ជាតិ
បណ្ឌិត​ដែល​ចងក្រង​ភាសា​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​ដែល​រង​ការគំរាមកំហែង ទទួលបាន​រង្វាន់
24, Apr 2017 , 9:39 am        
រូបភាព
បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maguire)
បណ្ឌិត Sylvain Vogel សាស្រ្តាចារ្យ​ភាសា​សំស្ក្រឹត​និង​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​លើ​ភាសា​ព្នង​។ (រូបថត៖ផ្តល់​ឲ្យ​ដោយ Peter Maguire)
ដោយ:
វ៉ាស៊ីនតោន ៖ សាស្ត្រាចារ្យ​ដ៏​ស្វិតស្វាញ​ម្នាក់​បាន​បង្រៀន​ភាសាសំស្ក្រឹត​និង​ភាសាវិទ្យា​កាលពី​ប្រមាណ​២០​ឆ្នាំមុន​ដល់​និស្សិត​ដែល​បាន​ក្លាយទៅជា​អ្នក​ភាសាវិទ្យា​ដ៏​ជោគជ័យ​បំផុត​នៅ​កម្ពុជា​។



​លោក​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​មកនេះ នៅក្នុង​ខេត្ត​ដែលមាន​ចំនួន​ប្រជាជន​រាយប៉ាយ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចងក្រង​ភាសា​ជនជាតិដើម​ភាគតិច​មួយ​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​ភាសា​ពូ​នង​។ ពូ​នង​នេះ​គឺជា​ពាក្យ​ដែល​ជនជាតិដើម​ភាគតិច​ពូ​នង​ហៅ​ខ្លួនឯង ហើយ​ជនជាតិខ្មែរ​ច្រើន​ហៅ​ពួកគេ​ថា ជនជាតិ​ព្នង​។​

​លោក Sylvain Vogel ដែលជា​ជនជាតិ​បារាំង​និយាយ​ភាសា​អាល្លឺម៉ង់ ដែលមាន​កំណើត​នៅក្នុង​តំបន់ Alsace-Lorraine នៃ​ប្រទេស​បារាំង បាន​សរសេរ​និង​បោះពុម្ព​សៀវភៅ​៤​ក្បាល​អំពី​ជនជាតិដើម​ភាគតិច​ពូ​នង ខណៈដែល​ភាសា​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុ​ជាមួយនេះ កំពុង​រង​ការគំរាមកំហែង​ពី​ទំនើបភាវូបនីយកម្ម​និង​ការទន្ទ្រាន​ពី​កំណើនប្រជាជន​។​

​លោក Vogel បាន​ចំណាយពេល​ភាគច្រើន​នៃ​២៥​ឆ្នាំ​ចុង​ក្រោយនេះ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​សិក្សា ស្រាវជ្រាវ បង្រៀន និង​ជួយ​ធ្វើ​ឲ្យ​វប្បធម៌​នៃ​ការទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ឲ្យ​កកើត​ឡើងវិញ នៅក្នុង​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បន្ទាប់ពី​មានការ​គាបសង្កត់​និង​ការ​ប្រឆាំងនឹង​បញ្ញវន្ត​នៅក្នុង​របប​ខ្មែរក្រហម​កាលពី​ទសវត្សរ៍​១៩៧០​។​

​កាលពី​ទសវត្សរ៍ ១៩៩០ លោក Vogel បាន​បម្រើការ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់​ភាសាវិទ្យា ដែល​នៅ​ទីនោះ លោក​បាន​បង្រៀន​លោក​បណ្ឌិត ច័ន្ទ សំណព្វ និង​លោកស្រី​បណ្ឌិត ឆោម គ​ន្ធា ដែល​បច្ចុប្បន្ននេះ អ្នក​ទាំង​២​គឺជា​អ្នក​ភាសាវិទ្យា​កំពូល​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​លោក​បានចាប់ផ្តើម​ស្រាវជ្រាវ​អំពី​ភាសា​ពូ​នង​កាលពី​ពាក់កណ្តាល​ទសវត្សរ៍​១៩៩០​។

