អន្តរជាតិ
ចិន​ស្នើ​ឲ្យ​អាមេរិក​គោរព​តំបន់​ការពារ​អាកាស​របស់ខ្លួន បន្ទាប់ពី​យន្តហោះ B-1 ហោះ​បំពាន​
23, Mar 2017 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
​មហា​យក្ស​ចិន​បានស្នើ​ឲ្យ​អាមេរិក​គោរព​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​(ADIZ) នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​ខ្លូន​ប្រកាស​ជា​ឯកតោភាគី​កាលពី​ឆ្នាំ ២០១៣​។ ការទាមទារ​នេះ​ធ្វើឡើង ក្រោយ​មាន​របាយការណ៍​ថា អាមេរិក​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 នៅក្បែរ​ព្រំដែន​កូរ៉េខាងត្បូង​និង​បំពាន​ចូល​ដែន ADIZ របស់​ចិន​នៅ​ចុង​សប្តាហ៍​មុន​។​



​ក្រុង​ប៉េកាំង​បានស្នើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​គោរព​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់​ចិន ក្រោយ​មានការ​ចុះផ្សាយ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក B-1 ហោះហើរ​រំលោភ​ចូល​ដែនអាកាស​ខាងលើ​នៅ​សមុទ្រ​ចិន​ខាងកើត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត ត្រូវបាន​ប្រកាស​ជា​លក្ខណៈ​ឯកតោភាគី​កាលពី​ឆ្នាំ ២០១៣ ហើយ​ជប៉ុន​មិនបាន​ទទួលស្គាល់​ដែនអាកាស​នេះឡើយ​។​

​ហើយ​សារព័ត៌មាន CNN បាន​ស្រង់​សម្តី​មន្ត្រី​ទីបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​(PACOM)​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 អាមេរិក​បាន​ហោះ​ហើយ​នៅ​ជិត​ព្រំដែន​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ ហើយ​អ្នកបើក​យន្តហោះ​នោះបាន​ឆ្លើយតប​ទៅកាន់​ភ្នាក់ងារ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ចិន​ថា ខ្លួន​ហោះហើរ​ក្នុង​ប្រតិបត្តិការ​ជា​ទម្លាប់​និង​ស្ថិតក្នុង​ដែនអាកាស​អន្តជាតិ​ប៉ុណ្ណោះ​។ អ្នកបើក​យន្តហោះ​ក៏​បញ្ជាក់បន្ថែម​ផងដែរ​ថា យន្តហោះ​នេះ​មិនបាន​ហោះហើរ​ខុសផ្លូវ​ឡើយ​។​

​ដោយឡែក យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា លោកស្រី​មិនទាន់​បានទទួល​ព័ត៌មាន​ពាក់ព័ន្ធ​ការហោះហើរ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​អាមេរិក​នេះឡើយ​។ ប៉ុន្តែ​លោកស្រី​បាន​ឆ្លៀតឱកាស​ស្នើសុំ​ត្រង់ៗ​ទៅ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​គោរព​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​នៅ​សមុទ្រ​ចិន​ខាងកើត​។

​លោកស្រី​បានបញ្ជាក់​ដូច្នេះ​៖ «​ប៉ុន្តែ​ជាទូទៅ ខ្ញុំ​សង្ឃឹមថា នៅក្នុង​តំបន់​នោះ រាល់​សកម្មភាព​ប្រទេស​ទាំងអស់​អាច​ក្លាយជា​ក្តីកង្វល់​ផ្នែក​សន្តិសុខសម្រាប់​ប្រទេស​ផ្សេងទៀត ហើយ​ខ្លះទៀត​វា​ក្លាយជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ពាក់ព័ន្ធ​ដូចជា​ធានា​សន្តិសុខ ស្ថិរភាព និង​សន្តិភាព​រវាង​ប្រទេស​ទាំងនោះ​។​

​លោកស្រី​បានបញ្ជាក់​បន្ថែម​៖ « សហរដ្ឋអាមេរិក​ក៏មាន​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ផ្ទាល់ខ្លួន​ដែរ​។ ដូច្នេះ​ខ្ញុំ​គិតថា ប្រសិនបើ​បញ្ហា​នេះ​វា​ជាការ​ពិត គេ​គួរតែ​គោរព​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​ចិន​ដូចគ្នា​»៕


Tag:
 B-1
  ADIZ
  Hua Chunying
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com