ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
 លោក ជុន ច័ន្ទ​បុត្រ​៖«​ខ្ញុំ​ចង់​ឆ្លើយបំភ្លឺ​នៅ​តុលាការ​! ប្រហែល​មានការ​ភាន់ច្រឡំ​»
22, Apr 2017 , 5:15 pm        
រូបភាព
​អនុប្រធាន​វិទ្យុ​អាស៊ីសេរី លោក ជុន ច័ន្ទ​បុត្រ ដែលមាន​ឈ្មោះ​ផ្លូវការ​ថា ហួត ឃី​ន​វុទ្ធី បានទទួល​ដីកា​កោះហៅ​សាកសួរ​ក្នុង​សំណុំរឿង​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ពី​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃទី​២២​មេសា​នេះ​។ លោក ជុន ច័ន្ទ​បុត្រ មិនទាន់​ដឹង​ភ្លាម​ថា​លោក​ត្រូវ​អនុវត្តតាម​នីតិវិធី​ច្បាប់​យ៉ាង​នៅឡើយ​ទេ ដោយ​រង់ចាំ​សេចក្តីសម្រេច​ពី​ការិយាល័យ​កណ្តាល​នៃ​វិទ្យុ​អាស៊ីសេរី​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​លោក ជុន ច័ន្ទ​បុត្រ បាន​ប្រា​ប់លោក លាង ដឺ​លុច អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​នៅក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ​មួយ​នៅ​រសៀល​ថ្ងៃទី​២២​មេសា​នេះ​ថា លោក​ចង់​នៅ​ឆ្លើយបំភ្លឺ​ការចោទប្រកាន់​នេះ ដោយសារ​លោក​សង្ស័យថា អាចមាន​ការភាន់ច្រឡំ​ណាមួយ​នៅក្នុង​របាយការណ៍​រប​ស់​ពន្ធនាគារ​។


លោក លាង ដឺ​លុច​៖ លោក ជុន ច័ន្ទ​បុត្រ លោក​បានទទួល​ដីកា​ពី​សាលាដំបូង​រាជធានី​ដែល​កោះហៅ​លោក​សាកសួរ​ក្នុង​សំណុំរឿង​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​។ តើ​លោក​នឹង​ចូលខ្លួន​តាម​ការ​ដីកាកោះ​នេះដែរ​ឬទេ​?
លោក ជុន ច័ន្ទ​បុត្រ​៖ ខ្ញុំ​មិនទាន់មាន​ការសម្រេចចិត្ត​យ៉ាងណា​នៅឡើយ​ទេ ដោយហេតុថា​បញ្ហា​នេះ​បាន​ទៅ​ផុតពី​ដៃ​ខ្ញុំ​ហើយ​។ បាន​ន័យ​វា​ជា​បញ្ហា​ផ្លូវច្បាប់ ដូច្នេះ​ខ្ញុំ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​ការិយាល័យ​កណ្តាល​របស់​វិទ្យុ​អាស៊ីសេរី​នៅ​វ៉ាស៊ីនតោន ថា​តើ​យើង​ត្រូវ​រក​មេធាវី ហើយ​មេធាវី​អាច​ចូល​ឆ្លើយ​ជំនួស ឬ​មេធាវី​អាច​សុំ​ពន្យា​ល​ពេល​ចូល​ឆ្លើយបំភ្លឺ​?
 