​បច្ចុប្បន្ននេះ លោក​បង្រៀន​ភាសាវិទ្យា​និង​ភាសាសំស្ក្រឹត​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​បុរាណវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ លោក​កំពុងតែ​ត្រៀម​ធ្វើដំណើរ​ទៅកាន់​ខេត្ត​មណ្ឌល​គី​រី​នៅ​ចុងឆ្នាំ​នេះ ដើម្បី​ចំណាយពេល​ប៉ុន្មាន​សប្តាហ៍​ស្រាវជ្រាវ​ជាមួយនឹង​អ្នកចេះ​និយាយ​ភាសា​ពូ​នង​នៅ​ទីនោះ​។​



​ថ្មីៗ​នេះ ស្នាដៃ​ការងារ​ដែល​ជួយ​ឲ្យ​និស្សិត​ខ្មែរ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​និង​ការស្រាវជ្រាវ​ឯករាជ្យ​របស់លោក Vogel នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​អាមេរិក​មួយ​។ មូលនិធិ Fainting Robin ដែល​ទើបតែ​បង្កើតឡើង​ថ្មី ដើម្បី​គាំទ្រ​ដល់​បញ្ញវន្ត​ឯករាជ្យ បានប្រកាស​កាលពី​ខែមីនា​ថា លោក Vogel នឹង​ក្លាយជា​អ្នក​ទី​១​ដែល​ទទួលបាន​រង្វាន់​«​បញ្ញវន្ត​កិត្តិ​យ​ស‍​» ឬ​ជា​ភាសា​អង់គ្លេស​ហៅថា “distinguished scholar​។​

​លោក សំណព្វ ដែលជា​និស្សិត​ខ្មែរ​ដំបូង​បំផុត​ម្នាក់​របស់លោក Vogel ឥឡូវនេះ​គឺជា​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

​លោក សំណព្វ ដែល​ទទួលបាន​សញ្ញប​ត្រ​បណ្ឌិត​ខាង​ភាសាវិទ្យា​កាលពី​ឆ្នាំ​២០០២ ពី​សាកលវិទ្យាល័យ Université Paris Nanterre បាន​និយាយថា «​គាត់​[​លោក Vogel]​គឺជា​ធនធាន​មួយ​ដែល​មិនអាច​ខ្វះ​បានទេ​នៅ​កម្ពុ​ជ‍ា​»​។​

​កាលពី​ឆ្នាំ​១៩៩៨ លោក សំណព្វ​និង​លោក Vogel បានចាប់ផ្តើម​បើក​កម្មវិធី​ភាសាវិទ្យា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅក្នុង​ដេ​ប៉ា​តឺ​ម៉​ង់​ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក កម្មវិធី​នោះបាន​ដំណើរការ​ទៅជា​ជំនាញ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដោយ​លោក សំណព្វ ធ្វើជា​ប្រធាន ហើយ​លោក Vogel ធ្វើជា​អ្នកសម្របសម្រួល​។​

​លោក សំណព្វ មានប្រសាសន៍ថា លោក Vogel មានការ​ទាមទារ​ខ្ពស់​ចំពោះ​និស្សិត​របស់ខ្លួន​។​

​លោក សំណព្វ ដែល​ធ្លាប់​បង្រៀន​វេយ្យាករណ៍​ខ្មែរ​ដល់​លោក Vogel កាលពី​២៥​ឆ្នាំមុន បាន​រំឭកថា «​នេះហើយ​គឺជា​ស្មារតី​មួយ​ដែល​លើកទឹកចិត្ត​ខ្ញុំ​ខ្លាំងក្លា​មែនទែន ហើយ​រុញច្រាន​ខ្លួន​ខ្ញុំ​ឲ្យ​កាន់តែ​មានចិត្ត​កាន់តែ​ខិតខំ​រៀន​ខាង​ផ្នែក​ភាសាវិទ្យា ឲ្យ​តស៊ូ​រហូត​បានមក​ដល់​សព្វថ្ងៃនេះ មាន​ជំនាញ​ខាង​ផ្នែក​ភាសា​ហ្នឹ​ង‍​»​។​



