន្តែ​យើង​នៅតែ​លេង​បានល្អ​»​។​



​ក្រោម​ការដឹកនាំ​លើកដំបូង​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល​នេះ ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា មានការ​ខុសប្លែក​យ៉ាងខ្លាំង តាមរយៈ​ការលេង​បាល់​ខ្លីៗ​ពីក្រោម​រហូតដល់​តំបន់​ខាងលើ ដើម្បី​ព្យាយាម​ទាញ​កម្លាំង​របស់​កីឡាករ​ឥណ្ឌា​។ បើទោះបីជា​ចាញ់​ក្រុម​ឥណ្ឌា​ពិតមែន តែ​ការប្រកួត​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​របស់​កម្ពុជា​ទាំងមូល​។​



​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ ខាងមុខ កម្ពុជា និង​ឥណ្ឌា នឹង​បើក​យុទ្ធនាការ​រៀងៗ​ខ្លួន​ដើម្បី​ដណ្តើមយក​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ឥណ្ឌា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​គៀ​ហ្ស៊ី​ស្ថាន មី​យ៉ាន់​ម៉ា និង​ម៉ា​កាវ ខណៈ​កម្ពុជា​នៅក្នុង​ពូ​ល C ជាមួយ​ហ្សកដានី វៀតណាម និង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕



Tag:
 បាល់ទាត់​
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com