លោក លាង ដឺ​លុច​៖ តាមពិត​សំណុំ​រឿងនេះ​បាន​កើតឡើង​ក្លាយជា​ប្រធាន​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​ថ្ងៃ​មកហើយ​។ បានន័យថា​ការិយាល័យ​កណ្តាល​របស់​វិទ្យុ​អាស៊ីសេរី​ពិតជា​បានដឹង​រឿងនេះ​។ តើ​កន្លងមក​ការិយាល័យ​កណ្តាល​របស់​វិទ្យុ​អាស៊ីសេរី​មាន​ជំហរ​បែបណា​ចំពោះ​ករណី​របស់លោក​?
លោក ជុន ច័ន្ទ​បុត្រ​៖ ជំហរ​របស់​អាស៊ីសេរី គឺ​គេ​ឲ្យ​ខ្ញុំ​នៅ​ធ្វើការ​ធម្មតា​។ ពីព្រោះ​កន្លង​ម​ក ក៏​មានតែ​ពាក្យ​ចោទប្រកាន់​ក្រៅផ្លូវការ​។ តែ​ឥឡូវនេះ មាន​ដីកាកោះ​ផ្លូវការ​ពី​តុលាការ ដូច្នេះ​ខ្ញុំ​ចាំ​ការពិភាក្សា​ជាមួយ​ការិយាល័យ​កណ្តាល​នៅ​វ៉ាស៊ីនតោន ព្រោះថា​ពេលនេះ​វា​យប់​នៅឡើយ​នៅ​ទីនោះ​។
លោក លាង ដឺ​លុច​៖ ដីកាកោះ​នេះ ធ្វើ​ឲ្យ​លោក​បារម្ភ​អ្វី​ទេ​?
លោក ជុន ច័ន្ទ​បុត្រ​៖ ខ្ញុំ​មិន​បារម្ភ​អ្វី​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទៅវិញ នៅពេលដែល​រឿងនេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​នៅលើ​ទំព័រមុខ​នៃ​សារព័ត៌មាន​។ គេ​ថា​ខ្ញុំ​បន្លំ​ចូល​ពន្ធនាគារ​។ តាមពិត​ខ្ញុំ​ឥតមាន​បាន​បន្លំ​អ្វី​ទេ ខ្ញុំ​គិតថា​អាចមាន​ការភាន់ច្រឡំ​ត្រង់ណា​នៅក្នុង​របាយការណ៍​រប​ស់​ពន្ធនាគារ​ទៅ​ក្រសួងមហាផ្ទៃ បានជា​គេ​ឲ្យ​ខ្ញុំ​បំភ្លឺ​។
លោក លាង ដឺ​លុច​៖ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកនឹងអនុវត្តតាម​សេចក្តីសម្រេចរបស់​ការិយាល័យកណ្តាលរបស់វិទ្យុអាស៊ីសេរី?
លោក ជុន ច័ន្ទ​បុត្រ​៖ ខ្ញុំនឹងធ្វើតាម​សេចក្តីសម្រេចនោះ ប៉ុន្តែ​គេ​ក៏សួរចិត្តយើងដែរ។ ឆន្ទៈ​របស់ខ្ញុំ គឺ​ខ្ញុំ​ចង់​បំភ្លឺ​។ ខ្ញុំ​ឆ្លងកាត់​បារាស់​ចំនួន​៣ ទម្រាំ​ចូលដល់​ក្នុង​បន្ទប់​មន្ទីរឃុំឃាំង​។ រូបថត​ដែល​គេ​ផ្សព្វផ្សាយ ហើយ​ឃើញ​ខ្ញុំ​ពាក់មួក​នោះ គឺ​នៅ​បារាស់​ទីមួយ​។ ខ្ញុំ​ពាក់មួក ព្រោះ​ក្តៅ ហើយ​វ៉ែនតា​ខ្ញុំ​ជា​វ៉ែនតា​ម្ញ៉ូ​ប​ដែល​ប្រែ​ពណ៌​តាម​ពន្លឺ​ថ្ងៃ​។ ទៅដល់​បា​រ៉ា​ស់​ទី​២ គេ​ឲ្យ​ខ្ញុំ​ដោះ​មួក​។ ខ្ញុំ​មិនបាន​បន្លំ​ទេ អ្នកណា​ក៏​ស្គាល់​ខ្ញុំ​។ ដល់​បារាស់​ទី​៣ ទើប​គេ​ឆែក​ម្តងទៀត​មុន​ចូល​បន្ទប់​មន្ទីរឃុំឃាំង​។ នៅ​ទីនោះ​ហើយ​ដែល​គេ​ឲ្យ​យើង​ចុះឈ្មោះ​បញ្ជី​វត្តមាន​នោះ​។ បើ​គេ (​តុលាការ​) ឲ្យ​ខ្ញុំ​បំភ្លឺ ខ្ញុំ​នឹង​ឆ្លើយ​យ៉ាង​ដូច្នេះ​ទាំងអស់​។ ខ្ញុំ​ជឿថា យុត្តិធម៌​ប្រាកដ​ជាមាន​៕

Tag:
 ជុន ច័ន្ទ​បុត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com