​លោក​បាន​បន្ថែមថា «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ក្លាយជា​សិស្ស​របស់លោក ក្រោម​ការបណ្តុះបណ្តាលរ​បស់​លោ​ក‍​»​។​

​លោកស្រី គ​ន្ធា បាន​រំឭកថា លោក Vogel គឺជា​គ្រូបង្រៀន​ម្នាក់​ដែល​ហ្មត់ចត់​។

​លោកស្រី គ​ន្ធា ដែល​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ខាង​ភាសាវិទ្យា​កាលពី​ឆ្នាំមុន​ពី​ប្រទេស​បារាំង ហើយ​ឥឡូវនេះ​ជា​នាយិកា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ អង្គរ ក្នុង​ខេត្តសៀមរាប បាន​រំឭកថា «​គ្រាន់តែ​គាត់​ចូលដល់​ក្នុង​ថ្នាក់​ហើយ​គឺ​ទាំងអស់គ្នា​អត់​ហ៊ាន​កម្រើក អត់​ហ៊ាន​ក្អក​អី​ទ‍េ​»​។​

​‍​លោកស្រី​បានលើកឡើង​ទៀតថា «​ខ្ញុំ​ចូលចិត្ត​ម៉ោង​រៀន​ជាមួយ​គាត់​គ្រប់ ភាសាវិទ្យា​ក៏ដោយ សំស្ក្រឹត​ក៏ដោយ ដោយសារ​ថា គាត់​ពន្យល់​ច្បាស់​។ ពេលណា​មិន​យល់​អី​ទៀត សួរ គឺ​គាត់​ខំព្យាយាម​ពន្យល់​ទាល់តែ​យើង​យល់ច្បាស់​លា​ស‍់​»​។​

​ចំណង់​ចំណូលចិត្ត​ទៅលើ​ការសិក្សា​ភាសាវិទ្យា​និង​ភាសាសំស្ក្រឹត​របស់លោក​ស្រី គ​ន្ធា គឺ​កើតចេញពី​ការពន្យល់​មេរៀន​របស់លោក Vogel​។ លោកស្រី​បានផ្តល់​គុណសម្បត្តិ​ដល់​លោក ចំពោះ​ការជួយ​ដល់​លោកស្រី​ឲ្យ​ទទួលបាន​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​ឥណ្ឌា​។ លោកស្រី​បាន​បន្ត​សិក្សា​ភាសាសំស្ក្រឹត​នៅ​សាកលវិទ្យាល័យ École Pratique des Hautes Etudes ដែលជា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​ល្បីល្បាញ​លំដាប់​កំពូល​មួយ​នៅ​ប្រទេស​បារាំង​។ លោកស្រី​ក៏បាន​ក្លាយទៅជា​ជនជាតិខ្មែរ​ដំបូងបង្អស់​ដែល​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ខាង​ភាសាសំស្ក្រឹត ចាប់តាំងពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​មក​។

​លោកស្រី​បាន​មានប្រសាសន៍ថា «[​សំស្ក្រឹត​]​ជា​ភាសា​ព្រះ ភាសា​ដែល​ពន្យល់​ឬ​ប្រដៅ​មនុស្ស​ឲ្យ​ស្គាល់​ធម៌​ច្រើន​។ មួយទៀត ភាសា​ហ្នឹង​ពិសេស ពិសេស​សម្រាប់​ភាសា​ខ្មែរ ដោយសារ​ថា​[​ភាសាសំស្ក្រឹត​]​មាន​ទំនាក់ទំនង​ជាមួយ​ភាសា​ខ្មែរ​រាប់ពាន់​ឆ្នាំ​ហើយ​។ [​យើង​]​គួរតែ​ចេះ​ទាំង​ភាសា​ខ្មែរ​និង​ភាសាសំស្ក្រឹត ដើម្បី​ស្គា​ល់ពី​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរ​ឲ្យ​បាន​ច្បា​ស់លា​ស‍់​»​។​

