ជាតិ
សេដ្ឋកិច្ច
សមាគមមីក្រូហិរញ្ញវត្ថុ ថា អត្រាការប្រាក់១៨ភាគរយអាចទៅរួចសម្រាប់កម្ចីចាប់ពី៣ពាន់ដុល្លារឡើង
× ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសុទិដ្ឋិនិយមថា ការកំណត់អត្រាការប្រាក់ ១៨ភាគរយក្នុង១ឆ្នាំ នៅតែធ្វើឲ្យវិស័យនេះដំណើរការទៅបាន ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗនឹងព្យាយាមបន្ថយថ្លៃប្រតិបត្តិការ និងប្រាក់ចំណេញរបស់ខ្លួន រួមទាំងមានសញ្ញាពីការជួយសម្រួលពីរដ្ឋាភិបាល។ ប៉ុន្តែទំហំកម្ចី ដែលមីក្រូហិរញ្ញវត្ថុអាចបញ្ចេញទៅបានក្នុងស្ថានភាពនេះ ទំនងបានតែកម្ចីចាប់ពី ៣០០០ដុល្លារឡើងទៅប៉ុណ្ណោះ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២៣ខែមីនានេះបានធ្វើសន្និសីទកាសែតជុំវិញការកំណត់អត្រាប្រាក់របស់រដ្ឋាភិបាលក្នុងពេលថ្មីៗនេះ ដែលនឹងចាប់អនុវត្តចាប់ពីខែមេសាឆ្នាំនេះតទៅ។
លោក ហួត អៀងតុង ប្រធានសមាគម CMA និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ថ្លែងក្នុងសន្និសីទនេះថា បន្ទាប់ពីដាក់ពិដាននេះ ប្រាក់ចំណូលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ នឹងថយចុះ។ ប៉ុន្តែលោកសង្ឃឹមថា គ្រឹះស្ថាននៅតែបន្តដំណើរការអាជីវកម្មរបស់ខ្លួនបាន តាមរយៈការបង្កើនទំនុកចិត្តដល់ភាគទុននិក។
លោក ហួត អៀងតុង ថ្លែងដូច្នេះថា៖«អ្វីដែលយើង (គ្រឹះស្ថានមីក្រូហរញ្ញវត្ថុ) បារម្ភគឺថា បើយើងប្រតិបត្តិការទៅលែងកើត ភាគទុនិក នឹងដកទុនចេញ តែអ្វីដែលយើងខិតខំប្រឹងប្រែង គឺបញ្ចេញអស់លទ្ធភាពបង្ហាញទៅភាគទុនិកថា ប្រតិបត្តិការរបស់យើងនៅតែរឹងមាំដដែល ទោះបីបញ្ចុះអត្រាការប្រាក់ប៉ុណ្ណឹងក៏ដោយ ក៏យើងអត់ខាតទេ។ បើយើងធ្វើបានដូច្នេះបាន អ្នកវិនិយោគទាំងនោះនឹងមិនដកទៅវិញទេ»។
លោក ប៊ុន មុនី សមាជិកក្រុមប្រឹក្សាភិបាល CMA និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិថី បានបន្ថែមលើប្រសាសន៍លោក អៀងតុង ថា គ្រឹះស្ថាននីមួយត្រូវព្យាយាមកាត់បន្ថយថ្លៃប្រតិបត្តិការផ្សេងៗ បង្កើនប្រសិទ្ធភាពគ្រប់គ្រង និងបន្ថយក្ដីរំពឹងលើប្រាក់ចំណេញ ដើម្បីអាចដំណើរការអាជីកម្មបាន ក្នុងស្ថានភាពមានការកំណត់អត្រាការប្រាក់នេះ។
លោក សុខ វឿន សមាជិកក្រុមប្រឹក្សាភិបាល CMA និងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានឲ្យដឹងថា កម្ចីដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែអាចផ្ដល់ជូនអតិថិជន នៅពេលមានពិដានអត្រាការប្រាក់១៨ភាគរយនេះ គឺកម្ចីចាប់ពី៣០០០ដុល្លារឡើងទៅ។ លោកប្រាប់ដូច្នេះថា៖«បើយើងវិភាគកម្ចីខ្ទង់៣០០០ពាន់ដុល្លារឡើងទៅ ដោយអត្រាការប្រាក់ ១៨ភាគរយ គឺអាចទៅរួច តែកម្ចីក្រោមនេះមានការលំបាក។ ប៉ុន្តែមិនមានន័យថាយើងបោះចោលទេ យើងនឹងនៅតែបន្តចាប់យកកម្ចី ៥០០ ឬ ១០០០ឬ២០០០ដុល្លារ ដែលគោលដៅរបស់យើងគឺធ្វើឲ្យកម្ចីទាំងនេះទៅរួច ព្រោះកម្ចីទាំងនេះជាមូលដ្ឋានគ្រឹះរបស់យើងសម្រាប់អនាគតទៅមុខទៀត»។
កម្ចីចាប់ពី ៣ពាន់ដុល្លារមានប្រមាណ៦០ ទៅ៧០ភាគរយនៃកម្ចីសរុបរបស់មីក្រូហិរញ្ញវត្ថុ តែទំហំកម្ចីនេះកាន់កាប់ចំនួនអតិថិជនតែ ២០ភាគរយនៃអតិថិជនសរុបប៉ុណ្ណោះ។ នេះបើតាម លោក សុខ វឿន ដែលបញ្ជាក់ថានេះជាតួលេខប្រហាក់ប្រហែល។ លោកបន្ថែមថា កម្ចីចាប់ពី៣ពាន់ដុល្លារ ក្នុងពេលកន្លងមក ត្រូវបានគិតអត្រាការប្រាក់ប្រហាក់ហែលនឹង ១៨ភាគរយ។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា (NBC) អាចនឹងសម្រួលលើចំណុចខ្លះដល់គ្រឹះស្ថានផ្ដល់កម្ចី។ នេះបើតាមការឲ្យដឹងរបស់តំណាង CMA ខាងលើ។ ការជួយសម្រួលទាំងនោះរួមមាន ការបន្ថយថ្លៃអាជ្ញាបណ្ណ, ការផ្ដល់កម្ចីប្រាក់រៀលដល់គ្រឹះស្ថាន ដោយការប្រាក់មិនលើស៣ភាគរយក្នុង១ឆ្នាំ, ពន្យារការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ (MDI) ចំពោះកម្ចីពីបរទេស និងការពន្យាអនុវត្តការដំឡើងដើមទុនចុះបញ្ជីថ្មី។ លោក ហួត អៀងតុង បញ្ជាក់ថា ការសម្រួលទាំងនេះ ត្រូវបានឆ្លងកាត់មន្ត្រីកម្រិតបច្ចេកទេសរបស់ NBC រួចហើយ គឺនៅតែការសម្រេចរបស់ក្រុមប្រឹក្សាភិបាលប៉ុណ្ណោះ។
គិតត្រឹមឆ្នាំ២០១៦ ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានចំនួនប្រមាណ ៣ពាន់លានដុល្លារ ដែលកម្ចីទាំងនេះត្រូវបានផ្ដល់ទៅប្រជាជនជាង ១,៩លានគ្រួសារ។ នេះបើតាមរបាយការណ៍របស់ NBC ៕
© រក្សាសិទ្ធិដោយ thmeythmey.com