ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល នឹង​បើកសវនាការ​លើ​សំណើរ​សុំ​នៅក្រៅ​ឃុំ​របស់លោក នី ចរិយា នៅ​ថ្ងៃ​សុក្រ​
23, Mar 2017 , 6:56 pm        
រូបភាព
លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប បានឡើងតុលាការកំពូល ដើម្បីបកស្រាយពីសំណើរលើកទីមួយ ដែលលោក សុំនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីពេលកន្លងទៅ។
លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប បានឡើងតុលាការកំពូល ដើម្បីបកស្រាយពីសំណើរលើកទីមួយ ដែលលោក សុំនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីពេលកន្លងទៅ។
​ភ្នំពេញ​៖ តុលាការ​កំពូល នឹង​បើកសវនាការ លើ​សំណុំរឿង​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅពេល​ព្រឹក ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ មេធាវី​របស់លោក នី ចរិយា​។



​លោក សំ សុ​គង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបើក​សវនាការ​នេះ គឺពាក់ព័ន្ធ​នឹង​សំណើរ​សុំ​ឲ្យ​ដោះលែង​លោក នី ចរិយា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ លោក សំ សុ​គង់ បន្ថែមថា លោក នឹងចូលរួម​ក្នុង​សវនាការ​ខាងលើ ដើម្បី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​ទាក់ទង​នឹង​បណ្តឹងសាទុក្ខ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក នី ចរិយា តុលាការ​កំពូល ធ្លាប់​បើកសវនាការ ម្តង​រួចទៅហើយ​។ ប៉ុន្តែ តុលាការ​កំពូល បាន​ច្រានចោល​សំណើរ​នេះ ដោយ​ឲ្យ​លោក នី ចរិយា បន្ត​ជាប់ឃុំ​ដដែល​។

​ដោយឡែក មន្ត្រី​អាដហុក​បួនរូប​ទៀត ដែល​កំពុង​ជាប់ពន្ធនាគារ ក្នុង​សំណុំរឿង​ខាងលើ ក៏បាន​ប្តឹង​ទៅកាន់​តុលាការ​កំពូល​ផងដែរ ដើម្បី​សុំ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។  សំណើរ​សុំ​នៅក្រៅ​ឃុំ​របស់​ពួកគេ ទើបតែ​ត្រូវបាន​តុលាការ​កំពូល បដិសេធ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​នៅក្នុង​សំណុំរឿង​ខាងលើ លោក នី ចរិយា បាន​រង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ រីឯ​មន្ត្រី​អាដហុក​ទាំង​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី បាន​រង​បទ​ចោទ «​សូកប៉ាន់​សាក្សី​»​។ អ្នក​ទាំងនេះ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦​។ រហូតមកដល់​ពេលនេះ ពួកគេ បាន​ជាប់ពន្ធនាគារ ជិត​មួយឆ្នាំ​ហើយ​៕





Tag:
 ​អាដហុក​
  គជប​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com