​លោក Vogel បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​១៩៩១ ដោយ​ស្ថិតក្រោម​លក្ខខណ្ឌ​ការងារ​ជាមួយនឹង​ស្ថានទូត​បារាំង​។ មុននឹង​មក​បម្រើការ​នៅ​កម្ពុជា លោក​បាន​ចំណាយពេល​ជាង​១០​ឆ្នាំ ធ្វើការ​ស្រាវជ្រាវ​និង​សិក្សា​ភាសា ប៉ា​ស្ទូ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​។ លោក​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ពី​សាកលវិទ្យាល័យ Sorbonne ក្នុង​ទីក្រុង ប៉ារីស កាលពី​ឆ្នាំ​១៩៨៤​។

​បន្ទាប់ពី​រស់នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចំណង់​ចំណូលចិត្ត​របស់លោក Vogel គឺ​ផ្តោតទៅលើ​ភាសា​ជនជាតិដើម​ភាគតិច​ដែល​រស់នៅ​ជា​កុលសម្ព័ន្ធ​ក្នុងព្រៃ​និង​លើ​ភ្នំ​ដាច់ស្រយាល និង​រស់នៅ​ជា​លក្ខណៈ​ក្រុមគ្រួសារ​ធំៗ​ដូច​កាលពី​២០០​ឆ្នាំមុន​។ ពួកគេ​រស់នៅ​ដោយ​ចាប់​និង​ផ្សាំង​សត្វ​ដំរីព្រៃ​រហូតដល់​៣០​ឬ​៤០​ឆ្នាំមុន​។​

​ក្លាយទៅជា​អ្នកស្រាវជ្រាវ​ភាសា​ពូ​នង​

​លោក Vogel បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​មណ្ឌល​គី​រី​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម​ជា​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៤​។

​លោក​បាន​ជួប​ជាមួយនឹង​សហគមន៍​ជនជាតិដើម​ភាគតិច​ពូ​នង ហើយក៏​បាន​ចាប់អារម្មណ៍​ទៅលើ​ភាសា​និយាយ​និង​ប្រពៃណី​ទំនៀមទម្លាប់​អ្នកស្រុក​ដែល​បាន​ប្រាប់តៗ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​របស់​ពួកគេ​។​

​មាន​អ្នកស្រាវជ្រាវ​តិច​ណាស់​ដែល​សិក្សា​អំពី​ភាសា​ពូ​នង​និង​វប្បធម៌​របស់​ពួកគេ ហើយ​លោក Vogel យល់ថា លោក​អាច​ចូលរួមចំណែក​ដោយ​វិជ្ជមាន​តាមរយៈ​ការស្រាវជ្រាវ​របស់លោក​។​

​លោក Vogel បាន​មានប្រសាសន៍ថា «​ខ្ញុំ​ដឹងថា ភាសា​ខ្មែរ​ស្ថិតក្នុង​អំបូរ​ខ្មែរ​មុន​ដែរ​។ ដោយសារ​ខ្ញុំ​ជា​អ្នក​ភាសាវិទ្យា ខ្ញុំ​ត្រូវតែ​រៀន​ភាសា​ព្នង​ដែរ​ដើម្បី​ប្រៀបធៀប​ភាសា​ខ្មែរ​និង​ភាសា​ព្ន​ង‍​»​។​

