អន្តរជាតិ
បក្សសម្ព័ន្ធ​ណា​តូ សុខចិត្ត​ដូរ​ថ្ងៃ​ប្រជុំ​ដើម្បី​បំពេញចិត្ត​រដ្ឋបាល ដូ​ណា​ល់ ត្រាំ​
23, Mar 2017 , 7:39 pm        
រូបភាព
​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សម្ព័ន្ធ​យោធា​ណា​តូ ដែល​គ្រោង​ធ្វើ​នៅ​ដើមខែ​មេសា ទំនងជា​ត្រូវ​ផ្លាស់ប្ដូរ​ហើយ ក្រោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson សម្រេចចិត្ត​មិន​ចូលរួម​កិច្ចប្រជុំ​នេះ​ដើម្បី​រង់ចាំ​ទទួល​ទស្សនកិច្ច​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង វិញ​។ ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ បានសម្រេច​ចិត្ត​យល់ព្រម​តាម​សំណើ​របស់​អាមេរិក ក្នុងការ​ផ្លាស់ប្ដូរ​ថ្ងៃ​ប្រជុំ ដើម្បី​សម្រួល​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិ​កមាន​វត្តមាន​ក្នុងជំនួប​សំខាន់​នេះ​។​



​អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ Jan Stoltenberg បាន​ឯកភាព​ជាមួយ​គំនិត​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson ក្នុងការ​ស្វែងរក​កាលបរិច្ឆេទ​ថ្មី​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ណា​តូ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែមេសា​នោះ​។ រដ្ឋ​សមាជិក​ណា​តូ មិន​សប្បាយចិត្ត​ឡើយ ពេល​លឺថា លោក Tillerson មិន​មក​ប្រជុំ​ជាមួយ​សម្ព័ន្ធមិត្ត​តំបន់​អឺរ៉ុប​នោះ ដ្បិត​នេះ​ក៏​ជា​កិច្ចប្រជុំ​ទី​១ ទល់មុខ​គ្នា​រវាង​ប្រមុខ​ការទូត​អាមេរិក និង​ដៃគូ​ណា​តូ​ទៀតផង​។​

​រដ្ឋមន្ត្រីការបរទេស Tillerson មិន​ចូលរួម​ប្រជុំ​នៅ​ដើមខែ​មេសា​ឡើយ ដ្បិត​កាលបរិច្ឆេទ​នេះ ជាន់គ្នា​ជាមួយ​ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នី​អាមេរិក​នៅ​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៧ ខែមេសា​។ ការណ៍​ដែល​មិន​ទៅ​ជួប​សម្ព័ន្ធ​ណា​តូ និង​រង់ចាំ​ជួប​ប្រមុខរដ្ឋ​ចិន បង្ហាញ​ពី​ការមិន​សូវ​ឲ្យ​តម្លៃ​សម្ព័ន្ធមិត្ត​ចាស់ ចំពេល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏មាន​ជំហរ​រឹងត្អឹង​ដាក់​ណា​តូ​រឿង​លុយ​ចំណាយ​ទៅទៀត​។ 

​លោក​ប្រធានាធិបតី ត្រាំ នឹង​ចាំ​ជួប​មេដឹកនាំ​ចិន នៅឯ Mar-a-Lago ប៉ុន្តែ​វា​គ្រាន់តែ​ជា​ជំនួប​ក្រៅផ្លូវការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឡើង​យ​វិញ​។ កម្មវិធី​នុយក្លេអ៊ែរ និង​បញ្ហា​កោះ​តៃវ៉ាន់ ព្រមទាំង​ការបញ្ចុះ​តម្លៃ​ប្រាក់​យ័ន គឺជា​បញ្ហា​ប្រឈម​ខ្លាំង​នៃ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២ ហើយ​លោក ត្រាំ តែង​វាយប្រហារ​ចិន​ខ្លាំងៗ​លើ​រឿងនេះ​។ គេ​រំពឹងថា ជំនួប​ដែល​គ្រោងទុក​នេះ អាចជួយ​សម្រួល​ការខ្វែង​គំនិត​គ្នា​រវាង​មហាអំណាច​ទាំង​២​ទៀតផង​។

​យ៉ាងណាក្ដី ទំនង​មិន​ចង់​អវត្តមាន​ក្នុងជំនួប​ដំបូង​នេះ លោក Tillerson ក៏បាន​ស្នើ​កាលបរិច្ឆេទ​ថ្មី​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ចូលរួម​ដែរ​។ សំណើ​នេះ ត្រូវបាន​ទទួលយក​ដោយ​ប្រមុខ​ណា​តូ Jan Stoltenberg ហើយ​លោក​នឹង​ស្វែងរក​ពេលវេលា​ថ្មី​ដែរ​។ លោក ប្រាប់​អ្នកសារព័ត៌មាន Reuters នៅ​ថ្ងៃទី​២២ ខែមីនា ថា លោក​ច្បាស់​ណាស់​ថា កាលបរិច្ឆេទ​ថ្មី​នឹង​លេច​ជា​រូបរាង ដែល​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ អាច​ធ្វើការ​ជាមួយគ្នា​បាន​។​

 ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ ហាក់​រង្គោះរង្គើ​ខ្លាំង នៅ​ដើម​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដ្បិត​លោក​និយាយ​វាយប្រហារ​ខ្លាំងៗ​លើ​អង្គការ​យោធា​មួយ​នេះ ជាពិសេស​រឿង​លុយ​តែម្ដង​។ លោក​ធ្លាប់​ហៅ​សម្ព័ន្ធ​យោធា​ណា​តូ ជា​អង្គការ​ហួស​សម័យ និង​ប្រឹង​គាប​គាប​សមាជិក​ណា​តូ​ទាំងអស់​ឲ្យ​បង់ថ្លៃ​ចំណាយ​ឲ្យ​បាន​២​ភាគរយ​ទៀតផង​។ ប៉ុន្តែ​ជានិច្ចកាល លោក​ក៏​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​ជួយ​ណា​តូ​ដដែល​៕


Tag:
 NATO
  អាមេរិក​
  Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com