អន្តរជាតិ
ថ្ងៃ​ខួបកំណើត​៧២​ឆ្នាំ​! Duterte បន់ស្រន់​សុំ​អាយុ​វែង​និង​កម្លាំង​ខ្លាំង​ដើម្បី​ដឹកនាំ​ប្រទេស​
23, Mar 2017 , 10:19 pm        
រូបភាព
ប្រធានាធិបតី Rodrigo Duterte អង្គុយលើយន្តហោះក្នុងដំណើរទៅកាន់ថៃ (រូបភាព Rappler)
ប្រធានាធិបតី Rodrigo Duterte អង្គុយលើយន្តហោះក្នុងដំណើរទៅកាន់ថៃ (រូបភាព Rappler)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នឹង​ឈានដល់​វ័យ​៧២​ឆ្នាំ​នៅ​ថ្ងៃទី​២៨ ខែមីនា​ខាងមុខ​។ កាលពី​ថ្ងៃទី​២១ ខែមីនា នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​ទើប​រៀបចំ​ពិធី​ខួបកំណើត​ឲ្យ​លោក Duterte ដែរ អំឡុងពេល​ទស្សនកិច្ច​នៅ​ថៃ​។ យ៉ាងណាក្ដី ក្នុង​ថ្ងៃ​ខួបកំណើត​លើក​នេះ លោក Duterte មិន​ចង់បាន​អ្វី​ឡើយ ក្រៅពី​មាន​កម្លាំង​កាន់តែខ្លាំង និង​ពេលវេលា​កាន់តែច្រើន ដើម្បី​ដឹកនាំ​កិច្ចការ​ប្រទេស​ឡើយ​។​



«​ការ​បន់ស្រន់​តែមួយគត់​របស់ខ្ញុំ គឺ​សូម​ឲ្យ​ព្រះ​ប្រទាន​កម្លាំង និង​ពេលវេលា​មក​ឲ្យ​ខ្ញុំ​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញការងារ​ដ៏​សន្ធឹកសន្ធាប់ ហើយ​ខ្ញុំ​ពិតជា​ត្រូវបាន​កម្លាំង​ខ្លាំង​មែន​»​។ នេះ​ជា​បំណងប្រាថ្នា​តែមួយគត់​របស់​ប្រធានាធិបតី Rodrigo Duterte នាឱកាស​ថ្ងៃ​ខួបកំណើត​ឈានចូល​អាយុ​៧២​ឆ្នាំ នៅពេល​ខាងមុខ​។ លោក Duterte ក៏​មិន​ត្រូវបាន​វត្ថុ​អនុស្សាវរីយ៍​មានតម្លៃ​អ្វី​ដែរ ព្រោះ​លោក​បាន​មកដល់​ចំណុចកំពូល​ដែល​មនុស្ស​គ្រប់គ្នា​សុបិន​ទៅហើយ​។​

​ក្នុង​សន្និសីទកាសែត​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ប្រធានាធិបតី​រូបនេះ​ពន្យល់​បំណង​របស់លោក​ថា លោក​សុំ​ព្រះ​ប្រទាន​ឲ្យ​លោក​កម្លាំង​បន្តិច និង​ពេលវេលា​បន្តិច ដើម្បី​ឲ្យ​លោក​អាច​ពុះពារ​ជម្នះ​បញ្ហា​ដែល​កើតឡើង​ក្នុងប្រទេស​។ បើទោះជា​មិនអាច​ដោះស្រាយ​បញ្ហា​ទាំងអស់​បាន លោក​ក៏​អាច​កាត់បន្ថយ​បញ្ហា​ទាំងឡាយ​ក្នុងការ​ដឹកនាំ​ប្រទេស​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ។​

​លោក Duterte គឺជា​ប្រធានាធិបតី​ចាស់​ជាងគេ​របស់​ហ្វីលីពីន​។ ជារឿយៗ លោក​តែង​ត្អូញត្អែរ​ពី​ការងារ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ហើយ​លោក​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង​ដើម្បី​ពិនិត្យ​ឯកសារ​គរ​ដូច​ភ្នំ​នោះ​។ ត្រង់ចំណុច​នេះ លោក​បញ្ជាក់ថា​៖ «​បើ​អ្នក​សួរ​ខ្ញុំ​ថា ខ្ញុំ​ពេញចិត្ត​នឹងធ្វើ​ប្រធានាធិបតី ឬ​អត់​? ខ្ញុំ​ប្រាប់​ទៅ​អ្នក​វិញ​ថា ខ្ញុំ​មិន​ត្រូវការ​តំណែង​នេះ​នៅ​វ័យ​ប្រហែល​ខ្ញុំ​ឥឡូវ​ឡើយ​»​។​

​ប្រភពព័ត៌មាន​ខាងលើ​ផ្សាយ​ដែរ​ថា ប្រធានាធិបតី​រូបនេះ មិនដែល​រៀបចំ​ពិធី​ខួបកំណើត​ឡើយ​ក្នុង​មួយជីវិត​របស់លោក​។ ជាធម្មតា លោក Duterte សម្រាក​នៅផ្ទះ​ក្នុង​ថ្ងៃកំណើត​របស់លោក ហើយក៏​មិន​ចង់បាន​កាដូ​ថ្លៃៗ​អ្វី​ដែរ ដែល​នេះ​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មកដល់​សព្វថ្ងៃ​។ ប៉ុន្តែ​បើ​មាន​ពេល លោក​អាច​រៀបចំ​ពិធី​ខួបកំណើត​ជាមួយ​សមាជិកគ្រួសារ​រ​ប​ស់លោក ដែលជា​កាដូ​ដ៏​មានន័យ​បំផុត​សម្រាប់​លោក​។​

​អំឡុង​ទស្សនកិច្ច​នៅ​ថៃ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​មួយ ដែល​សាទរ​ថ្ងៃកំណើត​លោក Duterte ​។ លោក ប្រា​យុទ្ធ បាន​បង្កើត​ការភ្ញាក់ផ្អើល​មួយ​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន Duterte ដោយ​ក្នុង​ពិធី​លាង​សាយភោជន៍​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមីនា នាយករដ្ឋមន្ត្រី​ថៃ បានរៀបចំ​ពិធី​ខួបកំណើត​ដល់​ប្រធានាធិបតី​ហ្វីលីពីន​ទៀតផង​៕



Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com