​លោក​បាន​បញ្ចូល​ខ្លួនឯង​ទៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​ពូ​នង និង​រស់នៅ​តាមរបៀប​រស់នៅ​ប្លែក​ពី​គេ​របស់​ជនជាតិដើម​ភាគតិច​ពូ​នង ហើយ​ក៏បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ពួកគេ​។ លោក​បាន​ស្នាក់នៅ​ក្នុងភូមិ​ដាច់ស្រយាល​អស់​រយៈពេល​រាប់​ថ្ងៃ ហើយ​ពេលខ្លះ​ស្នាក់នៅ​រហូតដល់​រយៈពេល​រាប់​សប្តាហ៍ ដោយ​ពិសារ​ម្ហូបអាហារ​របស់​ជនជាតិដើម​ភាគតិច​ពូ​នង​និង​ផឹកស្រា​អង្ករ​ជាមួយនឹង​ពួកគេ​។



​លោក Vogel ដែលជា​អ្នក​ចូលចិត្ត​បរបាញ់​សត្វ​និង​ក៏​ជា​អ្នកចេះ​ក្បាច់គុណ​ការពារ​ខ្លួន​ផង​នោះ ចូលចិត្ត​ធ្វើការ​ងារ​ជាមួយនឹង​ជនជាតិដើម​ភាគតិច​យ៉ាង​ដូច្នេះ​។​

​លោក Vogel ថ្លែងថា «​ខ្ញុំ​មិនមែន​យល់ថា​វា​ពិបាក​[​ទេ​]​។ បើសិនណា​ពិបាក​ខ្លាំងពេក ខ្ញុំ​មិន​ធ្វើ​ទេ​។ ខ្ញុំ​ធ្វើ​ការងារ​បែបនេះ ពីព្រោះ​ខ្ញុំ​ចូលចិត្ត​ធ្វ‍ើ​»​។​

​លោក Vogel បានកត់សម្គាល់​ឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​លោក​ស្រាវជ្រាវ​អំពី​ភាសា​ពូ​នង របៀប​រស់នៅ​របស់​ពួកគេ​ដែល​ប្តូរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​និង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​សកលភាវូបនីយកម្ម​។ លោក Vogel បាន​គូសបញ្ជាក់ថា ជាច្រើន​ជំនាន់​មកហើយ សហគមន៍​ពូ​នង​ត្រូវបាន​ដឹកនាំ​ដោយ​ចាស់ទុំ​នៅក្នុង​សហគមន៍​របស់​ពួកគេ ប៉ុន្តែ​ឥឡូវនេះ ត្រូវបាន​គ្រប់គ្រង​ដោយ​មន្ត្រីរដ្ឋបាល​ដូចជា អភិបាលស្រុក​និង​ប្រធានភូមិ​ជាដើម​។​

​កូនៗ​ជនជាតិដើម​ភាគតិច​ពូ​នង​បច្ចុប្បន្ននេះ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ចូលរៀន​ភាសា​ខ្មែរ​នៅតាម​សាលា ហើយ​ពួកគេ​នាំគ្នា​រៀន​ភាសា​អង់គ្លេស​និង​ប្រើប្រាស់​កុំព្យូទ័រ​។​

​លោក Vogel បាន​សម្តែង​ការព្រួយបារម្ភ​របស់លោក​ទៅលើ​សក្តានុពល​នៃ​ការបាត់បង់​ភាសា​និង​ទំនៀមទម្លាប់​ពូ​នង​នៅពេល​អនាគត​។

​លោក Vogel បាន​ថ្លែងថា «​ភាសា​ព្នង​អត់​សូវ​មាន​តួនាទី ហើយ​និង​ដោយសារ​ប្រែប្រួល​សង្គម​ទាំងអស់ ខ្ញុំ​ខ្លាច​ថា​ភាសា​ព្នង​ពិបាក​រស់នៅ​តទៅទៀត​ដែ​រ‍​»​។​

​លោក យុណ ឡូ​រ៉ង់ ដែលជា​ជនជាតិដើម​ភាគតិច​ពូ​នង ក៏មាន​ការព្រួយបារម្ភ​ថា ភាសា​កំណើត​របស់លោក​មិនសូវមាន​ការប្រើប្រាស់​ច្រើន​។

