ជាតិ
កម្ពុជា រំឮកសមាជិកសភាម៉ាឡេស៊ី គោរពគោលការណ៍អាស៊ានឲ្យបានត្រឹមត្រូវ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
× ភ្នំពេញ៖ កម្ពុជា រំឮកប្រាប់ទៅសមាជិកសភានៃប្រទេសម៉ាឡេស៊ីម្នាក់ ដែលជាប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHP) ឲ្យគោរពចំពោះគោលការណ៍របស់អាស៊ានឲ្យបានត្រឹមត្រូវ។ ប្រតិកម្មរបស់កម្ពុជាបែបនេះ ក្រោយពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានវាយតម្លៃទាបចំពោះបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជា។
ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះ បានចាត់ទុកបញ្ហាសិទ្ធមនុស្សនៅកម្ពុជាបច្ចុប្បន្ននេះ នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នស្នូលរបស់លទ្ធិប្រជាធិបតេយ្យកម្ពុជា បើសិនជាគ្មានកិច្ចអន្តរគមន៍ពីអន្តរជាតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានហៅការរបាយការណ៍របស់អង្គការខាងលើនេះថាជា ការវាយតម្លៃខ្មៅងងឹត ដែលមិនអាចជឿជាក់បានឡើយ ពីព្រោះក្នុងរបាយការណ៍របស់APHP នេះ គឺគ្រាន់តែឆ្លុះបញ្ចាំងពីទស្សនៈក្រុមមួយចំនួនតូច ដែលពុំបានយោងលើការពិតជាក់ស្ដែង មុននឹងចោទប្រកាន់មកលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ ក្រសួងការបរទេសកម្ពុជា ក៏បានណែនាំឲ្យប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស គោរពតាមគោលការណ៍របស់អាស៊ានផងដែរ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស ចុះថ្ងៃទី២២ មីនា បានបញ្ជាក់ដូច្នេះថា ៖« សំខាន់ជាងនេះទៀត ចាំបាច់ត្រូវរំឮកលោក Charl Santaigo ដែលជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃក្រុមនេះ ត្រូវគោរពឲ្យបានត្រឹមត្រូវចំពោះគោលការណ៍ពិសិដ្ឋរបស់អាស៊ានស្តីពី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដូចដែលមានចែងក្នុងមាត្រា២ នៃធម្មនុញ្ញអាស៊ាន»។
ក្រសួងការបទេស បានលើកឡើងថា ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHP)នេះ គឺគ្រាន់តែជាក្រុមតូចមួយនៃអតីត និងសមាជិកសភាបច្ចុប្បន្នរបស់បណ្ដាប្រទេសសមាជិកអាស៊ាន និងពុំត្រូវទទួលស្គាល់ជាអង្គភាពរបស់អាស៊ានឡើយ។ ទស្សនៈរបស់ក្រុម APHP មិនបានឆ្លុះបញ្ចាំងពីការយល់ឃើញរបស់អាស៊ាន ហើយក៏ពុំមានន័យណាមួយតំណាងឲ្យការវាយតម្លៃរបស់អាស៊ាននោះដែរ។ ហើយការវាយតម្លៃរបស់ APHP នេះ គឺមានការជាប់ពាក់ព័ន្ធរបស់លោក Phil Robertson នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាជនត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកដែលតែងតែវាយប្រហារប្រឆាំងរដ្ឋាភិបាលកម្ពុជា។
បើតាមក្រសួងការបទេសនោះ គឺមានតែអន្តរសភា (AIPA) តែមួយគត់ ដែលជាស្ថាប័ននិតិបញ្ញត្តិរបស់អាស៊ាន។ ហើយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) គឺជាអង្គភាពផ្លូវការរបស់អាស៊ាន មានតួនាទីដោះស្រាយបញ្ហាសិទ្ធិមនុស្ស នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន៕
Tag:
កម្ពុជា
អាស៊ាន
សិទ្ធិមនុស្ស
APHP
© រក្សាសិទ្ធិដោយ thmeythmey.com