​លោក ឡូ​រ៉ង់ ដែលជា​អ្នកសម្របសម្រួល​លេខាធិកា​រដ្ឋា​ន​សម្ព័ន្ធ​ជនជាតិដើម​ភាគតិច​កម្ពុជា បាន​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​ថា «​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ដែរ ដោយសារ​ទាក់ទង​នឹង​ភាសា វា​ទាក់ទង​នឹង​អត្តសញ្ញាណ​តែម្តង​»​។​

​លោក​បាន​បន្ថែមថា «​ពេល​គាត់​[​ជនជាតិ​ពូ​នង​]​នៅក្នុង​ទីប្រជុំជន អីចឹង​ទៅ គាត់​ក៏​មិនសូវមាន​ភាពក្លាហាន​ក្នុងការ​និយាយស្តី ឬមួយ​ក៏​គាត់​ព្យាយាម​ធ្វើ​ខ្លួនឯង​ឲ្យ​ទៅជា​ខ្មែរ ចឹ​ង​ទៅ គាត់​មិន​និយាយ​អីចឹង​ទ‍ៅ​»​។​

​នៅក្នុង​សៀវភៅ​ដំបូងបង្អស់​របស់លោក Vogel អំពី​ភាសា​ពូ​នង លោក​បាន​បកប្រែ​វេយ្យាករណ៍​ភាសា​ពូ​នង​ទៅជា​អក្សរ​អន្តរជាតិ ដែល​ហៅថា international phonetic alphabet​។ សៀវភៅ​នោះ​ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​២០០៦ ជា​ភាសា​បារាំង​។ លោក Vogel ក៏បាន​សរសេរ​សៀវភៅ​២​ក្បាល​អំពី​វេ​យ្យក​រណ៍​និង​អក្សរសិល្ប៍​ផ្ទាល់មាត់​របស់​ពួកគេ ដូចជា កំណាព្យ​និង​ចម្រៀង​ជាដើម ហើយ​សៀវភៅ​មួយ​ក្បាល​ទៀត​សរសេរ​អំពី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ពូ​នង​។

​លោក ឡូ​រ៉ង់ គិតថា ការណ៍​ដែលមាន​អ្នក​ចងក្រង​ភាសា​និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ពូ​នង​ជា​សំណេរ​និង​បោះពុម្ព​ជា​ឯកសារ​អាចជួយ​ទប់ស្កាត់​កុំ​ឲ្យ​ភាសា​នេះ​បាត់បង់​បាន​។​

​លោក ឡូ​រ៉ង់ ដែល​រស់នៅក្នុង​ទីក្រុង សែន​មនោ​រម្យ នៃ​ខេត្ត​មណ្ឌល​គី​រី បាន​ថ្លែងថា «​ប្រវត្តិសាស្ត្រ​គឺ​សំខាន់​ណាស់​សម្រាប់​ពួក​ខ្ញុំ ដើម្បី​រក​ព្រលឹង​របស់​ខ្លួនឯង រក​តម្លៃ​របស់​ខ្លួនឯង ជា​អត្តសញ្ញាណ​របស់ខ្លួន​ឯង​ឡើង​វិ​ញ‍​»​។​



​ការស្រាវជ្រាវ​ភាគច្រើន​របស់លោក Vogel ទៅលើ​ភាសា​និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ពូ​នង គឺជា​ការចំណាយ​ផ្ទាល់​របស់លោក​។ នេះ​បើ​យោងតាម​សម្តី​របស់លោក Peter Maguire ដែលជា​ប្រធាន​មូលនិធិ Fainting Robin​។​

​លោក Maguire ដែលជា​អ្នកនិពន្ធ​សៀវភៅ​និង​ជា​ប្រវត្តិវិទូ ហើយក៏​ជា​ស្ថាបនិក​មូលនិធិ​នៅក្នុង​ទីក្រុង Wilmington រដ្ឋ North Carolina ដើម្បី​ជួយ​ដល់​បញ្ញវន្ត​ឯករាជ្យ​មួយ​នេះ បាន​ថ្លែងថា «​វា​គឺជា​គម្រោង​មួយ​ដែល​លោក​បាន​ចំណាយ​ពេលវេលា​ជិត​២០​ឆ្នាំ ដោយ​គ្មាន​ការឧបត្ថម្ភ​ពី​ខាងក្រៅ ឬ​មានការ​ឧបត្ថម្ភ​ពី​ខាងក្រៅ​បន្តិច​ប​ន្តួ​ច‍​តែប៉ុណ្ណោះ​»​។​

​លោក Maguire បាន​ស្គាល់​លោក Vogel អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​លោក​ក៏បាន​ចំណាយ​ពេលវេលា​ខ្លះ​នៅ​ជាមួយ​លោក Vogel ក្នុង​ខេត្ត​មណ្ឌល​គី​រី​ផងដែរ​។ លោក​Maguire បាន​ស្ងើចសរសើរ​ចំពោះ​ការតាំង​ចិត្ត​របស់លោក Vogel ក្នុងការ​សិក្សា​ភាសា​មួយ ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​តិចតួច​ពី​អ្នកស្រាវជ្រាវ​និង​សាស្ត្រាចារ្យ​នៃ​ស្ថាប័ន​នានា​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​។​

​លោក Maguire បាន​និយាយថា ការងារ​របស់លោក Vogel ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត​និង​ភាសាវិទ្យា ដែល​ជួយ​ដល់​បញ្ញវន្ត​ខ្មែរ ដូចជា លោកស្រី គ​ន្ធា និង​លោក សំណព្វ គឺជា​មូលហេតុ​សំខាន់​មួយទៀត ដែល​មូលនិធិ​របស់លោក​សម្រេច​ផ្តល់​រង្វាន់​ដល់​លោក Vogel​។​

​លោក Maguire បាន​លើកឡើងថា «​តាំងពី​ខ្ញុំ​ស្គាល់​គាត់​មក គាត់​បង្រៀន​ភាសាវិទ្យា​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​គាត់​បង្រៀន​ជា​ភាសា​ខ្មែរ​។ គាត់​មិន​បង្រៀន​ជា​ភាសា​អង់គ្លេស​ទេ ហើយ​គាត់​ក៏​មិន​បង្រៀន​ជា​ភាសា​បារាំង​ដែរ​។ គាត់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការរៀន​ភាសា​[​ខ្មែរ​] គាត់​រៀន​បាន​យ៉ាង​ល្អ និង​រៀន​វេយ្យាករណ៍​បាន​យ៉ាង​ត្រឹមត្រូវ ហើយ​រៀន​ចេះ​អាន​និង​ចេះ​សរសេរ​។ នេះ​គឺជា​ការប្តេជ្ញា​ក្នុង​កម្រិត​មួយ​ដែល​បញ្ញវន្ត​តិច​ណាស់​អាច​ធ្វើបាន​»​។​

​ក្រោយពី​មកដល់​ទីក្រុង​ភ្នំពេញ​បាន​បន្តិច លោក Vogel ចាប់ផ្តើម​មានជំនឿថា វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើនជាង​នេះ​សម្រាប់​កូនសិស្ស​ខ្មែរ​របស់លោក ប្រសិនបើ​លោក​បង្រៀន​ភាសាសំស្ក្រឹត​និង​ភាសាវិទ្យា​ដល់​ពួកគេ ជាជាង​បង្រៀន​ភាសា​បារាំង ដោយសារតែ​ទំនាក់ទំនង​ខាង​ប្រ​វ​តិ្ត​សាស្ត្រ​រវាង​ភាសា​ខ្មែរ​និង​ភាសា​ចំណាស់​មួយ​នេះ​។​

​លោក Vogel បាន​និយាយថា «​ខ្ញុំ​ចាប់ផ្តើម​បង្រៀន​សំស្ក្រឹត​ឲ្យ​សិស្ស​ដឹង​អំពី​អំបូរ​ភាសា​ផ្សេង​ពី​អំបូរ​ភាសា​ខ្មែរ​មុ​ន‍​»​។​

​លោក​បាន​ថ្លែងថា មិនមាន​និស្សិត​ខ្មែរ​ច្រើន​ទេ ដែល​ចង់​រៀន​ភាសាសំស្ក្រឹត ប៉ុន្តែ​មាន​ត្រឹមតែ​ម្នាក់​គឺ​គ្រប់គ្រាន់​ហើយ​។​

​លោក​បាន​និយាយថា «​ថ្ងៃក្រោយ​អាច​គេ​រកឃើញ​សិលាចារឹក​សំស្ក្រឹត​ទៀត​។ ដូច្នេះ​បើសិនណា​មាន​អ្នកឯកទេស​ខាង​ភាសាសំស្ក្រឹត​ក្នុងចំណោម​និស្សិត​ខ្មែរ មានន័យថា គេ​អាចធ្វើ​ការរួម​ជាមួយនឹង​អ្នកស្រាវជ្រាវ​អន្តរជាតិ ដែល​រហូត​សព្វថ្ងៃនេះ បកប្រែ​សិលាចារឹក​សំស្ក្រឹត​ដែលជា​របស់​ប្រទេស​កម្ពុ​ជ‍ា​»​។​

​លោក​ចងចាំ​លោកស្រី គ​ន្ធា ថា​ជា​សិស្ស​ពូកែ​ម្នាក់​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០១​។ លោកស្រី​ចាប់អារម្មណ៍​ទៅលើ​ទំនាក់ទំនង​រវាង​ភាសាសំស្ក្រឹត​និង​ប្រទេស​កម្ពុជា និង​ភាសា​ខ្មែរ​។​

​លោក Vogel បាន​រំឭក​ឡើងវិញ​ថា «​ខ្ញុំ​ចង់​ជួយ​គាត់​។ ខ្ញុំ​សម្រេចចិត្តថា​មាន​សិស្ស​ម្នាក់​រវាង​សិស្ស​ច្រើន ដែល​គាត់​ចាប់អារម្មណ៍​ដល់​ភាសាសំស្ក្រឹត មានបំណង​ចង់​រៀន ខំរៀន​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ជួយ​គា​ត‍់​»​។​

​ដើម្បី​ជួយ​ឲ្យ​លោកស្រី​ត្រៀមខ្លួន​សម្រាប់​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅ​បរទេស លោកស្រី គ​ន្ធា បាន​មានប្រសាសន៍ថា លោក Vogel បាន​បង្រៀន​ភាសាសំស្ក្រឹត​ដល់​លោកស្រី​ដោយ​ឥតគិតថ្លៃ​ពេល​ចុង​សប្តាហ៍​នៅតាម​ហាង​កាហ្វេ​នានា​។​

​លោកស្រី​បាន​និយាយថា លោក Vogel បាន​ជួយ​ផ្ចុងផ្តើម​ដល់​ការងារ​លោកស្រី​ឲ្យ​បាន​ដូច​សព្វថ្ងៃនេះ​។​

១៥​ឆ្នាំ​ក្រោយមក លោកស្រី​បានការ​ពារ​និក្ខេប​ទ​របស់លោក​ស្រី​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន​ក្នុងប្រទេស​បារាំង ទៅលើ​ប្រធានបទ «​តួនាទី​ភាសាសំស្ក្រឹត​នៅ​ក្នុងការ​វិវឌ្ឍន៍​ភាសា​ខ្មែរ​៖ ការសិក្សា​លើ​សិលាចារឹក​ពី​សតវត្សរ៍​ទី​៦​ដល់​សតវត្សរ៍​ទី​១៤​​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com